ទោះបីស្នូរគ្រាប់ផ្លោងរបស់ថៃបានធ្លាក់នៅភូមិជិតខាងរបស់អ្នកស្រីក៏ដោយ ក៏អ្នកស្រី វ៉ាន់ នឿន អាយុ ៦៩ឆ្នាំ បានក្រាញននៀលមិនរត់ចោលផ្ទះសម្បែងនោះទេ ខណៈដែលអ្នកភូមិជាច្រើនបានចាកចេញស្ទើស្ងាត់ភូមិទៅហើយ នៅក្នុងការប្រយុទ្ធគ្នា កាលពីខែធ្នូកន្លងទៅ។
ការមិនចាកចេញនេះដោយសារតែអ្នកស្រីមានអារម្មណ៍ថា អ្នកស្រីមិនអាចមានសេចក្ដីសុខតែម្នាក់ឯង ចោលកូនប្រុស៤នាក់ទៀត កំពុងតដៃប្រយុទ្ធជាមួយទាហានឈ្លានពានថៃ នៅជួរមុខក្នុងខេត្តឧត្តរមានជ័យ។ ម្យ៉ាង អ្នកស្រីគិតថា ទាហានថៃប្រហែលមិនបាញ់មកលើទីតាំងរបស់អ្នកស្រីទេ។
អ្នកស្រីបានរំលឹកថា៖ «គ្រាប់ផ្លោងដូចជាវាធ្លាក់ឆ្ងាយទេកូន បើយើងឮកាំភ្លើងដៃនោះទើបវានៅជិត។ បើឮគ្រាប់ផ្លោង នោះវានៅឆ្ងាយដោយសារវាចេះតែផ្លោងព្រាវៗ។ អីចឹង យើងចូលត្រង់សេទៅ តាមសំណាងរបស់យើង»។
អ្នកស្រីបន្តថា៖ «បើខ្ញុំជិះម៉ូតរត់មករស់តែឯង ចុះកូននៅសមរភូមិនោះគិតយ៉ាងម៉េច? ខ្ញុំក៏បកម៉ូតូទៅវិញ នៅផ្ទះវិញបណ្ដោយ។ នឹកឃើញថា ឈានជើងទៅមិនរួច បើកូន បី បួននាក់នៅសមរភូមិ»។
អ្នកស្រីមានកូនប្រុសបង្កើត ៣នាក់ និងកូនប្រសារម្នាក់ទៀតដែលសុទ្ធតែទាហានជួរមុខ តស៊ូប្រយុទ្ធជាមួយទាហានថៃ នៅចំណុចក្ដៅជាច្រើនក្នុងខេត្តឧត្តរមានជ័យ។
ប៉ុន្តែ ការអត់ធ្មត់ទ្រាំរស់នៅក្នុងផ្ទះបានដល់ទីបញ្ចប់កាលពីថ្ងៃទី២៧ ខែមករា មួយខែក្រោយបទឈប់បាញ់ នៅពេលបានលេចឮដំណឹងថា ស្ថានភាពនៅព្រំដែនមានភាពតានតឹងខ្លាំង ដោយទាហានថៃមានផែនការវាយប្រហារលើកម្ពុជាជាលើកទី៣ បូករួមនឹងឃើញទាហានថៃបន្តរាយបន្លាលួស និងប៉ះទង្គិចពាក្យសម្ដីជាមួយទាហានកម្ពុជា។
អ្នកស្រីនិយាយថា៖ «ខ្ញុំឮព័ត៌មានថា វាត្រៀមវ៉ៃពីបទល្វែង ទៅតាទុំ រហូតដល់ជប់រុន និងត្រពាំងប្រាសាទ។ អីចឹង តំបន់ខ្ញុំនៅចំតំបន់សមរភូមិដែរ ហើយនៅក្នុងតំបន់ក្រហមទៀត»។
អ្នកស្រីបានរៀបចំអីវ៉ាន់ ដាក់គោយន្តកន្ត្រៃ ធ្វើដំណើរមកកាន់វត្តភ្នំព្រះទេវៈ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ហើយក្លាយជាជនភៀសសឹកក្រោយគេ ដែលកំពុងស្នាក់នៅចម្ងាយជាង ១៥០គីឡូម៉ែត្រពីផ្ទះសម្បែងនៅភូមិសាមគ្គី ឃុំត្រពាំងប្រៃយ៍ ជិតភ្នំដងរ៉ែក ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
នាព្រឹកព្រលឹមខែកុម្ភៈ ក្មេងៗចែកមីកញ្ចប់គ្នាដើម្បីស្រុះនឹងទឹកក្ដៅធ្វើជាអាហាពេលព្រឹក ម្ដាយបោសសម្អាតទីធ្លាស្នាក់នៅបណ្ដោះអាសន្ន នៅពេលអ្នកផ្សេងទៀតចម្អិតម្ហូបអាហារសម្រាប់គ្រួសារដែលមិនអាចត្រឡប់ទៅផ្ទះវិញបាន។ បច្ចុប្បន្ននេះ មានគ្រួសារជនភៀសសឹកប្រមាណ ១០គ្រួសារ ដែលបន្តរស់នៅក្នុងវត្តភ្នំព្រះទេវៈ បន្ទាប់ពីជនភៀសសឹករាប់រយគ្រួសារដែលបានមកស្នាក់នៅទីនេះបានវិលត្រឡប់ទៅវិញ។
កុមារតូចៗ បាត់បង់ការសិក្សាផ្លូវការ ប៉ុន្តែ ទទួលបានការសិក្សានៅក្នុងវត្តនេះ សម្រាប់មុខវិជ្ជាភាសាខ្មែរ និង គណិតវិទ្យា។

