ភ្នំពេញ៖ គម្រោងកសាងផ្លូវក្រវាត់ព្រំដែន ដែលអនុវត្តដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានសម្រេចវឌ្ឍនភាពសរុបប្រមាណ ៧២,២៩% ក្នុងរយៈពេលប្រមាណ ១៣ ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ ខណៈការងាររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវបានអនុវត្តសម្រេចស្ទើរតែទាំងស្រុង។
តាមសេចក្តីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន បានឱ្យដឹងថា៖ «ខេត្តមណ្ឌលគិរី សម្រេចវឌ្ឍនភាពកសាងផ្លូវក្រវាត់ព្រំដែនបាន ៩១,២% ខណៈខេត្តរតនគិរី សម្រេចបាន ៥១,៨១% ដោយសារស្ថានភាពភូមិសាស្ត្រមានភាពលំបាកជាង»។
ក្នុងការអនុវត្តគម្រោងនេះ ក្រុមការងារបានចាត់បញ្ជូនកម្លាំងវិស្វកម្មកសាងផ្លូវ ចំនួន ៨ កងឯកភាព ដោយប្រើប្រាស់រថយន្ត គ្រឿងចក្រ និងម៉ាស៊ីនគ្រប់ប្រភេទ សរុបចំនួន ២៨៦ គ្រឿង។ ក្នុងនោះ ខេត្តមណ្ឌលគិរី មាន ៥ កងឯកភាព ប្រើប្រាស់គ្រឿងចក្រ ២០០ គ្រឿង និងខេត្តរតនគិរី មាន ៣ កងឯកភាព ប្រើប្រាស់គ្រឿងចក្រ ៨៦ គ្រឿង។
ពាក់ព័ន្ធនឹងសុវត្ថិភាពតំបន់សាងសង់ ការងាររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ត្រូវបានសម្រេចជាស្ថាពរលើផ្ទៃដីទំហំ ៦.០៤០.០០០ ម៉ែត្រការ៉េ ស្មើនឹង ៩៦,៦៤% នៃផ្ទៃដីសរុបដែលបានគ្រោងទុក។
ក្នុងដំណើរការនេះ បានរកឃើញគ្រាប់គ្រប់ប្រភេទ ចំនួន ១០៦ គ្រាប់ និងលោហធាតុចំនួន ១.០០៦ គីឡូក្រាម ក្នុងនោះរួមមានគ្រាប់ប៊ុមប៊ី (គ្រាប់បែកចង្កោម) ចំនួន ៤៣ គ្រាប់។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ការរាវរកគ្រាប់មីននេះ មានសារៈសំខាន់ក្នុងការធានាសុវត្ថិភាពដល់កម្លាំងសាងសង់ និងប្រជាពលរដ្ឋ ព្រមទាំងបង្កើនល្បឿននៃការអនុវត្តគម្រោងកសាងផ្លូវតាមព្រំដែន»។
ក្នុងផ្នែកសំណង់សិល្បការ ក្រុមការងារបានកសាងសម្រេចជាស្ថាពរលូប្រអប់ ចំនួន ២៦ កន្លែង ស្មើនឹង ២៦៥,៨០ ម៉ែត្រ ដាក់លូមូលបេតុងគ្រប់ប្រភេទ ចំនួន ២៤៤ កន្លែង ស្ថាបនាថ្នល់ និងទំនប់បេតុងបង្រៀររក្សាទឹកទុកប្រើប្រាស់ សរុប ១១ កន្លែង ព្រមទាំងស្ថាបនាស្ពានបេតុង ចំនួន ១ កន្លែង ប្រវែង ១៨ ម៉ែត្រ។
ចំពោះការងារផ្លូវ ក្រុមការងារបានឈូសព្រៃទទឹង ៥ ម៉ែត្រ ប្រវែង ២៤១,៦០ គីឡូម៉ែត្រ សម្រាប់រកផ្លូវខ្សែដំបូង ឈូសផ្លូវទទឹង ២០ ម៉ែត្រ ប្រវែង ២១៧,៣០ គីឡូម៉ែត្រ សម្រាប់រកអ័ក្សផ្លូវ និងអនុវត្តការលុបជ្រលង បន្ទាបចំណោតភ្នំ និងធ្វើប្រឡាយ ប្រវែងសរុប ១៨៩,៨ គីឡូម៉ែត្រ។ ការចាក់ក្រាលល្បាយកម្ទេចថ្ម-កិនបង្ហាប់ សម្រេចបានប្រវែង ១២០,២០ គីឡូម៉ែត្រ។
សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា៖ «ក្រុមការងារនឹងបន្តជំរុញការងារកសាងផ្លូវ និងសំណង់មុខទឹកក្នុងខេត្តមណ្ឌលគិរី ឱ្យសម្រេចបានជាស្ថាពរ ១០០% យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៦ ខាងមុខ ខណៈការងារនៅខេត្តរតនគិរី នឹងត្រូវពន្លឿនបន្ថែម ដោយផ្តោតលើតំបន់មានភូមិសាស្ត្រលំបាក»។
រដ្ឋាភិបាលបានប្តេជ្ញាបន្តអនុវត្តការគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ឱ្យបានត្រឹមត្រូវ ធានាតម្លាភាព គណនេយ្យភាព និងក្នុងស្មារតីសន្សំសំចៃខ្ពស់ ព្រមទាំងបន្តផ្តល់ព័ត៌មានអំពីវឌ្ឍនភាពគម្រោងដល់សាធារណជនជាបន្តបន្ទាប់។
គម្រោងកសាងផ្លូវក្រវាត់ព្រំដែន ត្រូវបានចាត់ទុកថា មានសារៈសំខាន់ក្នុងការកែលម្អការតភ្ជាប់ តំបន់ព្រំដែន បង្កើនសុវត្ថិភាព និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតំបន់ឆ្ងាយ ដោយរួមបញ្ចូលទាំងការដោះស្រាយមរតកគ្រាប់មីន ដែលនៅតែជាបញ្ហាសំខាន់សម្រាប់ការអភិវឌ្ឍរយៈពេលវែង។

