ស្ថានភាពនៅតាមព្រំដែនគោក បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ដោយហេតុថាគោលការណ៍ និងយន្តការដែលមានស្រាប់ ក្នុងគោលបំណងបង្ការការរីកសាយភាយនៃជម្លោះ មិនត្រូវបានភាគីថៃ គោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះឡើយ។ នេះជាការថ្លែងរបស់លោក អ៊ុច បូរិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាអនុប្រធានសភាប្រើភាសាបារាំង (APF)។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ នៃសភាប្រើភាសាបារាំង ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ នៅសភានៃប្រទេសម៉ុងតេណេហ្គ្រោ លោក អ៊ុច បូរិទ្ធ បានថ្លែងសុន្ទរកថារបស់ អំពី «ស្ថានភាពនយោបាយនៅអាស៊ីអាគ្នេយ៍» ដែលក្នុងឱកាសនេះ លោកលើកឡើងពីការឈ្លានពានរបស់ថៃលើកម្ពុជា។
លោកបានលើកឡើងថា តំបន់អាស៊ីអាគ្នេយ៍ ដែលធ្លាប់តែត្រូវបានលើកសរសើរជាយូរមក ហើយ ថាជាគំរូនៃកំណើនសេដ្ឋកិច្ចរួមគ្នា បច្ចុប្បន្ននេះកំពុងតែប្រឈមមុខនឹងភាពតានតឹង យ៉ាងធ្ងន់ធ្ងរដែលធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាព ហើយក៏កំពុងបង្កសំណួរចំពោះ គោលការណ៍គ្រឹះ និងសេចក្តីទុកចិត្តជារួមរបស់តំបន់ទាំងមូល។
លោកសង្កេតឃើញថា ការគោរពវិធាន និងគោលការណ៍នៃច្បាប់អន្តរជាតិ កំពុងមានការថយចុះគួរ ឱ្យព្រួយបារម្ភ ដែលនេះជាការផ្តល់ឱកាសដល់ការអនុវត្តវិធានការឯកតោភាគី ដើម្បីបង្ខំឱ្យមានការទទួលស្គាល់ស្ថានភាពជាក់ស្តែងដែលបង្កើតឡើង ដោយអំណាច និងឥទ្ធិពលនៃកម្លាំង។ ការណ៍នេះធ្វើឱ្យប៉ះពាល់ដល់ក្របខ័ណ្ឌច្បាប់ពហុភាគី។
អនុប្រធានទី១ ព្រឹទ្ធសភាបន្តថា បច្ចុប្បន្នស្ថានភាពនៅតាមព្រំដែនគោក រវាងប្រទេសកម្ពុជា និងប្រទេស ថៃ បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង។ ការវិវត្តនេះកាន់តែគួរឱ្យព្រួយបារម្ភបន្ថែមទៀត ដោយហេតុថា គោលការណ៍ និងយន្តការដែលមានស្រាប់ ក្នុងគោលបំណងបង្ការការរីកសាយភាយនៃជម្លោះ មិនត្រូវ បានគោរពឱ្យបានពេញលេញ ឬអនុវត្តឱ្យមានប្រសិទ្ធភាពនោះឡើយ។
លោកពន្យល់ថា នៅក្នុងកម្រិតតំបន់ និងអន្តរជាតិ ធម្មនុញ្ញអាស៊ាននិងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ បានចែងយ៉ាងច្បាស់អំពីការដោះស្រាយវិវាទដោយសន្តិវិធី និងការគោរពអធិបតេយ្យភាព។ ដោយឡែក ក្នុងកម្រិតទ្វេភាគី សន្ធិសញ្ញាឆ្នាំ១៩០៤ អនុសញ្ញាឆ្នាំ១៩០៧ ព្រមទាំងផែនទីឧបសម្ព័ន្ធ ភ្ជាប់ជាមួយឯកសារអស់ទាំងនេះ បង្កើតបានជាបណ្តុំឧបករណ៍គតិយុត្តិដែលមានអានុភាព ខាងផ្លូវច្បាប់បង្ខំឱ្យអនុវត្ត ដែលត្រូវបាន ទទួលស្គាល់ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតអន្តរជាតិ ហើយដែលបានកំណត់យ៉ាងច្បាស់លាស់អំពីការកំណត់ព្រំដែនរវាងប្រទេសទាំងពីរ។
