រដ្ឋមន្ត្រីសុខាភិបាលលើកសរសើរ​វីរភាព​កងទ័ព​អាវ​ស ​សន្យាពង្រឹងសមត្ថភាពមន្ទីរពេទ្យក្នុងស្ថានភាពវិបត្តិ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋមន្ត្រីសុខាភិបាលលើកសរសើរ​វីរភាព​កងទ័ព​អាវ​ស ​សន្យាពង្រឹងសមត្ថភាពមន្ទីរពេទ្យក្នុងស្ថានភាពវិបត្តិ

 ខេត្ដ​បន្ទាយមានជ័យ​៖ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកសរសើរ​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះ​ការលះបង់ និង​វីរភាព​របស់​មន្ត្រី និង​បុគ្គលិក​សុខាភិបាល នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ដែល​បាន​បន្ត​បម្រើសេវា​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ ជនភៀសសឹក និង​កងកម្លាំងប្រដាប់អាវុធ អំឡុងពេល​មាន​ភាព​តានតឹង និង​ការវាយប្រហារ​ប្រដាប់អាវុធ​នៅ​តំបន់​ព្រំដែន​។​


ក្នុងឱកាស​ចុះ​ពិនិត្យ និង​សួរសុខទុក្ខ​នៅ​រសៀល​ថ្ងៃអាទិត្យ ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៦ លោក ឈាង រ៉ា បាន​ថ្លែងថា​៖ «​គ្រប់​សកម្មភាព​វិជ្ជមាន​របស់​បងប្អូន គឺជា​ការការពារ​សង្គ្រោះ​ជីវិត ដែល​មើលឃើញ​ដោយ​ជាតិ​កម្ពុជា​»​។​


ក្នុងឱកាស​ដូចគ្នានេះ រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួងសុខាភិបាល បាន​នាំយក​កញ្ចប់​សម្ភារ​បរិ​ក្ខា​រ​ពេទ្យ ជា​អំណោយ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) ប្រចាំ​កម្ពុជា តាមរយៈ​ក្រសួងសុខាភិបាល ប្រគល់ជូន​មន្ទីរ​សុខាភិបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​គាំទ្រ​ការសង្គ្រោះ​ប្រជាពលរដ្ឋ​នៅតាម​ខេត្ត​ជាប់​ព្រំដែន និង​ជួយ​ដល់​ស្ត្រី​រងគ្រោះ មាតា និង​ទារក​ទើបនឹង​កើត​។​


រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សុខាភិបាល​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​បម្រើសេវា​សុខភាព​ជូន​ប្រជាពលរដ្ឋ ជនភៀសសឹក និង​វីរ​កងទ័ព ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ក្រមសីលធម៌​វិជ្ជាជីវៈ ក្នុងអំឡុងពេល​មាន​ជម្លោះព្រំដែន​កម្ពុជា​–​ថៃ​។​


លោក​រដ្ឋមន្ដ្រី​សុខាភិបាល​បានចាត់ទុក​ការងារ​របស់​បុគ្គលិក​សុខាភិបាល​ថា​ជា «​វីរភាព​កងទ័ព​អាវ​ស​» មិន​ខុសពី​កងកម្លាំង​នៅមុខ​សមរភូមិ​។​



រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​លើកសរសើរ​យ៉ាង​ខ្ពង់ខ្ពស់​ចំពោះ​ការលះបង់ និង​វីរភាព​របស់​មន្ត្រី និង​បុគ្គលិក​សុខាភិបាល នៅ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ដែល​បាន​បន្ត​បម្រើសេវា​សង្គ្រោះ​ជីវិត​ប្រជាពលរដ្ឋ ជនភៀសសឹក និង​កងកម្លាំងប្រដាប់អាវុធ។ រូបថត សហការី 

លោក ឈាង រ៉ា បាន​សង្កត់ធ្ងន់ថា បុគ្គលិក​សុខាភិបាល​នៅ​ប៉ោយប៉ែត បាន​បំពេញភារកិច្ច​ក្រោម​ស្ថានភាព​គ្រោះថ្នាក់ ដោយ​មិន​រើសអើង និង​មិនឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ខកខាន​ការថែទាំ​ព្យាបាល ទោះបីជា​កំពុង​ប្រឈម​នឹង​ការវាយប្រហារ​ប្រដាប់អាវុធ​ពី​កងទ័ព​ថៃ​ក៏ដោយ​។​

លោក​បាន​ថ្លែងថា​៖ «​នេះ​គឺជា​វីរភាព​កងទ័ព​អាវ​ស​ពិតប្រាកដ ដែល​បាន​លះបង់​សុវត្ថិភាព​ផ្ទាល់ខ្លួន ដើម្បី​ជាតិ និង​ប្រជាជន​»​។​

ក្រៅពី​ការកោតសរសើរ លោក​រដ្ឋមន្ត្រី​ក៏បាន​ណែ​នាំឱ្យ​មន្ត្រី​សុខាភិបាល​បន្ត​ពង្រឹងសមត្ថភាព តាមរយៈ​ការបណ្តុះបណ្តាល​បន្ត​លើ​ជំនាញ​បច្ចេកទេស និង​ភាពជា​អ្នកដឹកនាំ ដើម្បី​ធ្វើ​ឲ្យ​មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត ក្លាយជា​គ្រឹះស្ថាន​សុខាភិបាល​គំរូ សម្រាប់​ការឆ្លើយតប​នឹង​វិបត្តិ និង​ស្ថាន​ភាពអាសន្ន​នាពេល​អនាគត​។​


លោក​បាន​បញ្ជាក់ថា ក្រសួងសុខាភិបាល និង​សហ​ភាតរ​សុខាភិបាល​ទូទាំងប្រទេស នឹង​នៅ​ជាមួយ​បុគ្គលិក​នៅ​តំបន់​ព្រំដែន​ជានិច្ច ទាំង​ក្នុងពេល​ធម្មតា និង​ពេល​ប្រឈម​វិបត្តិ​ជាតិ​។​

ក្នុង​ដំណើរ​បេសកកម្ម​រយៈពេល​ពីរ​ថ្ងៃ នៅ​ថ្ងៃទី​៣១ ខែមករា និង​ថ្ងៃទី​១ ខែកុម្ភៈ ប្រតិភូ​ក្រសួងសុខាភិបាល បាន​ចុះ​ពិនិត្យ និង​តាមដាន​ការបើក​ដំណើរការ​ឡើងវិញ​នៃ​មូលដ្ឋាន​សុខាភិបាល ដែល​ធ្លាប់​ផ្អាក​អំឡុងពេល​មាន​បញ្ហា​ព្រំដែន នៅ​ខេត្តព្រះវិហារ ឧ​ត្ត​រ​មានជ័យ និង​បន្ទាយមានជ័យ ព្រមទាំង​ពិនិត្យ​ការស្តារ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ដោយ​មិន​ទុកឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ មិន​ទទួលបាន​ការថែទាំ​ព្យាបាល​នោះទេ​៕



Post a Comment (0)
Previous Post Next Post