ប្រធានសភាពាណិជ្ជកម្មកម្ពុជា (CCC) លោក គិត ម៉េង បានអំពាវនាវឱ្យផ្នែកឯកជនទាំងអស់ត្រូវចូលរួមអនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យបានត្រឹមត្រូវ ដោយចាត់ទុកចំណូលពន្ធ គឺជាធនធានរួមដ៏សំខាន់ដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរក្សាស្ថិរភាពជាតិផងដែរ។
ការលើកឡើងនេះធ្វើឡើងក្នុងវេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦ ក្រោមប្រធានបទ«ការលើកកម្ពស់អនុលោមភាពសារពើពន្ធសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា» ដែលធ្វើនៅអគារអគ្គនាយកដ្ឋានពន្ធដារ (GDT Tower) កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះមានការចូលរួមពី លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងតំណាងក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ សមាជិកសភាពាណិជ្ជកម្ពុជា តំណាងក្រុមហ៊ុន/សហគ្រាស និងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនទៀតផង។
ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា លោក គិត ម៉េង បាននិយាយថា ប្រាក់ចំណូលពន្ធ គឺពិតជាមានសារៈសំខាន់សម្រាប់រដ្ឋាភិបាលយកទៅអភិវឌ្ឍន៍ប្រទេស និងការការពារបូរណភាពដែនដី ដូច្នេះសូមអ្នកជាប់កាតព្វកិច្ចពន្ធទាំងអស់ចូលរួមអនុវត្តកាតព្វកិច្ចបង់ពន្ធឱ្យបានត្រឹមត្រូវតាមច្បាប់។
លោកបន្ថែមថា ក្នុងនាមសភាពាណិជ្ជកម្មកម្ពុជា គឺលោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល អគ្គនាយកដ្ឋានពន្ធដារ និងអ្នកពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការប្រព្រឹត្តិអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ការប្រកួតប្រជែងដោយយុត្តិធម៌ អភិបាលកិច្ចសាជីវកម្មល្អ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។
លោកបន្តថា ការអនុវត្តតាមកាតព្វកិច្ចពន្ធនឹងមិនអាចកើតមានល្អឡើយតាមរយៈការអនុវត្តច្បាប់តែមួយមុខ។
លោកថ្លែងថា៖«ខ្ញុំសូមអំពាវនាវឱ្យផ្នែកឯកជនទាំងអស់ត្រូវអនុវត្តកាតព្វកិច្ចបង់ពន្ធស្របតាមច្បាប់ឱ្យបានត្រឹមត្រូវ ដោយចាត់ទុកថា ពន្ធជាធនធានរួមដ៏សំខាន់ដែលផ្តល់អំណាចដល់រដ្ឋក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការរក្សាស្ថិរភាពជាតិរបស់ប្រទេសកម្ពុជា»។
ជាមួយគ្នានេះ លោក គិត ម៉េង ក៏ស្នើឱ្យអាជ្ញាធរ រួមទាំងអ្នកផ្តល់សេវាផ្នែកពន្ធទាំងអស់ត្រូវបន្តលើកកម្ពស់ភាពងាយស្រួល តម្លាភាព និងភាពជឿទុកចិត្តដល់ផ្នែកឯកជនក្នុងដំណើរការបំពេញកាតព្វកិច្ចបង់ពន្ធ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា ក្នុងយុគសម័យឌីជីថលកម្ពុជាត្រូវការជាចាំបាច់នូវរដ្ឋបាលសារពើពន្ធមួយដែលទំនើប និងឆ្លាតវៃ ដើម្បីផ្ដល់ភាពងាយស្រួល តម្លាភាព និងគណនេយ្យភាពជូនអ្នកជាប់ពន្ធ។
លោកបានថ្លែងថា៖«វេទិកាពន្ធដារកម្ពុជា គឺជាការផ្តល់កាលានុវត្តភាពដ៏វិសេសមួយដើម្បីពង្រឹង និងពង្រីកភាពជាដៃគូឱ្យកាន់តែប្រសើរឡើងថែមទៀតរវាងរដ្ឋបាលសារពើពន្ធ ផ្នែកឯកជន ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ព្រមទាំងអង្គការ និងស្ថាប័នអន្តរជាតិ តាមរយៈការចូលរួមក្នុងកិច្ចសន្ទនា ការផ្លាស់ប្តូរមតិយោបល់-បទពិសោធ និងការចែករំលែកនូវឧត្តមានុវត្តលើប្រធានបទសំខាន់ៗ ដើម្បីជំរុញ និងលើកកម្ពស់អនុលោមភាពសារពើពន្ធ សំដៅធានានូវចីរភាពនៃកំណើនចំណូលជូនរដ្ឋ បង្កើនជំនឿចិត្តរបស់ផ្នែកឯកជនមកលើយន្តការប្រមូលចំណូលរបស់រដ្ឋ ព្រមទាំងរួមចំណែកពង្រឹងប្រព័ន្ធប្រមូលចំណូលពន្ធជូនរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព គណនេយ្យភាព សមភាព និងសមធម៌»។
យោងតាម CCC វេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសភាពាណិជ្ជកម្មកម្ពុជា និងអគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលបំណងសំខាន់ចំនួន ៣ រួមមាន ១. ការលើកកម្ពស់ការយល់ដឹងពីរដ្ឋបាលសារពើពន្ធ បទប្បញ្ញាត្តិ និងកាតព្វកិច្ចសារពើពន្ធ ដើម្បីលើកកម្ពស់អនុលោមភាពសារពើពន្ធនៅកម្ពុជា, ២. ការលើកកម្ពស់កិច្ចពិភាក្សាក្រៅយន្តការរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ដោយប្រកាន់ខ្ជាប់អភិក្រមការសន្ទនាដោយបើកចំហ (Open Dialogue), និង ៣. ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានពន្ធដារកម្ពុជា (Cambodia Tax Administration System) ដែលនឹងត្រូវបានប្រសិទ្ធនាមហៅកាត់ថា «GDT HomeTax- ជីឌីធី ហូមថាក» ដែលជាថ្នាលបច្ចេកវិទ្យាឌីជីថលដ៏ទំនើប សម្រាប់ការផ្តល់សេវា ប្រកបដោយគុណភាពខ្ពស់ ជូនអ្នកជាប់ពន្ធ៕

