សត្វខ្លាត្រីមួយក្បាល ដែលឈ្មោះវិទ្យាសាសត្រហៅថា Prionailurus viverrinus ដែលជាប្រភេទសត្វដ៏កម្របំផុតនៅតំបន់អាស៊ី ត្រូវបានប្រទះឃើញជាថ្មីម្តងទៀត នៅក្នុងតំបន់ព្រៃលិចទឹកដែលបានស្ដារឡើងវិញនៃខេត្តពោធិ៍សាត់ ជុំវិញបឹងទន្លេសាប តាមរយៈរូបថត ៤៦សន្លឹក ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ នៅពាក់កណ្តាលឆ្នាំ២០២៥។
នេះគឺជាគំហើញដ៏សំខាន់មួយបញ្ជាក់ពីលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងក្នុងការងារគ្រប់គ្រងរយៈពេលជាងមួយទស្សវត្សនេះ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ជាសេនាធិការ ជាមួយ អង្គការអភិរក្សអន្តរជាតិ ហៅកាត់ថា CI។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួមដែលផ្សព្វផ្សាយនៅថ្ងៃនេះ។
លោកស្រី Vanessa Herranz Muñoz ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រី (FCEE) និងជាសមាជិកនៃអ្នកជំនាញបច្ចេកទេសអភិរក្សខ្លាត្រី បានបញ្ជាក់ថា រូបភាពនេះគឺពិតជារូបសត្វខ្លាត្រីប្រាកដមែន។
លោកស្រីថ្លែងថា៖ «កំណត់ត្រាសត្វនេះនៅអាស៊ីអាគ្នេយ៍គឺមានការខ្វះខាតខ្លាំង ហើយចំនួនវានៅក្នុងប្រទេសកម្ពុជាប្រហែលនៅមានតិច តួចប៉ុណ្ណោះ។ នេះគឺជាកំណត់ត្រាលើកទីពីរ ដែលត្រូវបានបញ្ជាក់ពីវត្តមាននៃសត្វខ្លាត្រីនៅក្នុងតំបន់ទន្លេសាបទាំងមូល ហើយវាផ្តល់ឱ្យយើងនូវក្តីសង្ឃឹមសម្រាប់ការស្ដារឡើងវិញនូវប្រភេទសត្វខ្លាដ៏សំខាន់នេះ»។
សត្វខ្លាត្រី ត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាក្រុមងាយរងគ្រោះ ដោយមានចំនួនរបស់វាត្រូវបានអ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថា មានតិចជាង ១ម៉ឺន ក្បាលនៅទូទាំងពិភពលោក។ សត្វខ្លាត្រី ជាប្រភេទសត្វមានរូបរាងទាក់ទាញ មានមាឌធំជាងឆ្មាស្រុក ២ដង ហើយច្រើនរស់នៅតែឯកឯង។
លោក អ៊ុំ សូនី នាយកប្រចាំប្រទេសនៃអង្គការអភិរក្សអន្តរជាតិកម្ពុជា បានកត់សំគាល់ថា ការត្រឡប់មកវិញរបស់ខ្លាត្រីនេះ គឺជាសក្ខីភាពនៃការស្ដារតំបន់ដីសើមដែលផ្អែកមូលដ្ឋានវិធីសាស្ត្របែបវិទ្យាសាស្ត្ររយៈពេលវែង ជាពិសេសគឺការចូលរួមពីសហគមន៍មូលដ្ឋាន ដោយគាំទ្រពីរាជរដ្ឋាភិបាល និងដៃគូនានាផងដែរ។
លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានលើកឡើងថា វត្តមាននៃសត្វខ្លាត្រីនៅក្នុង តំបន់ព្រៃលិចទឹកនៃបឹងទន្លេសាប ជាសូចនាករដ៏សំខាន់មួយដែលបង្ហាញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រងធនធានជលផល និងប្រព័ន្ធអេកូឡូស៊ីព្រៃលិចទឹករយៈពេលវែងរបស់កម្ពុជា។
លោកថ្លែងថា៖ «ការណ៍នេះសបញ្ជាក់ពីសារៈសំខាន់នៃការស្តារនិងការពារជម្រក ព្រៃលិចទឹកឡើងវិញ ដែលមិនត្រឹមតែមានផលប្រយោជន៍ដល់ការអភិរក្សជីវៈចម្រុះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជំរុញនិរន្តរភាព នៃការរក្សាធនធានជលផល និងពង្រឹងជីវភាពរស់នៅរបស់សហគមន៍ដែលពឹងផ្អែកលើតំបន់ដីសើមនេះផងដែរ»។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា របកគំហើញនេះគឺភស្តុតាងបង្ហាញពីការរីកចម្រើននៃប្រភេទជីវៈចម្រុះដ៏សំខាន់នៅតាមតំបន់ការពារធម្មជាតិនៅកម្ពុជា និងពីការដាក់ចេញដ៏ត្រឹមត្រូវនៃគោលនយោបាយរបស់កម្ពុជា ក្នុងនោះមានយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធលើការងារអភិរក្ស គ្រប់គ្រង និងអភិវឌ្ឍវិស័យបរិស្ថាន និងធនធានធម្មជាតិយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព។ លោកថា វាជាការចូលរួមកសាង ភាពស្អាត និងពង្រីកភាពបៃតង ប្រកបដោយចីរភាព នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន សម្រាប់អនាគត។
លោកថ្លែងថា៖ «វាក៏បានបានឆ្លុះបញ្ចាំងទាំងការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បី ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្របខ័ណ្ឌជីវៈចម្រុះសកល និងបង្កើនភាពបៃតងនៃភពផែនដី សម្រាប់អ្នកជំនាន់ក្រោយ»។
ចាប់តាំងពីឆ្នាំ២០១០មក អង្គការអភិរក្សអន្តរជាតិ សហការជាមួយសហគមន៍នេសាទក្នុងស្រុកចំនួន ១៦ រដ្ឋបាលជលផល និងក្រសួងបរិស្ថាន បានស្តារព្រៃលិចទឹកដែលបានប្រមាណជាង ១០០០ហិកតា នៅជុំវិញបឹង ទន្លេសាប។ កិច្ចខិតខំប្រឹងប្រែងរួមក្នុងការស្ដារតំបន់ដីសើមឡើងវិញរួមមាន ការដាំដើមឈើដើមឡើងវិញ និងការលើកទឹកចិត្តដល់ការការពារទីជម្រក ដោយល្បាតជាប្រចាំ អនុវត្តវិធានការបង្ការអគ្គីភ័យ និង គាំទ្រដោយផ្ទាល់ដល់ជីវភាពរស់ នៅរបស់សហគមន៍ក្នុងតំបន់ជាដើម៕

