អ្នកវិភាគមើលឃើញការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហាសាក់ ភួងកេតកែវ ជាមួយទូរទស្សន៍ បារាំង France 24 ថាមានចំណុងភូតកុហក់ជាច្រើនដើម្បីបំភាន់មតិអន្តរជាតិ ខណៈពេលដែលកម្ពុជាសុំត្រឹមតែការពារសច្ចភាពប៉ុណ្ណោះ។
នៅក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍បារាំង France 24 លោក ស៊ីហាសាក់ ត្រូវបានចោទសួរខ្លាំងៗពីអ្នកសម្ភាសអំពីការដែលយោធាថៃត្រូវបានរាយការណ៍ថា កំពុងកាន់កាប់ទឹកដីកម្ពុជា ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់កាសែតអន្តរជាតិនាពេលថ្មីៗនេះ។
ឆ្លើយតបនឹងការសំណួរនេះ លោក ស៊ីហាសាក់ បានថ្លែងថា បទឈប់បាញ់តម្រូវឲ្យទាហានទាំងសងខាងនៅទីតាំងដែលពួកគេឈរជើង ប៉ុន្តែ លោកមិនបានបញ្ជាក់ថា ក្នុងពេលនេះទាហានថៃបានធ្វើសកម្មភាពនានាដូចជាឈូសផ្ទះពលរដ្ឋកម្ពុជា ជីកប្រឡាញ ដាក់ទូរកុងតឺន័រ និងបន្លាលួសនោះទេ។
នៅពេលអ្នកកាសែតសួរពាក់ព័ន្ធនឹងការដាក់បន្លាលួស ទូរកុងតឺន័រ ព័ទ្ធចូលជ្រៅក្នុងទឹកដីខ្មែរ លើសពីព្រំដែនដែលថៃទាមទារ លោក ស៊ីហាសាក់ បែរជាថ្លែងថា កម្ពុជាចង់យកបញ្ហានេះធ្វើជារឿងអន្តរជាតិ ហើយថា ទីតាំងទាំងនោះជាដីថៃ ដែលកម្ពុជាទន្ទ្រានយកកាលពីសម័យសង្គ្រាមទៅវិញ។
លោក ស៊ីហាសាក់ ថែមទាំងបានអះអាងថា ថៃកំពុងធ្វើការបញ្ចៀសកុំឲ្យស្ថានការតាន់តែតាតឹង ហើយថៃជាប្រទេសចង់មានសន្តិភាពជាមួយប្រទេសជិតខាង។
កម្ពុជាធ្លាប់បានលាតត្រដាងជាច្រើនលើកអំពីសកម្មភាពខុសច្បាប់របស់ថៃ ក្រោយពេលមានបទឈប់បាញ់ ដូចជាការជីកប្រឡាយនៅភូមជោគជ័យ ព័ន្ធបន្លាលួស និងដាក់ទូរកុងតឺន័រជាច្រើនកន្លែងលើទឹកដីកកម្ពុជា ក្នុងគោលបំណងបង្កើតស្ថានភាពថ្មី Fait Accomplis។
បច្ចុប្បន្ននេះ ពលរដ្ឋជាច្រើនម៉ឺននាក់នៅតែបាត់បង់ផ្ទះសម្បែង មិនអាចវិលត្រឡប់ទៅវិញ ដោយសារតែថៃព័ទ្ធយក ឬដាក់ទូរកុងតឺន័ររារាំង ដូចជានៅតំបន់បឹងត្រកួន ភូមិជោគជ័យ និងព្រៃចាន់ តំបន់ថ្មដា ជាដើម។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឥរិយាបថភូតកុហក់របស់លោក ស៊ីហាសាក់ មានរាប់ចាប់តាំងពីការមិនលើកឡើងពីការដែលទាហានថៃមិនគោរពបទឈប់បាញ់ ការព្យាយាមបង្កើតស្ថានភាពថ្មីលើដីដើម្បីកាន់កាប់ទឹកដីកម្ពុជា។
លោកថា ការលើកឡើងនានារបស់កម្ពុជា រួមទាំងការផ្ដល់បទសម្ភាសជាមួយកាសែតអន្តរជាតិធំៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ គឺធ្វើឡើងដើម្បីការពារសច្ចភាពតែប៉ុណ្ណោះ។
លោក គិន ភា ថ្លែងថា៖ «ក្រោយបទឈប់បាញ់ ថៃបានរុលចូលជ្រៅក្នុងទឹកដីកម្ពុជា សាងសង់លេណដ្ឋាន ផ្លូវ សំណង់រឹង ហើយថៃកំពុងកែប្រែស្ថានភាពលើដីជាក់ស្ដែង។ ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសថៃលើកតែមួយជ្រុងទេ គឺគាត់មិនបានបង្ហាញតថភាពជាក់ស្ដែង។ ដូច្នេះ ឥរិយាបថរបស់រដ្ឋមន្ត្រីការបរទេសថៃគឺភូតកុហក់អន្តរជាតិ»។
លោកបន្តថា កម្ពុជាមិនបានធ្វើសកម្មភាពអន្តរជាតូបនីយកម្មដោយលោក សីហាសាក់ លើកឡើងទេ គឺគ្រាន់តែលាតត្រដាងការពិតប្រាប់អន្តរជាតិតែប៉ុណ្ណោះ។ កម្ពុជាត្រូវតែតវ៉ាចំពោះសកម្មភាពនានាដែលថៃបានបំពានលើកម្ពុជា។
លោកថ្លែងថា៖ «ការភូតកុហក់របស់ថៃនេះ ខ្ញុំជឿថា សហគមន៍អន្តរជាតិមិនជឿទេ ព្រោះនៅពេលនេះក៏កំពុងមានដំណើរទស្សនកិច្ចមួយរបស់អង្គទូតទៅកាន់តំបន់ព្រំដែន។ ក្រមអ្នកសង្កេតេការណ៍អាស៊ាន AOT ក៏គួរតែបង្ហាញរបាយការណ៍សអង្កេតរបស់ខ្លួនដែរ។ កម្ពុជាមិនត្រូវការអ្នកណាមកគាំទ្រទេ គឺគ្រាន់តែការពារសច្ចភាពនោះគ្រប់គ្រាន់ហើយ»៕

