ខណៈភ្លើងឆេះព្រៃអស់ជាង២ពាន់ហិកតានៅប្រទេសថៃនោះ បញ្ហាខ្យល់កម្ពុជាមិនមែនជាកត្តាបំពុលខ្យល់ នៅទីក្រុងបាងកកឡើយ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ខណៈភ្លើងឆេះព្រៃអស់ជាង២ពាន់ហិកតានៅប្រទេសថៃនោះ បញ្ហាខ្យល់កម្ពុជាមិនមែនជាកត្តាបំពុលខ្យល់ នៅទីក្រុងបាងកកឡើយ

 ភ្នំពេញៈ ទិសដៅខ្យល់បច្ចុប្បន្នបង្ហាញថា អ័ព្ទផ្សែងពីកម្ពុជា មិនមែនជាមូលហេតុសំខាន់នៃបញ្ហាបំពុលខ្យល់នៅទីក្រុងបាងកកឡើយ ខណៈដែលមានការណីភ្លើងឆេះព្រៃជាង២ពាន់ហិកតា​ នៅក្នុងខេត្តនគររាជសីមា ប្រទេសថៃនោះ។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត។

លោករដ្ឋមន្រ្តីបានពន្យល់នៅក្នុងបទចារណកថា កាលពីថ្ងៃសុក្រ ទី១៣ ខែកុម្ភៈនេះថា ការវាយតម្លៃផ្នែកបច្ចេកទេសលើលក្ខខណ្ឌអាកាសធាតុបច្ចុប្បន្នបានបង្ហាញថា ក្រោមឥទ្ធិពលនៃរបបខ្យល់មូសុងប្រាំង ដែលមានទិសដៅខ្យល់បក់ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង, អ័ព្ទផ្សែងដែលមានប្រភពចេញពីប្រទេសកម្ពុជាមិនសូវមានលទ្ធភាពក្នុងការបង្កផលប៉ះពាល់ដល់គុណភាពខ្យល់នៅទីក្រុងបាងកកនោះទេ។

យោងតាមគោលការណ៍ឧតុនិយម ក្នុងអំឡុងរដូវប្រាំង តំបន់អាស៊ីអាគ្នេយ៍ទទួលរងឥទ្ធិពលពីរបបខ្យល់មូសុងប្រាំង ដែលជាទូទៅខ្យល់បក់ពីទិសខាងជើង ឬឦសាន ឆ្ពោះទៅទិសខាងត្បូង ឬនិរតី។ ក្រោមលក្ខខណ្ឌនេះ ម៉ាសខ្យល់មានទិសដៅផ្លាស់ទីឆ្ងាយពីតំបន់កណ្ដាលនៃប្រទេសថៃ ជាជាងផ្លាស់ទីពីតំបន់ភាគអាគ្នេយ៍ ឆ្ពោះទៅទីក្រុងបាងកក។ ដូច្នេះ ការលើកឡើងថាផ្សែងបក់ពីតំបន់ភាគអាគ្នេយ៍ (កម្ពុជា) ឆ្ពោះទៅកាន់ទីក្រុងបាងកក គឺមិនស្របទៅនឹងទិសដៅខ្យល់បច្ចុប្បន្នឡើយ។

អ្នកជំនាញបានពន្យល់ថា ការសាយភាយនៃភាគល្អិត PM2.5 ឆ្លងដែន អាស្រ័យទៅលើកត្តាសំខាន់ៗដូចជា ទិសដៅនិងល្បឿនខ្យល់ ស្ថិរភាពបរិយាកាស និងលក្ខណៈភូមិសាស្ត្រ។ នៅពេលដែលទិសដៅខ្យល់មិនស្របគ្នា លទ្ធភាពនៃការសាយភាយការបំពុលពីតំបន់មួយទៅតំបន់មួយទៀតគឺទាប។ ការវិភាគបង្ហាញថា អ័ព្ទផ្សែងដែលកើតមាននៅកម្ពុជា មាននិន្នាការសាយភាយក្នុងតំបន់ជិតខាង ឬឆ្ពោះទៅទិសខាងត្បូង ច្រើនជាងការបក់បញ្ច្រាសទិសទៅភាគពាយ័ព្យដែលជាទីតាំងរបស់ទីក្រុងបាងកក។




អ្នកជំនាញបានលើកឡើងថា អ័ព្ទផ្សែងឆ្លងដែន គឺជាបាតុភូតដែលអាចកើតមានបាននៅតំបន់អាស៊ីអាគ្នេយ៍ ក្រោមលក្ខខណ្ឌអាកាសធាតុខុសៗគ្នា ជាពិសេសនៅពេលមានការផ្លាស់ប្តូរទិសដៅខ្យល់។ ដូច្នេះ ការតាមដានបន្តអំពីទិសដៅខ្យល់ សកម្មភាពចំណុចក្តៅ និងលក្ខខណ្ឌបរិយាកាស នៅតែមានសារៈសំខាន់ សម្រាប់ការវាយតម្លៃប្រភពបំពុលឱ្យបានត្រឹមត្រូវ។

ក្រសួងបានឱ្យដឹងថា កាលពីម៉ោងប្រមាណជា ៨ យប់ ថ្ងៃទី ១២ កុម្ភៈ ២០២៦នេះ មានករណីភ្លើងឆេះព្រៃនៅស្ថានីយស្រាវជ្រាវបរិស្ថានសាកេតរ៉ាត ស្ថិតនៅឃុំភូហ្លួង ស្រុកប៉ាក់ចុង ខេត្តនគររាជសីមា ប្រទេសថៃ ដែលបានបំផ្លាញបំផ្លាញព្រៃឈើប្រហែលជា ២ ៤០០ ហិកតា និងបង្កឱ្យមានផ្សែងគ្របដណ្តប់លើតំបន់ប្រវែង ៦គីឡូម៉ែត្រ៕

Post a Comment (0)
Previous Post Next Post