អ្នកសេដ្ឋកិច្ចអះអាងថា នៅពេលមានតំបន់សេដ្ឋកិច្ចពិសេស(SEZ)កាន់តែច្រើន ឱកាសក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនផ្ទាល់នៅកម្ពុជានឹងមានកាន់តែច្រើន ខណៈក្នុងខែដំបូងនៃឆ្នាំ២០២៦ មានសំណើសុំវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ត្រូវបានអនុម័ត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ចេញផ្សាយក្នុងថ្ងៃទី១០ ខែកុម្ភៈ បង្ហាញថា ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តលើគម្រោងវិនិយោគសរុបចំនួន ៤៣ គម្រោង ក្នុងទំហំទុនសរុបប្រមាណ ៧៥២ លានដុល្លារ និងអាចបង្កើតការងារបានប្រហែល ២៦ ពាន់កន្លែង។ ក្នុងចំណោមនោះ គឺគម្រោងវិនិយោគស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ចំនួន ៣៥ គម្រោង និងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៨ គម្រោង។ បើប្រៀបធៀបនឹងខែមករា ឆ្នាំ២០២៥ គឺក្នុងខែមករា ឆ្នាំ២០២៦ ការចុះបញ្ជីគម្រោងវិនិយោគ បានថយចុះ ២៥ គម្រោង ស្មើនឹង ៣៧% ខណៈទំហំទុនវិនិយោគកើនឡើងប្រមាណ ៣,៤ លានដុល្លារ ស្មើនឹងប្រមាណ ០,៤៥%។
សម្រាប់ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស CDC បានឱ្យដឹងថា មានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ៣ ក្នុងទំហំទុនវិនិយោគសរុប ២៦០លានដុល្លារ និងអាចបង្កើតការងារបាន ៨៦៨នាក់ ត្រូវបានអនុម័ត។ គម្រោងទាំងនោះរួមមាន ទី១. គម្រោងវិនិយោគបង្កើតតំបន់ពិសេស កំពត ហ្វូជាន ដែលស្ថិតក្នុងស្រុកជុំគីរី ខេត្តកំពត មានទុនវិនិយោគ ១២០ លានដុល្លារ, ទី២ គម្រោងវិនិយោគបង្កើតតំបន់ពិសេស ខេភី យ៉ញ នៅក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគ ៦៥ លានដុល្លារ, និងទី៣ គម្រោងវិនិយោគបង្កើតតំបន់ពិសេស ភ្នំពេញ ឡូជីស្ទីក អេន អ៊ិនដាសស្ទៀល ខេមផ្លេកស៍ នៅក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគ ៧៥ លានដុល្លារ។
ប្រធានក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP លោក សំ សុខនឿន បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា តំបន់សេដ្ឋកិច្ចពិសេស(SEZ) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយទាក់ទាញ និងលើកទឹកចិត្តឱ្យអ្នកវិនិយោគចម្រុះជាតិសាសន៍ចូលមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើន។ លោកបន្តថា តំបន់សេដ្ឋកិច្ចពិសេសតែងផ្តល់នូវភាពងាយស្រួលសម្រាប់វិនិយោគិន ដោយក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជាផ្លូវថ្នល់ ថាមពល និងការិយាល័យឯកសារ(ច្រកចេញចូលតែមួយ)ដែលបង្កភាពងាយស្រួល ឆាប់រហ័ស និងស្របតាមតម្រូវការរបស់ម្ចាស់រោងចក្រ/សហគ្រាស។
លោកបានអះអាងថា៖«គ្រប់សកម្មភាពអាជីវកម្មរបស់រោងចក្រ/សហគ្រាសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស គឺមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគ ដោយរាប់ចាប់តាំងពីការស្នើសុំនាំចូលទំនិញជាវត្ថុធាតុដើមសម្រាប់ផលិត/កែច្នៃ រហូតដល់ការនាំចេញទៅទីផ្សារអន្តរជាតិ»។
អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ស៊ុន ចាន់ថុល ធ្លាប់បាននិយាយថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៥ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧ តំបន់។ បើគិតចាប់ពីឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២៥ មានគម្រោងវិនិយោគប្រមាណ ៤០០ គម្រោង បានចូលមកបណ្ដាក់ទុនវិនិយោគរួចរាល់នៅក្នុងតំបន់សេដ្ឋកិច្ចទាំងនោះ។
លោកបានថ្លែងថា៖«តំបន់សេដ្ឋកិច្ចពិសេសបានដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេសពិសេសពីប្រទេសចិន ខណៈបច្ចុប្បន្នកម្ពុជាបានអនុម័តតំបន់សេដ្ឋកិច្ចពិសេសចំនួន ៥៧តំបន់ ហើយក្នុងនោះមាន ១១តំបន់ គឺជាការវិនិយោគរបស់វិនិយោគិនចិន»៕

