ភ្នំពេញ៖ អាជ្ញាធរសុខាភិបាល និងអង្គការដៃគូបានព្រមានថា កម្ពុជាអាចប្រឈមនឹងហានិភ័យផ្ទុះឡើងវិញនៃមេរោគអេដស៍ ប្រសិនបើការយល់ដឹង និងការប្រើប្រាស់ស្រោមអនាម័យក្នុងចំណោមយុវជន និងក្រុមប្រជាជនគន្លឹះបន្តធ្លាក់ចុះ ទោះបីប្រទេសនេះធ្លាប់ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ក្នុងការកាត់បន្ថយអត្រាឆ្លងកន្លងមកក៏ដោយ។
ការព្រមាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដើម្បីឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺកាមរោគ ដែលរៀបចំដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានថ្លែងថា ការប្រើស្រោមអនាម័យនៅតែជាវិធានការមានប្រសិទ្ធភាពខ្ពស់ និងចំណាយថវិកាតិចបំផុតមួយសម្រាប់បង្ការមេរោគអេដស៍ និងជំងឺឆ្លងតាមផ្លូវភេទផ្សេងៗ។
លោកបញ្ជាក់ថា ការយកចិត្តទុកដាក់របស់សាធារណជន ជាពិសេសយុវជន កំពុងថយចុះ ដែលអាចធ្វើឲ្យជំងឺនេះផ្ទុះឡើងវិញគ្រប់ពេលវេលា។
លោកបានថ្លែងថា៖ «ថ្នាំអេដស៍ គ្មានអ្វីខ្លាំងជាងស្រោមអនាម័យ កុំលេប តែប្រើវា។ លទ្ធផល បង្ហាញថា មានប្រសិទ្ធភាពខ្ពស់។ ការប្រើប្រាស់ស្រោមអនាម័យនេះគឺសម្រាប់អ្នកមានដៃគូច្រើន»។
លោកបានរំឭកថា ជំងឺអេដស៍ចាប់់ផ្ដើមចូលស្រុកខ្មែរអំឡុងឆ្នាំ១៩៩០ ឬ ១៩៩១ ដែលយោងតាមការស្រាវជ្រាវជំងឺនេះនាំចូលមកអំឡុងពេលរត់ពន្ធទាំងទំនិញ និងមនុស្ស ខណៈមានការចោទប្រកាន់ថា វាចូលមកតាមរយៈកងកម្លាំងអ៊ុនតាក់។
លោក មូលី បានបញ្ជាក់ថា ការប្រើប្រាស់ស្រោមអនាម័យមិនត្រឹមតែជួយការពារជំងឺអេដស៍ តែក៏ជំងឺកាមរោម។ អំឡុងចុងទសវត្សរ៍៩០ អត្រាឆ្លងនៅកម្ពុជាមានខ្ពស់ជាងគេនៅទ្វីអាស៊ីជាមួយរ៉េវ៉ាឡង់ ៣ភាគរយ និងបន្ដចុះជាលំដាប់ពីជាង ១៤០០០ មកត្រឹម ១២០០ករណីក្នុងមួយឆ្នាំ។
យ៉ាងណាមិញ ដោយមិនសូវមានការយកចិត្ដទុកដាក់ពីសំណាក់ប្រជាពលរដ្ឋទូទៅ ជាពិសេស យុវវ័យសម័យថ្មី ជំងឺអេដស៍អាចផ្ទុះឡើងវិញគ្រប់ពេលវេលា។
លោកបានបញ្ជាក់ថា៖ «ប្រជាជនទូទៅយល់ថា អស់ជំងឺអេដស៍ហើយ។ លែងនិយាយរឿងអេដស៍ហើយ កាលមុន ភ័យរឿងអេដស៍ តែឥឡូវអត់ទេ។ សួរក្មេងៗអាយុ ១៥ ទៅ ២១ឆ្នាំ អត់ដឹងពីជំងឺអេដស៍។ កន្លែងនេះហើយដែលធ្វើឱ្យយើងបារម្ភ ដែលយើងព្រួយ ពីព្រោះជំងឺអេដស៍អាចផ្ទុះឡើងវិញ និងផ្ទុះគ្រប់ពេលវេលា»។
លោកបានលើកឡើងថា អេដស៍កើតឡើងដោយសារការប្រើប្រាស់គ្រឿងស្រវឹង គ្រឿនញៀនជាមួយដៃគូច្រើនភ្លើតភ្លើន រួមទាំងអ្នកប្រកបផ្លូវភេទជាបុរសច្រើនថែមទៀត។
បន្ថែមពីលើបញ្ហាហានិភ័យឆ្លងថ្មី កម្មវិធីប្រយុទ្ធនឹងអេដស៍ក៏កំពុងប្រឈមនឹងការខ្វះខាតធនធានថវិកា ខណៈមូលនិធិសម្រាប់កម្មវិធីសុខភាពនៅតំបន់ និងសកលកំពុងថយចុះ ប៉ុន្តែហានិភ័យនៃការឆ្លងមិនទាន់ធ្លាក់ចុះតាមគោលដៅនោះទេ។
លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកប្រចាំតំបន់អាស៊ីរបស់ AHF បានថ្លែងថា កម្ពុជាបានបង្ហាញភាពជាអ្នកដឹកនាំដ៏រឹងមាំតាមរយៈគោលនយោបាយប្រើស្រោមអនាម័យ ១០០ ភាគរយ ជាពិសេសក្នុងគ្រឹះស្ថានកម្សាន្ត ដែលបានជួយសង្គ្រោះជីវិត និងធ្វើឲ្យសុខភាពសាធារណៈប្រសើរឡើង។
លោកបន្ថែមថា៖ «យើងក៏បន្តគាំទ្រការអប់រំបង្ការមេរោគអេដស៍តាមរយៈការផ្សព្វផ្សាយសហគមន៍ កម្មវិធី យុវជន សិស្ស និស្សិត ប្រជាជនគន្លឹះ និងក្រុមសហគមន៍ ជាការកិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ ជាពិសេស ដោយសារការឆ្លងថ្មីនៅក្នុងប្រទេសកម្ពុជាកំពុងកើនឡើងក្នុងចំណោមយុវជន និងប្រជាជនគន្លឹះ រួមទាំងក្រុមស្រឡាញ់ភេទដូចគ្នា អ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកធ្វើការតាមសេវាកម្សាន្ត»។
អង្គការ AHF ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញសកល បច្ចុប្បន្នផ្តល់សេវាថែទាំ និងព្យាបាលអ្នករស់នៅជាមួយមេរោគអេដស៍ជាង ២.៨ លាននាក់ ក្នុងប្រទេសចំនួន ៥០ ទូទាំងពិភពលោក ហើយត្រូវបានចាត់ទុកថាជាអ្នកផ្តល់សេវាថែទាំអេដស៍មិនស្វែងរកប្រាក់ចំណេញធំបំផុតក្នុងពិភពលោក៕

