ប្រាក់ចំណូលពន្ធគយក្នុងឆ្នាំ២០២៥ បានកើនឡើង ២១% បើធៀបនឹងឆ្នាំ២០២៤ ដែលកំណើននេះត្រូវបានអះអាងថា ដោយសារមានកំណើនខ្ពស់នៃការនាំចូលវត្ថុសំខាន់ៗ ជាពិសេសក្រុមទំនិញយានយន្ត គ្រឿងចក្រ និងក្រុមទំនិញចម្រុះ។ នេះបើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។
សេចក្តីប្រកាសព័ត៌មានរបស់ GDCE បង្ហាញថា ក្នុងឆ្នាំ២០២៥ ការប្រមូលចំណូលពន្ធនិងអាករសម្រេចបាន ១២ ៧៦០,៥ ប៊ី(ពាន់)លានរៀល(ស្មើនឹង ៣ ១៨១,៣ លានដុល្លារ) កើនឡើងប្រមាណ ២១% បើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៤ និងត្រូវជាប្រមាណ ១២៤,៥% នៃផែនការកំណត់ដោយច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។
GDCE បានអះអាងថា៖«កត្តាសំខាន់ដែលចូលរួមដល់កំណើននៃចំណូលប្រមូលបានក្នុងឆ្នាំ២០២៥ គឺការកើនឡើងនៃការនាំចូលក្រុមទំនិញយានយន្ត និងគ្រឿងចក្រដែលជាចំណូលមានកំណើន ៤៤% និងក្រុមទំនិញចម្រុះដែលជាចំណូលមានកំណើន ១៦%»។
យោងតាម GDCE បើគិតជាសមាសភាគចំណូលតាមប្រភេទពន្ធនិងអាករធៀបនឹងចំណូលសរុប គឺអាករលើតម្លៃបន្ថែម(VAT) មានប្រមាណ ៤០,៥%, អាករពិសេស ៣៥,៥%, ពន្ធគយ ១៥,៧%, អាករបន្ថែមលើផលិតផលប្រេងកាត ៣,៦%, និងអាករនាំចេញ និងកម្រៃផ្សេងៗមានប្រមាណ ៤,៨%។ ចំពោះសមាសភាគនៃចំណូលតាមក្រុមទំនិញធៀបនឹងចំណូលសរុប គឺក្រុមទំនិញយានយន្ត និងគ្រឿងចក្រមានប្រមាណ ៣៦,៨%, ក្រុមទំនិញចម្រុះមាន ៣២,៦%, ប្រេងឥន្ធនៈនិងថាមពល ២២,៧%, និងសម្ភារសំណង់និងកម្រៃផ្សេងៗមានប្រមាណ ៧,៩%។
ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករកម្ពុជា ប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី១២ ខែកុម្ភៈ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន GDCE បានឱ្យដឹងថា៖«កត្តាសំខាន់ដែលចូលរួមដល់កំណើននៃចំណូលប្រមូលបានក្នុងឆ្នាំ២០២៥ គឺការកើនឡើងនៃការនាំចូលក្រុមទំនិញយានយន្ត និងគ្រឿងចក្រ ដែលជាចំណូលមានកំណើន ៤៤% និងក្រុមទំនិញចម្រុះដែលជាចំណូលមានកំណើន ១៦%»។
លោកបានបន្ថែមថា ទន្ទឹមនឹងភាពវិជ្ជមាននៃចំណូលដែលសម្រេចបានខាងលើ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេចបាននូវវឌ្ឍនភាពល្អប្រសើរលើការងារសំខាន់ៗផ្សេងទៀត ដូចជា ១. ការធ្វើឌីជីថលភាវូបនីយកម្មនីតិវិធី, ២. ការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្មដល់ធុរជនមានអនុលោមភាពខ្ពស់, ៣. ការពង្រឹងការងារបច្ចេកទេសគយ, ៤. ការងារបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ និងការអនុវត្តច្បាប់, ៥. កិច្ចសហការជាមួយផ្នែកឯកជន