JBC កម្ពុជា ប្រឆាំង​តវ៉ា​ការ​​ប្ដូរ​ឈ្មោះ​ផ្លូវជាតិ​លេខ៥៨ ការ​ជីក​ប្រឡាយ​និង​ការ​បំពានផ្សេង​ទៀត​ដោយយោធាថៃ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

JBC កម្ពុជា ប្រឆាំង​តវ៉ា​ការ​​ប្ដូរ​ឈ្មោះ​ផ្លូវជាតិ​លេខ៥៨ ការ​ជីក​ប្រឡាយ​និង​ការ​បំពានផ្សេង​ទៀត​ដោយយោធាថៃ

 គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ភាគីកម្ពុជា បានតវ៉ាប្រឆាំងយ៉ាងដាច់អហង្ការទៅនឹងសកម្មភាពឈ្លានពាននិង កាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ការបន្តធ្វើសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីនិងអធិបតេយ្យកម្ពុជា ដោយបង្ហោះដ្រូន រាយលួសបន្លា ដាក់ទូរកុងតឺន័រ ដោតទង់ជាតិថៃ ជីកប្រឡាយ សាងសង់ផ្លូវនិងលេណដ្ឋាន ប្តូរឈ្មោះផ្លូវជាតិលេខ៥៨របស់កម្ពុជា។


បើតាមសេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៅថ្ងៃនេះ​ ភាគី​ថៃ​​ក៏​បាន​ធ្វើ​សកម្មភាពកែប្រែបរិស្ថានព្រំដែននៅតំបន់ប្រាសាទតាមាន់និងប្រាសាទព្រះវិហារ ឈូសឆាយបំផ្លិចបំផ្លាញលំនៅឋាននិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ កម្ពុជា និងហាមឃាត់មិនឱ្យប្រជាពលរដ្ឋកម្ពុជាវិលត្រឡប់ចូលរស់នៅក្នុងលំនៅឋានរបស់ពួកគាត់វិញ​ផងដែរ។


រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ថ្លែង​ថា សកម្មភាពទាំងអស់នេះ គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន MOU ឆ្នាំ២០០០ កំណត់ហេតុកិច្ចប្រជុំរបស់គណៈកម្មការ JBC និងកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ជាពិសេសរំលោភលើសមត្ថកិច្ចរបស់គណៈកម្មការ JBC ។


សេចក្ដីប្រកាសព័ត៌មាន​​ថ្លែង​ថា៖ «គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក​កម្ពុជា ប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការ ព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែន របស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក»។


រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់​ជា​ថ្មី​ថា JBC កម្ពុជា​នឹង​មិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងឡើយ។


រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អំពាវនាវដល់ជនរួមជាតិ និងសាធារណជនទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និង JBC កម្ពុជា ដែល​ប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ៕ភ្នំពេញ​ប៉ុស្តិ៍​


Post a Comment (0)
Previous Post Next Post