នគរបាលឥណ្ឌាបាននិយាយថា កម្មកររ៉ែយ៉ាងហោចណាស់ ១៨នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានការផ្ទុះមួយនៅឯកន្លែងជីករ៉ែធ្យូងថ្មដែលដំណើរការដោយខុសច្បាប់មួយកន្លែង ក្នុងរដ្ឋ Meghalaya ភាគឦសាននៃប្រទេសឥណ្ឌា។
ប្រតិបត្តិការជួយសង្គ្រោះត្រូវបានធ្វើឡើងយ៉ាងប្រញ៉ាប់ប្រញ៉ាល់ ហើយមនុស្សមួយចំនួនត្រូវបានគេបារម្ភថាអាចនឹងនៅជាប់គាំងនៅឡើយ។ ប៉ូលិសបានឲ្យដឹងថា ការផ្ទុះនេះបានកើតឡើងនៅម៉ោងប្រហែល ១១:០០ ព្រឹកកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងតំបន់ East Jaintia Hills នៃរដ្ឋនេះ។
ស្នងការនគរបាលរដ្ឋ Meghalaya លោក Vikash Kumar បានប្រាប់អ្នកយកព័ត៌មានថា គ្រោះថ្នាក់នេះបានកើតឡើងដោយសារតែការជីករ៉ែ នៅក្នុងរូងដែលមានទម្រង់ដូច រូងកណ្តុរ ដែលជាវិធីសាស្ត្រដ៏គ្រោះថ្នាក់មួយ។ វិធីនេះ អ្នកជីករ៉ែប្រើប្រាស់គ្រាប់បែកឌីណាមិតដើម្បីបំបែករូងតូចៗចង្អៀត ដែលតម្រូវឱ្យកម្មករឱនលូនចូលដើម្បីយកធ្យូងថ្ម។
សកម្មជនសិទ្ធិមនុស្សនិយាយថា ការជីករ៉ែបែប «រូងកណ្តុរ» នេះនៅតែបន្តកើតមាននៅក្នុងរដ្ឋនេះទោះបីជាមានការហាមឃាត់ទាំងស្រុងក៏ដោយ។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុចំនួន ២០០,០០០ រូពី (២,២១៥ ដុល្លារ) សម្រាប់គ្រួសារអ្នកស្លាប់ និង ៥០,០០០ រូពីសម្រាប់អ្នករងរបួស។
ទីតាំងរ៉ែនេះស្ថិតនៅក្នុងតំបន់ព្រៃមួយដែលមានចម្ងាយ ៧២ គីឡូម៉ែត្រ ពីទីក្រុង Shillong ដែលជារដ្ឋធានីរបស់រដ្ឋនេះ។
ប៉ូលិសនិយាយថា សាកសពចំនួន ១៨ ត្រូវបានរកឃើញមកទល់ពេលនេះ ហើយមនុស្សម្នាក់ដែលមានរបួសរលាកធ្ងន់ធ្ងរត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយក្នុងទីក្រុង Shillong។ ទោះជាយ៉ាងណា លោកបាននិយាយថា វាមិនទាន់ច្បាស់នៅឡើយទេថា តើមានកម្មករប៉ុន្មាននាក់ទៀតដែលអាចនឹងនៅជាប់គាំងនៅក្រោមដី។
លោក Kumar បានបន្តថា នគរបាលនៅមិនទាន់កំណត់អត្តសញ្ញាណម្ចាស់និងប្រតិបត្តិការរ៉ែនេះនៅឡើយទេ ខណៈដែលសំណុំរឿងនេះត្រូវបានប្ដឹងទៅតុលាការហើយ។
មេដឹកនាំរដ្ឋ Meghalaya លោក Conrad Sangma បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ការទទួលខុសត្រូវនឹងត្រូវបានកំណត់ ហើយអ្នកដែលទទួលខុសត្រូវនឹងប្រឈមមុខនឹងវិធានការច្បាប់ដ៏តឹងរ៉ឹង»៕ BBC

