ភ្នំពេញៈ នៅក្នុងខែមករា ឆ្នាំ២០២៦នេះ បរិមាណទឹកខ្វក់ ចេញពីរោងចក្រសហគ្រាសជាង ២លានម៉ែត្រគូប ត្រូវបានទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលបរិស្ថាន ដែលបង្កការប៉ះពាល់ដល់សុខភាពសាធារណៈ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅកម្ពុជា។
ក្រសួងបរិស្ថានបានឱ្យដឹងថា សំណល់រាវកខ្វក់ចេញពីក្រុមហ៊ុន រោងចក្រ សហគ្រាសនានា ចំនួន ៧០ ៨៧៥ ម៉ែត្រគូប ក្នុង១ថ្ងៃៗ ឬជាង២លានម៉ែត្រគូប ក្នុងមួយខែៗ ត្រូវបានត្រូវទប់ស្កាត់មិនឱ្យបញ្ចេញទៅបំពុលបរិស្ថាន។ ជាក់ស្តែង នៅក្នុងខែមករា ឆ្នាំ២០២៦ បរិមាណទឹកខ្វក់ ចេញពីរោងចក្រសហគ្រាសចំនួន ២ ១៩៧ ១២៥ ម៉ែត្រគូបត្រូវបានទប់ស្កាត់។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៥ ក្រសួងបរិស្ថានបានទប់ស្កាត់ការបំពុលបរិស្ថាន តាមរយៈការបញ្ចេញសំណល់រាវកខ្វក់ បានជាង ២០ លានម៉ែត្រគូប។ លទ្ធផលសម្រេចបាន រហូតមកដល់ពេលនេះ គឺក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ស្របតាមក្រមបរិស្ថាននិងធនធានធម្មជាតិ។
លោកបញ្ជាក់ដូច្នេះថា៖«រោងចក្រ សហគ្រាស និងក្រុមហ៊ុន ដែលមានសក្តានុពលប្រភពបំពុល ដោយសំណល់រាវចេញពីទីតាំងរបស់ខ្លួន ប្រភេទរោងចក្របោកគក់ ជ្រលក់ពណ៌ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច ដោយប្រើប្រាស់វត្ថុដើមគីមីជាដើម បានចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវនាពេលកន្លងមក»។
លោកបានឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០២៦ ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ចំនួន៥៥ កន្លែងនៅទូទាំងប្រទេស បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ រួចរាល់ហើយ។ ផលប្រយោជន៍នៃការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ គឺអាចត្រួតពិនិត្យ និងតាមដានពីចម្ងាយ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ រួមទាំងគុណភាពសំណល់រាវត្រូវបញ្ចេញ ដោយចាំមិនបាច់ចាត់មន្ត្រីចុះអធិការកិច្ចនៅទីតាំងរោងចក្រ សហគ្រាសដោយផ្ទាល់។លើសពីនេះ វិធានការនេះ ក៏បានចូលរួមលើកកម្ពស់ប្រសិទ្ធភាពការអនុវត្តច្បាប់ កាត់បន្ថយការបំពុលបរិស្ថាន (ទឹក ដី ខ្យល់) ពីរោងចក្រ សហគ្រាស និងកាត់បន្ថយការ ចុះត្រួតពិនិត្យផ្ទាល់ពីមន្រ្តីជំនាញ ដែលអាចបង្កការរំខានដល់អ្នកវិនិយោគ។ មន្រ្តីជំនាញ ចូលរួមទប់ស្កាត់យ៉ាងមានប្រសិទ្ធភាព នូវការបញ្ចេញសំណល់រាវពីរោងចក្រ សហគ្រាស លើសកម្រិតស្តង់ដា និងទប់ស្កាត់មិនឱ្យមានការលេចធ្លាយ ឬ ការលួចបង្ហូរសំណល់រាវពីរោងចក្រ សហគ្រាសជាដើម។
ម៉្យាងវិញទៀត ទិន្នន័យបរិមាណ និងកម្រិតសារធាតុបំពុល (Pollution Levels) ដែលផ្តល់ដោយប្រព័ន្ធនេះ មានលក្ខណៈវិទ្យាសាស្រ្ត សុក្រឹត្យភាព និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។សូមបញ្ជាក់ថា ពាក់ព័ន្ធការគ្រប់គ្រងការបំពុលទឹក ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ត្រូវបានកំណត់ក្នុង មាត្រា១៧៨ របស់ក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលចែងថា បុគ្គល ឬ ម្ចាស់ទីតាំងផលិតកម្ម ធ្វើអាជីវកម្ម ឬ សេវាកម្ម ដែលការបញ្ចេញសំណល់ អាចបង្កហានិភ័យបំពុលបរិស្ថានក្នុងកម្រិតខ្ពស់ ត្រូវអនុវត្តស្វ័យត្រួតពិនិត្យការបំពុលបរិស្ថាន នៅក្នុងទីតាំងរបស់ខ្លួន ដោយត្រូវអនុលោមតាមលិខិតបទដ្ឋានគតិយុត្ត ដែលកំណត់ដោយ ក្រមនេះ ឬ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕



