ថៃ​បន្ត​ធ្វើ​សក​ម្មភាព​ខុស​ច្បាប់​លើ​ទឹកដីកម្ពុជា​ដែល​ខ្លួនកាន់កាប់ដោយ​ខុស​ច្បាប់​នៅ​ច្រក​អូរស្មាច់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ថៃ​បន្ត​ធ្វើ​សក​ម្មភាព​ខុស​ច្បាប់​លើ​ទឹកដីកម្ពុជា​ដែល​ខ្លួនកាន់កាប់ដោយ​ខុស​ច្បាប់​នៅ​ច្រក​អូរស្មាច់

 ក្រោយបានកាន់កាប់ផ្នែកខ្លះនៃ​ទឹកដីកម្ពុជាដោយខុសច្បាប់ ថៃកំពុងបង្វែរស្ថានការណ៍ដោយទាញចំណាប់អារម្មណ៍អន្តរជាតិឲ្យងាកត្រឡប់ទៅលើការប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់នៅលើទឹកដីអធិបតេយ្យរបស់កម្ពុជាវិញ ដូចដែលពួកគេបានអះអាងពីមុននិងយកធ្វើជាលេសឈ្លានពានកម្ពុជា។


សកម្មភាពចុងក្រោយរបស់ពួក​គេ គឺ​តាម​រយៈ​ដឹក​នាំ​មន្ត្រីស៊ើប​អង្កេត​អាមេរិក​ FBI និងអនុព័ន្ធយោធា​បរទេស​​ពីប្រទេស​ចំនួន​ ២០ ទៅ​មើល​​សណ្ឋាគារ​ដែល​ពួក​គេ​ចោទ​ថា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​មួយ​នៅ​តំបន់​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ​ កាលពី​ថ្ងៃទី២ ខែ​​កុម្ភៈ​ម្សិល​មិញ។ មួយ​ផ្នែកនៃ​តំបន់​អូរស្មាច់​ ​បច្ចុប្បន្ន​ស្ថិតក្រោម​ការ​កាន់កាប់​របស់​យោធា​ថៃ​ដោយ​ខុសច្បាប់ បន្ទាប់ពី​ការវាយប្រហារ​សង្គ្រុប​​នៅ​ម៉ោង​ចុងក្រោយ​មុន​បទ​ឈប់​បាញ់​នាពេលថ្ងៃត្រង់​នៅ​ថ្ងៃទី ២៧ ខែធ្នូ​។


ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ The Nation បាន​រាយការណ៍​ថា ដំណើរ​ទស្សនកិច្ច​នេះ​ត្រូវបាន​ដឹកនាំ​ដោយ​លោក Teeranan Nandhakwang អគ្គនាយក​នាយកដ្ឋាន​ស៊ើបការណ៍​កងទ័ព​ភូមិន្ទ​ថៃ​។ ខណៈពេលដែល The Nation បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​នេះ​គឺ​ទៅកាន់​ច្រក​ទ្វារ​ព្រំដែន​ជាំ (Chong Chom) ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ផ្សេងទៀត​គឺ Thai Enquirer បាន​ទទួល​ស្គាល់​​ថា ដំណើរ​ទស្សនកិច្ច​នេះ​បាន​ធ្វើឡើង​ទៅកាន់​អគារ​កាស៊ីណូ Royal Hill ក្នុង​អូរស្មាច់ ខេត្ត​ឧត្តរមានជ័យ របស់​​កម្ពុជា​។


ទោះជា​យ៉ាងណា​ក៏ដោយ លោក ធីTeeranan Nandhakwang បាន​ទទួលស្គាល់ថា កងទ័ព​ថៃ​គ្រប់គ្រង​ទឹកដី​កម្ពុជាប្រហែល ១០០ រ៉ៃ (១៦០,០០០ ម៉ែត្រការ៉េ) នៅតំបន់នេះ។


លោក Teeranan Nandhakwang បានប្រកាសថា ការគ្រប់គ្រងតំបន់នេះ​​នា​ពេល​អានគត​នឹងត្រូវ​ចរចា​តាមរយៈ​យន្តការ​ទ្វេភាគី រួមទាំង JBC និង GBC ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា កងកម្លាំង​ថៃ​នឹង​រារាំង​​ភាគី​កម្ពុជា​មិន​ឲ្យ​ចូល​ទៅតំបន់​នេះ​ទេ ហើយ​ភាពមិនច្បាស់លាស់​នេះ​​នឹង​បន្ត​រហូតដល់រដ្ឋាភិបាលថៃថ្មីត្រូវបានបង្កើតឡើង។


មន្ត្រីជាន់ខ្ពស់កម្ពុជា​​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា តំបន់​នេះ​គឺជា​ទឹកដី​កម្ពុជា មិនមែនជា​ផ្នែក​មួយ​នៃ​ស្រុក​កាប់​ជើង (Kap Choeng) ក្នុង​ខេត្ត​សុរិន្ទ​របស់​ថៃ​ដូច​ដែល The Nation បាន​អះអាង​នោះទេ​។ មន្ត្រី​រូបនេះ​បាន​បញ្ជាក់ថា បន្ទាប់ពី​គ្រប់គ្រង​តំបន់​នេះ​ដោយ​ខុសច្បាប់​ក្រោយ​បទ​ឈប់​បាញ់ កងទ័ព​ថៃ​កំពុង​អនុវត្ត​គោលការណ៍ fait accompli ឬ ការ​បង្កើត​ស្ថានភាព​ថ្មី​នៅ​នឹង​កន្លែង, អនុវត្ត​ច្បាប់​ថៃ​មកលើ​កម្ពុជា និង​បង្វែរ​ការ​ចាប់​អារម្មណ៍​​ពី​ការកាន់កាប់​ដោយ​ខុសច្បាប់​របស់​ពួកគេ ទៅ​ផ្តោតលើ​ការចោទប្រកាន់​ពី​ការឆបោក​តាម​អនឡាញ។


