ក្រសួង​ព័ត៌មាន​ត្រៀម​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់អ្នកកាសែត​​និង​ស្នើ​កិច្ច​សហការល្អ​រវាង​​​អាជ្ញាធរ​​និង​​អ្នកកាសែតលើ​ការ​បង្ក្រាប​ការឆបោក
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួង​ព័ត៌មាន​ត្រៀម​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់អ្នកកាសែត​​និង​ស្នើ​កិច្ច​សហការល្អ​រវាង​​​អាជ្ញាធរ​​និង​​អ្នកកាសែតលើ​ការ​បង្ក្រាប​ការឆបោក

 អ្នកកាសែត​ ៣​នាក់ ត្រូវ​បាន​រាយការណ៍​ថា​​ត្រូវ​បាន​ឃាត់​ខ្លួន​ពាក់ព័ន្ធ​នឹងការ​រាយការណ៍​​រឿង​ឆបោក​តាម​អនឡាញ។ ​ក្រសួង​ព័ត៌មាន​ត្រៀម​ផ្ដល់​ជំនួយ​ផ្នែក​ច្បាប់​ដល់ពួក​គេ​ ស្នើ​កិច្ច​សហការរវាង​​​អាជ្ញាធរ​​និង​​អ្នកកាសែត និង​ស្នើ​អ្នក​កាសែត​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ។


នៅ​ក្នុង​ខែ​កុម្ភៈ​នេះ មាន​ករណី​ឃាត់​ខ្លួន​អ្នក​សារព័ត៌មាន​ចំនួន ៣ នាក់ ដែល​ម្នាក់​នៅ​ខេត្ត​បន្ទាយ​មានជ័យ និង ​២នាក់​នៅ​ខេត្ត​តាកែវ ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វផ្សាយ​រឿង​ឆបោក​តាម​អនឡាញ ដែល​អាជ្ញាធរ​​មើល​ឃើញ​ថា​ជា​ការ​ចោទ​ប្រកាន់​ខុស​ពី​ការ​ពិត និងជា​ការ​​ញុះញង់។


ករណី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ គឺ​អ្នកកាសែត​ឈ្មោះ ហែម វណ្ណា ចាងហ្វាងកាសែត HVNN TV Online ដែល​ត្រូវសាលាដំបូងខេត្តបន្ទាយមានជ័យ​ ចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា៤៩៥ និងបទ «ស្តាប់ឬថតពាក្យសម្តីឯកជន» តាមមាត្រា៣០១ នៃក្រមព្រហ្មទណ្ឌ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦។​ ការចោទ​និង​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​មួយ​ថ្ងៃបន្ទាប់​ពី​លោក​រាយការណ៍​ថា​មាន​អំពើ​ហិង្សា​លើ​ជន​បរទេស​នៅ​​ក្នុងអគារបិទខ្ទប់មួយកន្លែង ដែលសង្ស័យថាជាកន្លែងបង្ខំមនុស្សឱ្យធ្វើការឆបោកតាមប្រព័ន្ធអនឡាញ។ នេះបើ​តាម​សមាគម​អាដហុក។


ចំណែក​ករណី​នៅ​ខេត្ត​តាកែវ អ្នកសារព័ត៌មាន ២នាក់​ គឺ​លោក ព្រំ សុផៃ និពន្ធនាយករងកោះសន្តិភា និង​លោក ស៊ាង ប៊ុនសុង ចាងហ្វាង Sunday News ត្រូវ​បាន​រាយការណ៍​ថា ត្រូវ​​នគរ​បាល​ឃាត់​ខ្លួន​នៅ​ថ្ងៃទី១២ ខែកុម្ភៈ ដោយសារពួកគេផ្សាយព័ត៌មានថា ខេត្ត​តាកែវ​មានទីតាំងឆបោក​តាម​អនឡាញ ហើយ​ថា អភិបាលស្រុកបាទី និងអធិការនគរបាលស្រុកបាទី យកលុយ ៥ពាន់ដុល្លារ ពី​ក្រុម​ឆបោក​។ ​អាជ្ញាធរ​ចាត់​ទុក​​ការ​ចោទ​ប្រកាន់​បែប​នេះ​ថា​​ជា​រឿង​មិនពិត។


