ខេត្ដបន្ទាយមានជ័យ៖ ភ្លៀងកក់ខែមួយមេធំក្នុងរដូវប្រាំង បានធ្លាក់លើតំបន់ជាច្រើននៃប្រទេសកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ បង្កការរំខានដល់ការស្នាក់នៅរបស់ពលរដ្ឋភៀសសឹកមួយចំនួនកំពុងស្នាក់នៅបណ្ដោះអាសន្នក្នុងជំរំភៀសសឹកនៅខេត្តបន្ទាយមានជ័យ នេះបើយោងតាមអាជ្ញាធរមូលដ្ឋាន។
ភ្លៀងធ្លាក់ខ្លាំងចាប់ផ្តើមនៅរសៀល និងបង្កឱ្យមានជំនន់ទឹកភ្លៀងតំបន់ទំនាប ខណៈសីតុណ្ហភាពបានធ្លាក់ចុះយ៉ាងឆាប់រហ័ស បន្ទាប់ពីអាកាសធាតុក្តៅស្ងួតអស់រយៈពេលជាច្រើនសប្ដាហ៍។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ភ្លៀងខ្លាំងមិនប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋភៀសសឹកនោះទេ ប៉ុន្តែបានប៉ះពាល់ដល់តង់មួយចំនួនស្ថិតនៅតំបន់ទំនាបវាលស្រែ។
លោកបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «ភ្លៀងខ្លាំងពីម្សិលមិញមានមិនបង្កឱ្យហោះហើរតង់ស្នាក់នៅរបស់ពលរដ្ឋភៀសសឹកនោះទេ។ ប៉ុន្តែវាបង្កផលប៉ះពាល់ដល់បងប្អូនមួយចំនួនស្ថិតនៅទំនាបវាលស្រែ»។
លោកបានបន្ថែមថា អាជ្ញាធរខេត្តកំពុងចាត់វិធានការយ៉ាងបន្ទាន់ ដើម្បីកាត់បន្ថយផលប៉ះពាល់។
លោក អ៊ុំ រាត្រី បញ្ជាក់ថា៖ «ឥឡូវនេះ ក្រុមការងារកំពុងតែដុតដៃដុតជើងដើម្បីជួយសម្របសម្រួលពួកគាត់។ យើងបានត្រៀមលក្ខណៈក្នុងការផ្លាស់ប្ដូរពួកគាត់ទៅកាន់ទីទួលខ្ពស់ ដែលក្រុមការងាររៀបចំតង់ និងតភ្ជាប់ប្រព័ន្ធអគ្គិសនី ដើម្បីរើអ្នកនៅទំនាបទៅកាន់ទីនោះ»។
ភ្លៀងធ្លាក់លើកនេះ ត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរអាកាសធាតុមិនធម្មតា ក្នុងអំឡុងពេលដែលជាធម្មតាជារដូវប្រាំង។
ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា ស្ថានភាពអាកាសធាតុប្រែប្រួលនេះ បណ្តាលមកពីខ្យល់មូសុងឦសានមានសភាពអស្ថិរភាព ប្រតិកម្មជាមួយសំណើមពីសមុទ្រចិនខាងត្បូង។
ក្នុងសេចក្តីជូនដំណឹងអំពីអាកាសធាតុ ក្រសួងបានព្រមានថា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា តំបន់វាលទំនាប រួមមាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងរាជធានីភ្នំពេញ អាចនឹងមានភ្លៀង និងខ្យល់កន្ត្រាក់គ្របដណ្តប់ប្រហែល ២៥ភាគរយនៃផ្ទៃដី។
សីតុណ្ហភាពមធ្យមនៅតំបន់វាលទំនាប ត្រូវបានព្យាករថា មានអប្បបរមា ២២អង្សាសេ និងអតិបរមា ៣៥អង្សាសេ ដោយមានខ្យល់បក់ពីទិសឦសាន និងកើត ក្នុងល្បឿនប្រហែល ៣ម៉ែត្រក្នុងមួយវិនាទី។
សម្រាប់តំបន់ខ្ពង់រាប ដូចជា ឧត្តរមានជ័យ និងព្រះវិហារ អាចនឹងមានភ្លៀងស្រាលគ្របដណ្តប់ប្រហែល ១៥ភាគរយ ខណៈតំបន់មាត់សមុទ្រ រួមមាន កោះកុង និងព្រះសីហនុ អាចមានភ្លៀងប្រហែល ៣០ភាគរយនៃផ្ទៃដី។ រលកសមុទ្រ ត្រូវបានព្យាករថា អាចមានកម្ពស់អតិបរមា ១ម៉ែត្រ។
ទោះបីមិនទាន់មានសេចក្តីរាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរនៅខេត្តបន្ទាយមានជ័យក៏ដោយ ប៉ុន្តែភ្លៀងលើកនេះបានបង្ហាញពីភាពងាយរងគ្រោះរបស់សហគមន៍ភៀសសឹក ដែលកំពុងស្នាក់នៅក្នុងទីជម្រកបណ្តោះអាសន្ន ជាពិសេសអ្នករស់នៅតំបន់បើកចំហ និងវាលទំនាប។
អាជ្ញាធរខេត្តបានអះអាងថា នឹងបន្តតាមដានស្ថានភាពយ៉ាងជិតស្និទ្ធ ប្រសិនបើមានភ្លៀងបន្តក្នុងប៉ុន្មានថ្ងៃខាងមុខ ដោយផ្តោតលើផែនការផ្លាស់ទីទៅទីទួលខ្ពស់ ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងធានាឱ្យមានអគ្គិសនី និងសេវាសំខាន់ៗផ្សេងទៀតសម្រាប់ពលរដ្ឋភៀសសឹក៕

