ពលករខ្មែរម្នាក់ ត្រូវសត្វដំរីព្រៃជាន់សម្លាប់ នៅចំការកៅស៊ូខេត្តត្រាត
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ពលករខ្មែរម្នាក់ ត្រូវសត្វដំរីព្រៃជាន់សម្លាប់ នៅចំការកៅស៊ូខេត្តត្រាត

 ពលករខ្មែរម្នាក់ ដែលបម្រើការងារនៅចំការកៅស៊ូ ស្ថិតក្នុងទឹកដីខេត្តត្រាត ប្រទេសថៃ ត្រូវបានសត្វដំរីព្រៃវាយជាន់សម្លាប់ ខណៈដែលជនរងគ្រោះដើរទៅរកទិញស្រាទាំងកណ្ដាលយប់ ។

បើតាមសេចក្តីរាយការណ៍ ពីកម្លាំងស្នាក់ការតំបន់អនុរក្សទី២ នៃឧទ្យានជាតិទឹកធ្លាក់ក្លងកែវ បានបញ្ជាក់ទៅសមត្ថកិច្ចថា នៅវេលាម៉ោង ០១៖៣០ នាទីរំលងអធ្រាត្រ ឈានចូលយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ មានពលករខ្មែរម្នាក់ឈ្មោះ វ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ជាកម្មករបម្រើការក្នុងចំការកៅស៊ូត្រង់ចំណុចខាងលើ បានដើរដោយថ្មើជើង និងមានពាក់ក្បាលកែវបំភ្លឺផ្លូវផងដែរ ដើម្បីគោរពចេញស្រាផឹក ។

សេចក្តីរាយការណ៍បានបន្តថា លុះនៅតាមផ្លូវក៏បានប្រទះឃើញដំរីព្រៃមួយក្បាល ទើបជនរងគ្រោះបិទភ្លើងពិលហើយរត់គេចប៉ុន្តែត្រូវដំរីព្រៃតាមទាន់ និងបោកជាន់សម្លាប់តែម្ដង។ បើទោះបីជាដឹងព័ត៌មាននេះទាំងយប់ក៏ដោយក៏សមត្ថកិច្ចមិនទាន់ហ៊ានចេញទៅត្រួតពិនិត្យនៅឡើយទេ ដោយខ្លាចសត្វដំរីព្រៃមិនទាន់ទៅណាឆ្ងាយ ។

លុះស្អែកឡើងក្នុងថ្ងៃដដែលក្រោយពីទទួលបានព័ត៌មានថាសត្វដំរីព្រៃនោះបានដើរទៅចុងចម្ការកៅស៊ូដែលមានចម្ងាយឆ្ងាយរួចមកទើបនៅវេលាម៉ោង ១២៖៣០នាទីថ្ងៃត្រង់ សមត្ថកិច្ចក៏បានចុះទទួលពិនិត្យដោយសង្កេតឃើញថាសពពលករខ្មែរពិតជាត្រូវបានសត្វដំរីព្រៃជាន់សម្លាប់យ៉ាងពិតប្រាកដ។ សពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារដើម្បីចាត់ចែងតាមផ្លូវច្បាប់ ៕


Post a Comment (0)
Previous Post Next Post