លោក អ៊ុច បូរិទ្ធ បានទៀតថា ទោះបីជាមានយន្តការទាំងនេះក៏ដោយ ក៏ឧប្បត្តិហេតុនានានៅតែបន្តកើតមានជាញឹកញាប់ ហើយហានិភ័យនៃការរីករាលដាលជម្លោះ នៅតែមានកម្រិតខ្ពស់។
លោកថា៖ «មូលហេតុគឺដោយសារការមិនគោរពរបស់ភាគីថៃ ចំពោះឯកសារគតិយុត្តិ ដែលបានរៀបរាប់ខាងលើព្រមទាំងការព្យាយាមជាឯកតោភាគីក្នុងការ ផ្លាស់ប្តូរស្ថានភាពដើម (Status Quo) នៃដែនដី ដោយផ្អែកលើផែនទីដែលរៀបចំឡើងជាឯកតោភាគីដោយភាគីថៃ ដែលគ្មានមូលដ្ឋានច្បាប់ព្រមព្រៀងគ្នា ឬការទទួលស្គាល់ជាអន្តរជាតិនោះឡើយ»។
លោកថា៖ «ការងាកចេញពីក្របខណ្ឌនេះ បានឈានដល់កម្រិតគ្រោះថ្នាក់បំផុត ក្នុងកំឡុងពេលនៃប្រតិបត្តិការយោធា ដែលបានប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយកាន់តែធ្ងន់ធ្ងរថែមទៀត បន្ទាប់ពីការចូលជាធរមាននៃ បទឈប់បាញ់ ដែលត្រូវបានអនុម័តក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការ ព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥»។
លោកថា ដោយមិនគោរពតាមកិច្ចព្រមព្រៀងអស់ទាំងនេះ កងទ័ពថៃបានបន្តលុកលុយចូលក្នុងទឹកដី កម្ពុជា រហូតដល់សាងសង់ឧបសគ្គផ្សេងៗ រួមមាន ការរាយខ្សែលួសបន្លា និងទូរកុងតឺន័រ រារាំងការចូល ទៅកាន់ លំនៅឋានរបស់ប្រជាពលរដ្ឋស៊ីវិល និងធ្វើឱ្យការជម្លៀសប្រជាជនជាច្រើននៅតែ បន្តអូសបន្លាយ។
លោកថ្លែងដូច្នេះថា៖ «អ្វីដែលកាន់តែធ្ងន់ធ្ងរជាងនេះ គឺសកម្មភាពអស់ទាំងនេះបានភ្ជាប់មកជាមួយនឹងវត្តមាន និងការគ្រប់គ្រង ត្រួតត្រាជាបន្តបន្ទាប់នូវតំបន់មួយចំនួនដែលស្ថិតនៅយ៉ាងច្បាស់ក្នុងទឹកដីកម្ពុជា ដែលជាការបង្កើតឱ្យ មានការកាន់កាប់ដោយខុសច្បាប់ ព្រមទាំងសកម្មភាពបំផ្លិចបំផ្លាញលំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល»។
លោក អ៊ុច បូរិទ្ធ ចោទជាសំណួរថា៖ «តើយើងកំពុងមើលឃើញនូវការកើតមានឡើងនូវអ្វីដែលហៅថា សណ្តាប់ ធ្នាប់ថ្មី ដែលច្បាប់ត្រូវបានកំណត់ដោយអ្នកខ្លាំង ឬការកើតឡើងវិញនៃនយោបាយបង្ខំឱ្យទទួលយកស្ថានភាពដែលបានបង្កើតឡឡើងចេញពីភាពសោកសៅនៃបទបញ្ជាផ្អែកលើការបង្ខិតបង្ខំ ជាជាងផ្អែកលើច្បាប់ ឬយ៉ាងណា?»
