អគ្គស្នងការដ្ឋាននគរបាលជាតិ បានសម្រេចឲ្យនគរបាលចរាចរណ៍ អនុវត្តច្បាប់ចរាចរណ៍និងការផាកពិន័យឡើងវិញ បន្ទាប់ពីបានបន្ធូរបន្ថយការអនុវត្តច្បាប់នេះអស់រយៈពេល ១៦០ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងអំឡុងពេលមានជម្លោះ ប្រដាប់អាវុធនៅតំបន់ព្រំដែនកម្ពុជា-ថៃ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គស្នងការនគរបាលជាតិ ក្នុងរយៈពេលជាង ៥ខែនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានការកើនឡើង៣៤លើក ស្មើ៣ភាគរយ អ្នកស្លាប់កើន៦២នាក់ កើនឡើង ១០ភាគរយ និងអ្នករបួសកើន២០៩នាក់ កើនឡើងស្មើ១៥ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤។
នគរបាលបាលជាតិថ្លែអថា នៅក្នុងខែមករា ដើមឆ្នាំ២០២៦នេះ គ្រោះថ្នាក់ចរាចរណ៍កើន៤២លើក ស្មើ១៩ អ្នកស្លាប់កើន២៥នាក់ ស្មើ១៨ភាគរយ និងអ្នករបួសកើន៦៤នាក់ ស្មើ២៣ភាគរយ បើធៀបនឹងខែមករា ឆ្នាំ២០២៥។
មូលហេតុបង្កគ្រោះថ្នាក់រួមមាន ការបើកបរល្មើសល្បឿន៤៧ភាគរយ មិនគោរពសិទ្ធិ២១ភាគរយ មិនប្រកាន់ស្តាំ១០ភាគរយ ប្រជែងគ្រោះថ្នាក់៧ភាគរយ បត់ប្រកបដោយគ្រោះថ្នាក់៦ភាគរយ និងស្រវឹង៣ភាគរយ។ កត្តាផ្សេងទៀតរួមមានការ បញ្ហាសញ្ញាចរាចរណ៍ ២ភាគរយ កត្តាយាន១ភាគរយ ងងុយ១ភាគរយ និងកត្តាផ្លូវ១ភាគរយ។
គ្រោះថ្នាក់ចរាចរណ៍មួយកន្លែងកាលពីខែមករា។ FB
អគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា ខ្លួន«បានធ្វើការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមធ្វើឱ្យដងផ្លូវ អ្នកបើកបរ និងអ្នកធ្វើដំណើរតាមផ្លូវគោកកាន់តែមានសុវត្ថិភាពនិងសណ្តាប់ល្អនៅគ្រប់ទីកន្លែង ជំរុញឱ្យសាធារណជន មានការយល់ដឹងអំពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ឱ្យកាន់តែល្អប្រសើរឡើង និងការជួយកាត់បន្ថយចំនួន គ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករបួស ការខូចខាតទ្រព្យសម្បត្តិសាធារណៈនិងឯកជនឱ្យបាន ជាអតិបរមា»។
អគ្គស្នងការដ្ឋាននគរបាលជាតិបន្តថា៖ «ក្នុងន័យខាងលើនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោកឡើងវិញចាប់ពីខែកុម្ភៈឆ្នាំ២០២៦នេះតទៅ»៕