និងស្ថាប័នពាក់ព័ន្ធ, ៦. ការងារសវនកម្មនិងការគ្រប់គ្រងហានិភ័យ, ៧. កិច្ចសហប្រតិបត្តិការអន្តរជាតិលើការងារគយ, ៨. ការចូលរួមកសាងច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ, និង ៩. ការអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន, ជាដើម។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដែលចូលរួមក្នុងកិច្ចប្រជុំខាងលើ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគយនិងរដ្ឋាករគ្រប់ជាន់ថ្នាក់ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរលើការប្រមូលចំណូល និងលើការដ្ឋានការងារផ្សេងទៀតរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ទោះបីជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដូចជា ការបិទព្រំដែនគោករវាងកម្ពុជា-ថៃចាប់តាំងពីពាក់កណ្ដាលឆ្នាំ២០២៥, ភាពមិនប្រាកដប្រជាដ៏ស្រួចស្រាវនៃស្ថានភាពភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រសេដ្ឋកិច្ចជាសកល, ការប្រកាសដាក់ពន្ធបដិការដោយសហរដ្ឋអាមេរិកកាលពីដើមត្រីមាសទី២ ឆ្នាំ២០២៥, ការបន្តអូសបន្លាយនូវសង្គ្រាមរុស្សី-អ៊ុយក្រែន និងភាពតានតឹងនៃភូមិសាស្ត្រនយោបាយនានា ជាដើម។
ដើម្បីបង្កើនប្រសិទ្ធភាពប្រមូលចំណូល និងការងារផ្សេងទៀត លោក ព័ន្ធមុនីរ័ត្ន បានផ្ដល់ការណែនាំសំខាន់ៗសម្រាប់អនុវត្តក្នុងឆ្នាំ២០២៦ ដែលរួមមាន ការយកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងនឹងអំពើរត់គេចពន្ធ និងការនាំចូល ទំនិញហាមឃាត់នានា, ការពង្រឹងអនុលោមភាពពាក់ព័ន្ធវិធានដើមកំណើតចំពោះផលិតផលនាំចេញ, ការបន្តជំរុញធ្វើបរិវត្តកម្មឌីជីថលក្នុងកិច្ចប្រតិបត្តិការគយ ដោយកំណត់ចក្ខុវិស័យឱ្យរដ្ឋបាលគយកម្ពុជាអនុវត្តដោយពេញលេញនូវប្រព័ន្ធស្វ័យប្រវត្តិកម្មនាពេលខាងមុខ, ការបង្កើនចំនួនក្រុមហ៊ុនជាសមាជិកប្រតិបត្តិករសេដ្ឋកិច្ចបានទទួលការអនុញ្ញាត (AEO), ការបន្តយកចិត្តទុកដាក់អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ពិសេសវិធានការពាក់ព័ន្ធនឹងកិច្ចសម្រួលពាណិជ្ជកម្ម និងកែលម្អបរិយាកាសវិនិយោគ, ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តយន្តការលើកទឹកចិត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIPs), និងការពង្រឹងប្រសិទ្ធភាពការងារ និងលើកកម្ពស់អភិបាលកិច្ច ជាដើម។
ឯកសារថវិកាសង្ខេប ឆ្នាំ២០២៦ (Budget in Brief Fiscal year 202៦) ឱ្យដឹងថា ក្នុងឆ្នាំ២០២៦ នេះរាជរដ្ឋាភិបាលកម្ពុជាត្រូវប្រមូលចំណូលចូលថវិកាជាតិឱ្យស្មើនឹង ៣២ ៧៤៧ ប៊ីលានរៀល(ប្រហែល ៨,១៨ ពាន់លានដុល្លារ) ក្នុងនោះចំណូលពន្ធនិងអាករគយ មានចំនួន ១២ ០៤៩ ប៊ីលានរៀល(៣,០១ ពាន់លានដុល្លារ)៕

