ឧត្តមសេនីយ៍រុស្ស៊ីម្នាក់រង​ការ​បាញ់ប្រហារជាច្រើនគ្រាប់នៅទីក្រុងមូស្គូ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ឧត្តមសេនីយ៍រុស្ស៊ីម្នាក់រង​ការ​បាញ់ប្រហារជាច្រើនគ្រាប់នៅទីក្រុងមូស្គូ

 ឧត្តមសេនីយ៍ដ៏ល្បីឈ្មោះម្នាក់នៅក្នុងជួរយោធារុស្ស៊ី ត្រូវបានបាញ់ប្រហារជាច្រើនគ្រាប់ និងរងរបួសនៅក្នុងទីក្រុងមូស្គូ។

ឧត្តមសេនីយ៍ទោ Vladimir Alexeyev ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីរង​ការវាយប្រហារនៅក្នុងអគារស្នាក់នៅមួយកន្លែងនៅតំបន់ជាយក្រុងភាគពាយ័ព្យ ហើយស្ថានភាពរបស់លោកមិនទាន់ត្រូវបានគេដឹងនៅឡើយទេ។

លោក Alexeyev គឺជាមន្ត្រីកំពូលនៅក្នុងអគ្គនាយកដ្ឋាននៃអគ្គសេនាធិការយោធារុស្ស៊ី (GRU) ហើយលោកគឺជាឥស្សរជនយោធាជាន់ខ្ពស់ចុងក្រោយគេ ដែលត្រូវបានគេកំណត់គោលដៅ ចាប់តាំងពីការឈ្លានពានពេញទី​ទៅលើអ៊ុយក្រែនដែល​បានចាប់ផ្តើមជិត ៤ ឆ្នាំមកហើយ។

លោកត្រូវបានដាក់ឱ្យស្ថិតនៅក្រោមទណ្ឌកម្មរបស់សហភាពអឺរ៉ុប បន្ទាប់ពី GRU ត្រូវបានចោទប្រកាន់ថា បាននៅពីក្រោយការវាយប្រហារដោយសារធាតុពុល​ដែល​បង្ក​ជំងឺ​សរសៃប្រសាទកាលពីឆ្នាំ ២០១៨ នៅក្នុងទីក្រុង Salisbury ចក្រភពអង់គ្លេស។


លោកស្រី Svetlana Petrenko នៃគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី បាននិយាយថា៖ «ជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យនានាក្នុងទីក្រុង»។

លោក Alexeyev មាន​តួនាទីយ៉ាងសំខាន់ក្នុងអំឡុងពេលសង្គ្រាមនៅអ៊ុយក្រែន ដោយបានចូលរួមក្នុងកិច្ចចរចាជាមួយអ៊ុយក្រែន ក្នុងអំឡុងពេលរុស្ស៊ីឡោមព័ទ្ធទីក្រុង Mariupol កាលពីឆ្នាំ ២០២២។

លោកក៏ត្រូវបានបញ្ជូនទៅចរចាជាមួយប្រធានក្រុមទាហានស៊ីឈ្នួល Wagner គឺលោក Yevgeny Prigozhin ដែលបានដឹកនាំការបះបោររយៈពេលខ្លី និងបង្ហូរឈាមកាលពីខែមិថុនា ឆ្នាំ ២០២៣ ផងដែរ។

គេនៅមិនទាន់ដឹងថា តើនរណាជាអ្នកនៅពីក្រោយការបាញ់ប្រហារកាលពីព្រឹកថ្ងៃសុក្រ​នេះ​ទេ​ នៅក្នុងអគារស្នាក់នៅមួយលើផ្លូវ Volokolamsk Highway ក្នុងទីក្រុងមូស្គូនោះ។

កន្លងមក អ៊ុយក្រែនធ្លាប់បានអះអាងទទួលខុសត្រូវលើការវាយប្រហារមួយចំនួនមកលើឥស្សរជនយោធារុស្ស៊ី។ មន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ីបានអះអាងថា ពួកគេបានទប់ស្កាត់ការប៉ុនប៉ងវាយប្រហារលើទាហានរុស្ស៊ីម្នាក់នៅទីក្រុង St Petersburg នៅចុងខែមុន៕

Post a Comment (0)
Previous Post Next Post