ក្រោយភាគីថៃគេចវេសតាំងពីផ្ទុះសង្គ្រាមខែធ្នូមក រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ បានស្នើទៅភាគីថៃជាថ្មី ឲ្យចុះមកធ្វើការជាមួយគ្នាដើម្បីបោះបង្គោលព្រំដែនបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី១ ដល់ទី១៥ ខែមីនា នៅភូមិជោគជ័យ ព្រៃចាន់ តំបន់ថ្មដា និងរៀបចំកិច្ចប្រជុំ JBC។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនបានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៤ កុម្ភៈនេះថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានបញ្ជូនកំណត់ទូតជាថ្មីម្តងទៀត ទៅគណៈកម្មការ JBC ភាគីថៃ ដោយស្នើឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) នៃភាគីទាំងពីរចុះលើដីជាក់ស្តែង នៅកាលបរិច្ឆេទ សមស្របណាមួយចន្លោះពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ដើម្បីបន្តអនុវត្តការងារបោះបង្គោល បណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យនិង ភូមិព្រៃចាន់។
ការងារនេះក៏នឹងធ្វើឡើងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ស្ថិតក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង ព្រមទាំងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន ១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើមដែលភាគីទាំងពីរបានឯកភាពគ្នា។
ភាគីកម្ពុជាក៏ស្នើឲ្យចាត់បញ្ជូនក្រុមវាស់វែងចម្រុះ (JSTs) ដើម្បីចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 33-37 (តំបន់បឹងត្រកួន), តំបន់ច្រកទ្វារព្រំដែនអន្តរជាតិថ្មដា, តំបន់អូរភ្លុកដំរី, តំបន់ច១ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងតំបន់ព្រំដែនផ្សេងទៀត នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា។
«រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះវាស់វែងនិងខណ្ឌសីមាលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និង ខ្សែព្រំដែនជាបន្ទាត់ត្រង់) ចន្លោះពីថ្ងៃទី៨ ដល់ថ្ងៃទី១៥ ខែមីនា»។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។
បន្ថែមពីលើនេះ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក៏ស្នើឱ្យមានការរៀបចំកិច្ចប្រជុំក្រុមប្រតិបត្តិការ (OG) កម្ពុជា-ថៃ លើកទី១២ និងកិច្ចប្រជុំអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន (JTSC) កម្ពុជា-ថៃ លើកទី៥ នៅអំឡុងសប្ដាហ៍ទីមួយ ខែមីនា ឆ្នាំ និងកិច្ចប្រជុំពិសេសរបស់គណៈកម្មការ JBC នៃភាគីទាំងពីរនៅអំឡុងសប្តាហ៍ទីពីរខែមីនា។
នៅក្រោយបទឈប់បាញ់ថ្ងៃទី២៧ ខែធ្នូ កម្ពុជាបានស្នើទៅភាគីថៃក្នុងការបន្តកិច្ចប្រជុំ JBC ពីរលើករួចមកហើយ ប៉ុន្តែថៃបានសុំពន្យារដោយអះអាងថា ជាប់រវល់រឿងបោះឆ្នោត៕