យ៉ាង​ណា​ក៏​ដោយ មិនទាន់​មាន​ព័ត៌មាន​អំពី​ការ​វិវត្ត​នៃ​ករណី​របស់​ពួក​គេ​នៅ​ឡើយ។


លោក វ៉ី សំណាង អភិបាល​ខេត្ត​តាកែវ បានប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អ្នក​សារព័ត៌មាន​ទាំង​ពីរ​នាក់​ ​​បាន​ចោទ​ថា ខេត្ត​តាកែវ​នៅ​មាន​វត្តមាន​ក្រុម​ឆបោក​តាម​អនឡាញ ដែល​​​តាមពិត​ ខេត្ត​នេះ​​លែង​មាន​ក្រុម​ជនល្មើស​នេះ​តាំ​ពី​ឆ្នាំ​មុន​មក​ម្លេះ។ យ៉ាង​ណា​ក៏​ដោយ​​លោក​ថា មាន​អគារជាច្រើន​នៃ​ក្រុមហ៊ុន​​​ សុភក្តិមិត្ត​រ៉េស៊ីដិន ឯ.ក នៅ​ស្រុក​បាទី ដែល​ធ្លាប់​មាន​ក្រុម​ឆបោក​តាម​អនឡាញកាល​ពី​មុន ​ត្រូវ​បាន​រក្សា​ទុក​​ដើម្បី​ដាក់​​​ក្រុម​ដែល​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​ឆបោក​ជា​បណ្ដោះ​អាសន្ន រង់ចាំ​ការ​អនុវត្ត​នីតិវិធី ឬ​បណ្ដេញចេញ។


លោក​ថ្លែង​ដូច្នេះ​ថា៖ «គាត់​ផ្សាយ​ថា​នៅ​ខេត្ត​តាកែវ មាន​កន្លែង​​ online scam ហើយ​ត្រូវ​បាន​លាក់​បាំង​ដោយ​អាជ្ញាធរ ជាពិសេស​ចោទ​ទៅ​លើ​អធិការ​ស្រុក​បាទី និង​ចៅហ្វាយ​ស្រុក​ថា យក​លុយ​គេ​ ៥ពាន់​ដុល្លារ។ តំបន់​ហ្នឹង គ្រាន់តែ​រក​ឃើញ​បទ​ល្មើស​ភ្លាម រាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​ណែនាំ ហើយ​យើង​បាន​ចុះ​ទៅបិទ​ទីតាំង​នោះ​​តាំង​ពី​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ២០២៥ មក​ម្លេះ។ ហើយ​អគារ​ទាំង​អស់​នោះ ប្រមុខ​រាជរដ្ឋាភិបាល​សម្រេច​ទុក​ជា​អគារ​សម្រាប់​ដាក់​ជន​ល្មើស​ទាំង​ឡាយ​ដែល​ត្រូវ​បណ្ដេញ​ចេញ»។


លោក​ពន្យល់​ថា ការ​បង្ក្រាប​បទ​ល្មើស​អនឡាញ មាន​ពាក់​ព័ន្ធ​នឹង​ជន​ល្មើស​ជា​ជន​បរទេស​ជា​ច្រើន ដោយ​ ខ្លះ​មាន​ឯកសារ ខ្លះ​ទៀត​មិន​មាន​ឯកសារ។ ហេតុ​ដូច្នេះ អាជ្ញាធរ​ត្រូវ​ធ្វើ​ការ​ជាមួយ​ស្ថានទូត​នៃ​ប្រទេស​របស់​ជន​ពាក់​ព័ន្ធ ហើយ​វា​ត្រូវ​ការ​ពេល​វេលាច្រើន​​សម្រាប់​​ស្ថានទូត​ខ្លះ​ក្នុង​ការ​ផ្ដល់​ឯកសារ​ដល់​ពល​រដ្ឋ​របស់​ខ្លួន។ ភាព​យឺតយ៉ាវ និង​ចំនួន​ជន​បរទេស​ពាក់​ព័ន្ធ​ច្រើន​នេះ ត្រូវ​ឲ្យ​រដ្ឋាភិបាល​ប្រើប្រាស់​អគារ​​ក្រុមហ៊ុន​ ​សុភក្តិមិត្ត​រ៉េស៊ីដិន ឯ.ក ទាំង​១៣ នៅ​ស្រុក​បាទី ដើម្បី​ដាក់​ជា​​បណ្ដោះ​អាសន្ន​នៃ​ជន​ពាក់​ព័ន្ធ​ ដោយ​អ្នក​ខ្លះ​ត្រូវ​បាន​បញ្ជូន​​ពី​ខេត្ត​ផ្សេងទៀត​ រង់ចាំ​ការ​បណ្ដេញ​ចេញ។


យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោកអភិបាល​ខេត្ត អគារ​ទាំង​អស់​មិន​ទាន់​ត្រូវ​បាន​ប្រើប្រាស់​​ជា​កន្លែង​ដាក់​ក្រុម​ឆបោក​​នៅឡើយ​ទេ ដោយ​អាជ្ញាធរ​កំពុង​រៀបចំ​ដាក់​របា​ការពារ​កុំ​ឲ្យ​ជន​ដែល​នឹង​ត្រូវ​យក​មក​ដាក់​ទីនេះ​ប្រព្រឹត្ត​បទល្មើស​ផ្សេងៗ ដូចជា​ការ​អត្តឃាត​ជា​ដើម។


លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបាន​ថ្លែង​នៅ​ថ្ងៃទី១៣ ខែកុម្ភៈ នេះថា ក្រសួងព័ត៌មានបានតាមដានយ៉ាងជាប់លាប់លើករណីពាក់ព័ន្ធនឹងអ្នកសារព័ត៌មាននៅខេត្តបន្ទាយមានជ័យ និង​ខេត្ត​តាកែវ ហើយបានសហការជាមួយអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីទទួលព័ត៌មានបន្ថែមជុំវិញករណី​ទាំង​នេះ។ លោក​ថា ករណី​ទាំង​នេះ​ចាំបាច់ត្រូវ​មាន​ការ​ពិនិត្យ ស្វែងយល់បន្ថែមអំពីអង្គហេតុ និងអង្គច្បាប់ពាក់ព័ន្ធនឹងករណីនីមួយៗ។


លោក​បន្ត​ថា៖ «ក្រសួងព័ត៌មានត្រៀមខ្លួនក្នុងការផ្តល់ការគាំទ្រផ្នែកច្បាប់ ដោយអាចពិនិត្យសំណើមកក្រសួងដើម្បីក្រសួងចូលរួមផ្តល់ការគាំទ្រផ្នែកច្បាប់លើសំណុំរឿង អាចរាប់ទាំងការគាំទ្រក្នុងដំណើរការនីតិវិធីតុលាការ»។


លោក​បន្ត​ទៀត​ថា នៅ​ពេល​ទទួល​បាន​សំណើ​សុំ​ពី​អ្នក​សារព័ត៌មាន​ ក្រសួងនឹងពិនិត្យមើលលើលក្ខខណ្ឌ ទាំងការអនុវត្តការងារដោយប្រតិបត្តិក្នុងក្របខណ្ឌច្បាប់កំណត់ និងដោយក្រមសីលធម៌ ស្របតាមធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ក្នុងចំណោមលក្ខខណ្ឌត្រូវពិនិត្យ។ 


ពាក់​ព័ន្ធ​នឹង​ការ​បង្ក្រាប​អំពើ​​ឆបោក​តាម​អនឡាញ លោក​ អស្នារិទ្ធ ថ្លែង​ថា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត បាន​និង​កំពុង​បន្តធ្វើយ៉ាងសកម្ម ដោយ​មាន​ការទទួលស្គាល់ពីបណ្តាប្រទេស និងដៃគូអន្តរជាតិ និង​ការចូលរួមពីសារព័ត៌មាន ក្នុងការផ្សាយព័ត៌មានដោយមានមូលដ្ឋានព័ត៌មានត្រឹមត្រូវ មានប្រភពព័ត៌មានច្បាស់លាស់ ពិតប្រាកដអាចទុកចិត្តបាន។


ការ​ផ្សព្វផ្សាយ​ដោយ​មាន​ប្រភព​ច្បាស់​លាស់​ និង​ដោយក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គួរ​ត្រូវបានលើកទឹកចិត្ត។ កន្លង​ទៅ​ មាន​ករណីឆបោក​​ខ្លះ​ សមត្ថកិច្ចក៏បានទទួលព័ត៌មាន ហើយ​បាន​ចាត់​វិធានការ​បង្ក្រាប​ឆ្លើយ​តបទៅនឹង​ព័ត៌មាន​ដែល​ទទួល​បាន។ នេះជា​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន។


លោក ទេព អស្នារិទ្ធ បន្ត​ថា៖ «ខ្ញុំសូមស្នើដល់អាជ្ញាធរពាក់ព័ន្ធ សូមមេត្តាផ្តល់អាទិភាពដល់ការធានាតម្លាភាព និងយុត្តិធម៌ ស្របតាមច្បាប់កំណត់ ដោយធានាថា អង្គហេតុ និងអង្គច្បាប់ ក៏ដូចជាព័ត៌មានពាក់ព័ន្ធ និងការស្រាវជ្រាវ ត្រូវបានដាក់បញ្ចូលក្នុងដំណើរការនៃសំណុំរឿង សម្រាប់ការពិនិត្យ និងពិចារណាគ្រប់ជ្រុងជ្រោយ»។ 


លោក​ក៏បានក្រើនរំលឹកដល់អ្នកសារព័ត៌មានឱ្យពង្រឹងការប្រតិបត្តិក្រមសីលធម៌ក្នុងការអនុវត្តការងាររបស់ខ្លួន និង​ផ្តល់កិច្ចសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរអនុវត្តច្បាប់ ដើម្បីផ្តល់ព័ត៌មាន ដែលខ្លួនទទួលបានដល់សមត្ថកិច្ច ដើម្បី​ឲ្យ​ពួក​គេ​អនុវត្តនីតិវិធីទៅ​តាម​ជំនាញ​របស់ខ្លួន។


លោក​ថា៖ «ទាំងនេះគឺ ដើម្បីធានាសុវត្ថិភាពដល់អ្នកសារព័ត៌មានសម្រាប់ការអនុវត្តសកម្មភាពក្នុងវិជ្ជាជីវៈរបស់ខ្លួន និងការចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះជាមួយរាជរដ្ឋាភិបាល»៕


Post a Comment (0)
Previous Post Next Post