កម្ពុជា–ថៃ ដកថយទៅទីបញ្ជាការរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំបញ្ហាព្រំដែនមិនទាន់បានលទ្ធផល
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា–ថៃ ដកថយទៅទីបញ្ជាការរបស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំបញ្ហាព្រំដែនមិនទាន់បានលទ្ធផល

 ខេត្តឧត្តរមានជ័យ៖ កម្ពុជា និងថៃ បានឯកភាពគ្នាដកថយទៅទីបញ្ជាការយោធារបស់ខ្លួនរៀងៗខ្លួន ដើម្បីបន្តការពិភាក្សា បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) រវាងភាគីទាំងពីរ មិនទាន់អាចឈានដល់ការឯកភាពរួមបាននៅឡើយ។



យោងតាមលោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បាន​ឱ្យដឹង​សេចក្តីប្រកាសថា​៖ «កិច្ចប្រជុំនេះធ្វើឡើងនៅម៉ោង ១១:៥០ នាទីព្រឹក ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅច្រកអន្តរជាតិជាំ–សាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រវាងយោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពីភាគីទាំងពីរ»។

សេចក្តីប្រកាសបានបញ្ជាក់ថា៖ «ដោយសារភាគីទាំងពីរមិនទាន់រកឃើញចំណុចកណ្តាលរួមគ្នា កិច្ចប្រជុំបានបញ្ចប់ដោយការឯកភាព​ឱ្យ​ដកថយទៅទីបញ្ជាការរៀងខ្លួនវិញ ដើម្បីបន្តការផ្លាស់ប្តូរឯកសារ និងការចរចាបន្ថែម ក្នុងគោលបំណងឈានទៅរកការឯកភាពនៅពេលខាងមុខ»។

ក្រសួងការពារជាតិបានឱ្យ​ដឹងថា ពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា–ថៃ នឹងត្រូវរៀបចំឡើងនៅពេលដែលភាគីទាំងពីរឈានដល់ការយល់ព្រមរួមគ្នា។

កិច្ចប្រជុំនេះដឹកនាំដោយ​យោធភូមិភាគទី៤ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី២ ភាគីថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ពីភាគីទាំងពីរ។ រូបថត សហការី 

កិច្ចប្រជុំពិសេសនេះត្រូវបានរៀបចំឡើងដោយផ្អែកលើស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កម្ពុជា–ថៃ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការបន្តអនុវត្តលទ្ធផលនៃកិច្ចព្រមព្រៀង ការកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន និងការស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស៕

Post a Comment (0)
Previous Post Next Post