លោក​ថ្លែង​ដូច្នេះ​ថា៖ «​កម្ពុជា​គាំទ្រ​យ៉ាង​ពេញទំហឹង​នូវ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្លងដែន និង​ការជួញដូរ​មនុស្ស​ក្នុង​ប្រតិបត្តិការ​បោកប្រាស់​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​បដិសេធ​យ៉ាង​ដាច់អហង្ការ​ចំពោះ​ការកាន់កាប់ដោយ​​យោធា​ណាមួយ​លើ​ទឹកដី​អធិបតេយ្យ​របស់​កម្ពុជា​​ដោយ​អះអាង​ថា​​​ជា​ការអនុវត្ត​ច្បាប់​»។


លោក​បន្ត​ថា៖ «​អូរស្មាច់​គឺជា​ច្រក​ទ្វារ​ព្រំដែន​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ដែល​បាន​ព្រមព្រៀង​ដោយ​ភាគី​ទាំងពីរ​។ ការដាក់​វត្តមាន​មន្ត្រី​យោធា​បរទេស​នៅ​ទីនោះ​ គឺជា​ភស្តុតាង​​យ៉ាង​ច្បាស់​ដែល​ថា​ទាហាន​ថៃ​ពិតជា​បាន​ឈ្លានពាន និង​កំពុង​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​»។


អ្នកស្រុក​ម្នាក់​បាន​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ច្រក​​អូរស្មាច់​មិន​មាន​ការ​ប្រយុទ្ធ​គ្នា​ទេ​ក្នុង​អំឡុងខែកក្កដា ហើយ​សូម្បី​នៅ​ក្នុង​សង្គ្រាម​ខែ​ធ្នូ ក៏​មិន​មានអ្វី​កើត​ឡើង​ធ្ងន់ធ្ងរ​ដែរ ទើប​តែ​នៅ​ថ្ងៃ​បទ​ឈប់​បាញ់ គឺ​​ថ្ងៃទី ២៧ ខែធ្នូ​ទេ​ ដែលយោធាថៃ​សម្រុគ​បាញ់​ទៅលើ​តំបន់​នេះ។


យោងតាម​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ បច្ចុប្បន្ន យោធា​ថៃកំពុង​កាន់កាប់​ទីតាំង​យ៉ាងតិច ១៤ កន្លែង​ក្នុង​ខេត្ត​របស់​​កម្ពុជា​ចំនួន ៤ រួមមាន​៖ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និង​ពោធិ៍សាត់។


លោក គិន ភា នាយក​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែងថា ការនាំ​មន្ត្រី​យោធា​បរទេស និង​មន្ត្រី FBI អាមេរិក​ទៅ​ទស្សនា​តំបន់​ទឹកដី​នៃ​រដ្ឋ​អធិបតេយ្យ​មួយទៀត​គឺជា​រឿង​ខុសច្បាប់ ដោយ​មិន​រាប់​បញ្ជូល​ថាតើ​​ទស្សនកិច្ច​នេះ​ធ្វើ​ទៅ​កាន់​​​មជ្ឈមណ្ឌល​បោកប្រាស់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ដូច​ដែល​ថៃ​ចោទ​ប្រកាន់ឬ​យ៉ាង​ណា​នោះទេ។


លោក​ថ្លែង​ថា៖ «ប្រទេស​ថៃ​គ្មាន​អំណាច​ក្នុងការ​គ្រប់គ្រង ឬ​នាំ​ប្រតិភូ​បរទេស​ចូល​ធ្វើ​អ្វី​នៅក្នុង​ទឹកដី​កម្ពុជា​នោះទេ។ ​នេះ​គឺជា​ការរំលោភ​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​កូឡាឡាំពួ ព្រមទាំង​កិច្ចព្រមព្រៀង ៥ ចំណុច​ដែល​បានធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​បឹង​ហ្វូ​សៀន (Fuxian Lake Meeting) ក្នុង​ប្រទេស​ចិន​។ នេះ​ក៏​ជាការ​រំលោភបំពាន​លើ​ធម្មនុញ្ញ​អាស៊ាន និង​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​ផងដែរ ដែល​ហាមប្រាម​ការកាន់កាប់​ដោយ​ខុសច្បាប់​នៃ​ប្រទេស​មួយទៀត»។


លោក គិន ភា បាន​ជំរុញ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​របស់​កម្ពុជា ដូចជា​ក្រសួងការបរទេស ក្រសួងការពារជាតិ ព្រមទាំង​លេខាធិការដ្ឋាន​គណៈកម្មាធិការ​ព្រំដែន ធ្វើការ​តវ៉ា​ជា​សាធារណៈ​ចំពោះ​សកម្មភាព​បែបនេះ​ដែល​បានធ្វើឡើង​ដោយ​ប្រទេស​ថៃ​។


លោក​ថ្លែង​ថា៖ «ប្រទេស​ថៃ​កំពុង​បង្កើត​គោលការណ៍ fait accompli គឺ​ការ​បង្កើត​ភាព​ធម្មតា​ថ្មី​នៅលើ​ដី ដើម្បី​អះអាង​ថា​តំបន់​នោះ​ជា​របស់​ពួកគេ​។ ការណ៍​នេះ​ត្រូវ​តែ​មាន​ការ​បដិសេធ​ទាំងស្រុង​ដោយ​រដ្ឋាភិបាល​កម្ពុជា​»៕



Post a Comment (0)
Previous Post Next Post