លោកបន្ថែមទៀតថា អ្វីប្រទេសថៃបានអនុវត្តនូវស្ថានភាពមួយដែលសកម្មភាពជាក់ស្ដែង ផ្ទុយពីពាក្យសម្ដី និងការប្ដេជ្ញាចិត្ត ដោយពួកកេបានបំភ្លៃការពិត បង្កើតភាពច្របូកច្របល់ក្នុងការយល់ដឹង ដោយបង្វែរពី សទៅជាខ្មៅ ពីខ្មៅទៅជាស។
លោកថ្លែងថា៖ «ប្រទេសនេះបានរំលោភបំពានលើទឹកដីរបស់អ្នកដទៃ ដោយគ្រងស្បៃធ្វើជាជនរងគ្រោះ ហើយប្រើលេស ទាំងបំពាន នូវអ្វីដែលហៅថា ការការពារខ្លួនស្របច្បាប់ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងមួយ ដែលខ្លួនឯងជាអ្នកបង្កើត ដោយផ្ទាល់»។
លោកថា នៅសណ្តាប់ធ្នាប់អន្តរជាតិសម័យទំនើប និងដោយគោរពស្មោះត្រង់ គេមិនអាចយល់បានទេ នូវការអះអាងថា រដ្ឋតូចមួយដែលខ្សោយជាងទាំងផ្នែកសេដ្ឋកិច្ច និងយោធា បែរជាមានមហិច្ឆតាឆ្កួតលីលាក្នុងការឈ្លានពាន ឬដណ្តើមយកទឹកដីប្រទេសជិតខាង ដែលមានកម្លាំងខ្លាំងជាងខ្លួនរាប់មិនអស់នោះ។
លោកថា៖ «នៅលើទិដ្ឋភាពច្បាប់ ជំហររបស់កម្ពុជាមានភាពច្បាស់លាស់ណាស់។ ព្រំដែនត្រូវផ្អែកលើ ឧបករណ៍គតិយុត្តិដែលមានអានុភាពខាងផ្លូវច្បាប់បង្ខំឱ្យអនុវត្ត រួមមានជាអាទិ៍ សាលដីកាទាំងឡាយ របស់តុលាការយុត្តិធម៌អន្តរជាតិពាក់ព័ន្ធនឹងប្រាសាទព្រះវិហារ។ សេចក្តីសម្រេចទាំងនេះ មិនមែនជា ជម្រើស ហើយក៏មិនអាចចរចាបានដែរ។ រាល់ការប៉ុនប៉ងកែប្រែស្ថានភាពជាក់ស្តែងនៅលើដីតាមរយៈ កម្លាំង គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ»។
លោកបន្តថា កម្ពុជាធ្វើការតវ៉ាយ៉ាងដាច់អហង្ការ ប្រឆាំងនឹងការកាន់ កាប់ដោយខុសច្បាប់លើផ្នែកខ្លះនៃទឹកដីអធិបតេយ្យរបស់ខ្លួន។ រាល់ការកាន់កាប់ដោយខុសច្បាប់ មិនអាចបង្កើតឱ្យមានផលផ្លូវច្បាប់ ណាមួយបានឡើយ។ លោកស្នើសហគមន៍សភាប្រើភាសាបារាំង ជំរុញឲ្យថៃគោរពច្បាប់អន្តរជាតិនានា។
លោក អ៊ូច បូរិទ្ធ៖ «កម្ពុជាទាមទារឱ្យមានការដកចេញនូវរាល់វត្តមានយោធាបរទេសទាំងអស់ពីទឹក ដីរបស់ខ្លួន ដោយគ្មានលក្ខខណ្ឌ ព្រមទាំងការស្តារឡើងវិញនូវលក្ខខណ្ឌនានា ដែលអនុញ្ញាតឱ្យប្រជាជន ស៊ីវិលអាចវិលត្រឡប់វិញដោយសុវត្ថិភាព»៕

