ភ្នំពេញ: មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានជំរុញឱ្យយុវវ័យ និងប្រជាពលរដ្ឋទូទៅ កុំស្ទាក់ស្ទើរក្នុងការប្រើប្រាស់ស្រោមអនាម័យ ដោយលើកឡើងថា កម្ពុជាកំពុងដាក់ចេញគោលដៅអនុវត្ត “ស្រោមអនាម័យ ១០០%” ដើម្បីកាត់បន្ថយការឆ្លងថ្មីមេរោគអេដស៍មកក្រោម ២០០ ករណីក្នុងមួយឆ្នាំ ខណៈបច្ចុប្បន្ននៅមានជាង ១,២០០ ករណីក្នុងមួយឆ្នាំ ឬប្រមាណជាង ៣ នាក់ក្នុងមួយថ្ងៃ។
ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសទិវាស្រោមអនាម័យអន្តរជាតិ ស្របជាមួយទិវានៃក្តីស្រឡាញ់ ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្សារទំនើប ខេម៉ល ផ្លូវវេងស្រេង រាជធានីភ្នំពេញ។
លោក ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា: “ទោះបីកម្ពុជាបានសម្រេចបានលទ្ធផលវិជ្ជមានជាច្រើនក្នុងការឆ្លើយតបនឹងមេរោគអេដស៍កន្លងមក ក៏ដោយ ប៉ុន្តែមេរោគនេះនៅតែជាហានិភ័យដែលមិនអាចមើលរំលងបាន។ បច្ចុប្បន្នមានអ្នកឆ្លងថ្មីប្រមាណ ១,២០០ នាក់ក្នុងមួយឆ្នាំ ដែលជាចំនួនខ្ពស់គួរឱ្យព្រួយបារម្ភ”។
លោកបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញផែនការឆ្លើយតបស្របតាមស្ថានភាពជាក់ស្តែង ដោយជំរុញការអនុវត្តស្រោមអនាម័យឱ្យបាន ១០០% ក្នុងគោលបំណងទប់ស្កាត់ការឆ្លងថ្មីឱ្យបានតិចជាងម្នាក់ក្នុងមួយថ្ងៃ ឬក្នុងរង្វង់ ២០០ នាក់ក្នុងមួយឆ្នាំ។
លោកសាស្ត្រាចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បានលើកឡើងថា ទិវាស្រោមអនាម័យអន្តរជាតិនេះ គឺជាការរំឭកថា មេរោគអេដស៍នៅតែជាបញ្ហាសុខាភិបាលសាធារណៈដ៏សំខាន់មួយ។
លោកបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យគឺជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការការពារការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ។
ចំណែកលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យមានសារៈសំខាន់មិនត្រឹមតែទប់ស្កាត់មេរោគអេដស៍ និងជំងឺកាមរោគប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចការពារការមានផ្ទៃពោះមិនបានគ្រោងទុក ដែលជាបញ្ហាប្រឈមមួយក្នុងចំណោមយុវវ័យផងដែរ។
លោកវេជ្ជបណ្ឌិត ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស AHF កម្ពុជា បានឱ្យដឹងថា ទិវានេះត្រូវបានរៀបចំឡើងក្នុង ៤៧ ប្រទេសជុំវិញពិភពលោក ដើម្បីលើកកម្ពស់ការយល់ដឹងអំពីអត្ថប្រយោជន៍នៃស្រោមអនាម័យ និងជំរុញឱ្យវាអាចរកបានដោយឥតគិតថ្លៃ ឬមានតម្លៃសមរម្យសម្រាប់អ្នកដែលត្រូវការជាចាំបាច់។
លោកបានព្រមានថា: “ការកើនឡើងនៃអត្រាជំងឺកាមរោគនៅទូទាំងពិភពលោក ជាពិសេសជំងឺស្វាយ កំពុងបង្ហាញពីផលប៉ះពាល់នៃការថយចុះមូលនិធិ និងការមិនផ្តល់អាទិភាពលើការបង្ការ។ ប្រសិនបើគ្មានវិធានការបន្ទាន់ទេ ការឆ្លងមេរោគអេដស៍អាចកើនឡើងវិញក្នុងពេលឆាប់ៗនេះ”។
សារសំខាន់ពីព្រឹត្តិការណ៍នេះគឺច្បាស់លាស់៖ ក្នុងពេលដែលកម្ពុជាកំពុងបន្តខិតខំឆ្ពោះទៅរកការបញ្ចប់ជំងឺអេដស៍ជាបញ្ហាសុខាភិបាលសាធារណៈ ការចូលរួមយ៉ាងសកម្មរបស់យុវវ័យ និងសង្គមទាំងមូលក្នុងការប្រើប្រាស់ស្រោមអនាម័យ គឺជាគន្លឹះសំខាន់ក្នុងការកាត់បន្ថយការឆ្លងថ្មី និងការពារជីវិតមនុស្សរាប់ពាន់នាក់នៅថ្ងៃអនាគត៕


