ទូត​ខ្មែរ​នៅបារាំង​រៀបរាប់​ប្រាប់​កិច្ច​ប្រជុំ​ប្រទេស​និយាយ​ភាសា​បារាំងអំពី​ការបំពានរបស់យោធាថៃ​នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ទូត​ខ្មែរ​នៅបារាំង​រៀបរាប់​ប្រាប់​កិច្ច​ប្រជុំ​ប្រទេស​និយាយ​ភាសា​បារាំងអំពី​ការបំពានរបស់យោធាថៃ​នៅក្នុងដែនអធិបតេយ្យភាពកម្ពុជា

 ឯក​អគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​បារាំង បាន​ថ្លែង​ប្រាប់​អន្តរជាតិ​ថា ទោះបី​ជាមានបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រវាង​ថៃនិង​កម្ពុជា​ក៏​ដោយ វា​រឿង​ដែលគួរ​ឲ្យ​សោកស្តាយ ដែល​កងកម្លាំងយោធាថៃនៅតែបន្តបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ រាយបន្លាលួស ដាក់ទូកុងតឺន័រ និងជីកលេណដ្ឋាន នៅក្នុងតំបន់ដែលខ្លួនកាន់កាប់លើទឹកដីអធិបតេយ្យរបស់កម្ពុជា។


ការ​លើក​ឡើង​បែប​នេះ ធ្វើឡើង​ដោយ​លោក​ លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង នៅក្នុងបទអន្តរាគមន៍របស់លោក​ ក្នុងកិច្ចប្រជុំគណៈកម្មការនយោបាយនៃអង្គការប្រទេស​និយាយ​ភាសា​បារាំង (OIF) លើកទី២៥៧ នៅប្រទេសបារាំង កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ AKP។


លោក​ថ្លែង​ថា កិច្ច​ប្រឹងប្រែង​ដោយ​ខុស​ច្បាប់​របស់​ថៃ​ គឺ​ដើម្បី​បង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង និងរារាំងដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់ជនស៊ីវិលទៅផ្ទះសម្បែងរបស់ពួកគេវិញ។ 


លោក​ លុយ ដាវីត ថ្លែង​ថា៖ «ថៃបានបើកការវាយប្រហារ ក្នុងគោលបំណងឈ្លានពានកម្ពុជា ដោយបានប្រើប្រាស់អាវុធធុនធ្ងន់ កាំភ្លើងធំ ដ្រូន និងយន្តហោះចម្បាំង បានបណ្តាលឱ្យមានការបាត់បង់ជីវិតជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន និងធ្វើឱ្យខូចខាតធ្ងន់ធ្ងរដល់ទីតាំងបេតិកភណ្ឌវប្បធម៌សំខាន់ៗ រួមមានប្រាសាទព្រះវិហារដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក ព្រមទាំងប្រាសាទតាក្របី និងតាមាន់ធំ»។ 


លោក​បន្ត​ថា៖ «ប្រាសាទទាំងនេះស្ថិតនៅលើទឹកដីអធិបតេយ្យរបស់កម្ពុជា ដូចដែលបានកំណត់យ៉ាងច្បាស់ក្នុងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ និងផែនទីភ្ជាប់ជាមួយ ដែលជាមូលដ្ឋានច្បាប់ដូចគ្នាដែលតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានយកមកប្រើជាសំអាង ក្នុងសាលក្រមឆ្នាំ១៩៦២ និងឆ្នាំ២០១៣ ពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ»។


លោក​បន្ត​ថា កម្ពុជា​និង​ថៃ​បានឈាន​ដល់​បទ​ឈប់​បាញ់​ជា​ថ្មី​នៅ​ថ្ងៃទី​២៧ ខែធ្នូ ក្នុង​គោលបំណងបញ្ឈប់ការប្រយុទ្ធគ្នា បញ្ឈប់ការចល័តទ័ព និងអនុញ្ញាតឱ្យជនភៀសសឹកអាចវិលត្រឡប់ទៅលំនៅឋានវិញដោយសុវត្ថិភាព និងថ្លៃថ្នូរ។ ​ប៉ុន្តែ​ គួរឱ្យសោកស្តាយ ដែល​យោធាថៃ​បន្ត​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​កិច្ច​ព្រម​ព្រៀង និង​បង្ក​ឲ្យ​មាន​ស្ថានភាពអមនុស្សធម៌បែប​ដែល​មិនអាចទទួលយកបាន។


 


លោក លុយ ដាវីត បាន​បន្ត​ទៀត​ថា កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងដែលបានសម្រេចរវាងប្រទេសទាំងពីរ ព្រម​ទាំង​ស្វាគមន៍​តួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន និងនៅតែបន្តប្តេជ្ញាចិត្តចំពោះការសន្ទនា ការគោរពគ្នាទៅវិញទៅមក និងការគោរពច្បាប់អន្តរជាតិ។ 


លោក​ថ្លែង​ថា៖ «យើងក៏សូមអំពាវនាវឱ្យភាគីថៃគោរពឱ្យបានពេញលេញនូវកាតព្វកិច្ចរបស់ខ្លួន ដកបន្លាលួស និងទូរកុងតឺន័រខុសច្បាប់ចេញទាំងអស់ និងអនុញ្ញាតឱ្យជនភៀសសឹកកម្ពុជាអាចវិលត្រឡប់ដោយសុវត្ថិភាព ទៅកាន់ភូមិឋានរបស់ពួកគេវិញ ស្របតាមកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ យើងក៏សូមអំពាវនាវផងដែរដល់គ្រួសារហ្វ្រង់កូហ្វូនី និងសហគមន៍អន្តរជាតិ ឱ្យតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានការណ៍នេះ និងគាំទ្រដល់ការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។


លោក​​ប្រាប់ទៅ​អង្គ​ប្រជុំ​ថា ព្រំដែនមិនអាចត្រូវបានកំណត់ដោយកម្លាំងឡើយ ហើយ​រាល់ការប៉ុនប៉ងផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនដោយឯកតោភាគី គឺផ្ទុយនឹងច្បាប់អន្តរជាតិ។ 


លោក លុយ ដាវីត៖ «កម្ពុជានឹងបន្តអនុវត្តប្រកបដោយការទទួលខុសត្រូវ និងអត់ធ្មត់ ប៉ុន្តែព្រំដែន អធិបតេយ្យភាព និងកិត្តិយសរបស់ប្រជាជនកម្ពុជា មិនអាចឱ្យមានការរំលោភដោយកម្លាំងបានឡើយ»៕


Post a Comment (0)
Previous Post Next Post