រោងកសិដ្ឋានចិញ្ចឹមមាន់ថ្មីមួយទៀត ត្រូវបានសាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសរួចហើយ នៅលើទឹកដីក្នុងតំបន់កសិកម្ម និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ដោយក្រុមហ៊ុននេះ គ្រោងបោះទុនរាប់លានដុល្លារ ដើម្បីចាប់ផ្តើមចិញ្ចឹមមាន់យកពង សម្រាប់ផ្គត់ផ្គងតម្រូវការទីផ្សារក្នុងស្រុក ក៏ដូចជាប្រកួតប្រជែងជាមួយការនាំពងមាន់ពីក្រៅប្រទេស។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ទើបតែបាននាំសហគ្រិនប្រមាណ ៥៥ នាក់ ទៅទស្សនកិច្ច នៅតំបន់អភិវឌ្ឍន៍ក្រុមហ៊ុនរបស់លោក កាលពីថ្ងៃទី ៦ ខែកុម្ភៈ ហើយលោកក៏បាននាំសហគ្រិនទាំងអស់ ទៅមើលកសិដ្ឋានចិញ្ចឹមមាន់យកពងនេះ ដែលទើបតែសាងសង់ និងបំពាក់ឧបករណ៍បច្ចេកទេសរួចរាល់ រង់ចាំតែដាក់មាន់ចូលប៉ុណ្ណោះ។
ចំពោះហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងកសិដ្ឋានទី១នេះ លោក ម៉ុង ឫទ្ធី បានចំណាយជាង ៣០ម៉ឺនដុល្លារ ទៅលើការសាងសង់ ដោយមិនទាន់គិតពីការចំណាយផ្សេងៗទៀតនោះទេ ហើយនៅពេលគម្រោងនេះ ទទួលបានជោគជ័យ លោកនឹងពង្រីកទុនរាប់លានដុល្លារបន្ថែមទៀត ដើម្បីផលិតពងមាន់រាប់លានពង ក្នុង១ឆ្នាំៗ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ក៏ដូចជាការប្រកួតប្រជែងជាមួយការនាំចូលពងមាន់ ពីប្រទេសជិតខាង។
អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុបរូបនេះ បានបញ្ជាក់ថា៖ «បើយើងទទួលបានជោគជ័យ ក្នុងការសាងល្បង (ចិញ្ចឹមមាន់យកពង) នេះ យើងនឹងបង្កើនការវិនិយោគប៉ុណ្ណឹង៥ដងទៀត ទើបឆាប់ចំណេញ ហើយគម្រោងនេះ សម្រាប់ការចែកចាយតម្រូវការក្នុងស្រុកសិន»។
នៅក្នុងបទបង្ហាញដល់សហគ្រិន សម្រាប់ដំណើរទស្សនកិច្ច ទៅកាន់តំបន់អភិវឌ្ឍន៍ក្រុមហ៊ុនម៉ុងឫទ្ធីគ្រុប កាលពីថ្ងៃទី ៦ ខែកុម្ភៈនោះ លោក លី ឡាវីល ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា និងជានាយកចាត់ការទូទៅក្រុមហ៊ុនអឹមភីកអេស៊ីអឹមស៊ី (ខេមបូឌាន) របស់ ម៉ុង ឫទ្ធី គ្រុប បានឱ្យដឹងថា គម្រោងអាជីវកម្មចិញ្ចឹមមាន់ពងនេះ គឺចាប់ផ្តើមពីការចិញ្ចឹមខ្នាតតូចចំនួន ២ម៉ឺនក្បាល ហើយនឹងមានការពង្រីកការចិញ្ចឹមដល់២៤ម៉ឺនក្បាល។
នៅក្នុងផែនការពង្រីកការចិញ្ចឹមមាន់ពង ដល់ ២៤ម៉ឺនក្បាលនេះ លោក លី ឡាវីល បានអះអាងថា នឹងអាចផលិតពងមាន់ បានប្រមាណ ២៤ម៉ឺនពង ក្នុង១ថ្ងៃ ស្មើនឹងជាង៧១លានពង នៅក្នុង១ឆ្នាំ ជាមួយប្រាក់ចំណូល ដែលបានព្យាករណ៍ចន្លោះពី ៧ ទៅ ៨ លានដុល្លារក្នុង១ឆ្នាំ ក្នុងផែនការ ៥ឆ្នាំ។
យ៉ាងណាក៏ដោយ នៅផែនការចិញ្ចឹមមាន់ពង ក្នុងរយៈពេល៥ឆ្នាំនេះ ក៏មានការកើនឡើង នៅទុនវិនិយោគទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធផងដែរ។ លោក លី ឡាវីល បានបញ្ជាក់ថា៖«ទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ គ្រោងប្រមាណ ៤.៧ ទៅ ៥លានដុល្លារ ដើម្បីធ្វើឱ្យបានពង២៤ ម៉ឺនពង នៅក្នុង១ថ្ងៃ ហើយការគ្រោងចិញ្ចឹមមាន់ដល់ ២៤ម៉ឺនក្បាលនេះ យើងអាចផ្គត់ផ្គង់តម្រូវការ នៅលើទីផ្សារបានប្រមាណ ១៥ ភាគរយ»។
នៅក្នុងផែនការចិញ្ចឹមមាន់យកពង ក្នុងជំហានដំបូង ដែលមានរយៈពេល ៥ឆ្នាំ នេះ លោក ម៉ុង ឫទ្ធី បានផ្តោតខ្លាំង ទៅលើការផ្គត់ផ្គង់ក្នុងស្រុកឱ្យមានតុល្យភាព ជាមួយតម្លៃសមរម្យសិន ព្រោះបច្ចុប្បន្ននេះ មានការប្រកួតប្រជែងខ្ពស់រួចទៅហើយ ជាមួយការនាំពងមាន់ចូលពីប្រទេសជិតខាង។
អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប លោក ឫទ្ធី បានគូសបញ្ជាក់ថា៖ «ឥឡូវយើងផ្គត់ផ្គង់ ក្នុងស្រុកយើង កុំឱ្យតែតម្លៃឡើងខ្ពស់ទៅបានហើយ ព្រោះទីផ្សារពងមាន់ នៅកម្ពុជា មានការប្រកួតប្រជែងហើយ ដោយសារវៀតណាម គេចិញ្ចឹមថោកជាងយើង ហើយបាននាំចូលមកយើង សឹងតែ ៩០ភាគរយទៅហើយ»។
នៅពេលសួរថា តើគម្រោងចិញ្ចឹមមាន់យកពងនេះ នឹងអាចពង្រីកការវិនិយោគ ដើម្បីផលិតពងមាន់ឱ្យបានច្រើន ជំនួសការនាំចូលពីក្រៅប្រទេស ឬយ៉ាងណានោះ? លោក ម៉ុង ឫទ្ធី បានឆ្លើយតបថា៖ «យើងធ្វើដើម្បីផ្គត់ផ្គង់ក្នុងស្រុកហើយ ប៉ុន្តែវាគេចមិនផុតពីការប្រកួតប្រជែងនោះទេ ហើយកុំភ័យពេក! អ្នកខ្លះនិយាយមកភ័យពេក ដល់ភ័យពេកអត់ហ៊ានធ្វើអី!»។
ចំពោះផែនការពង្រីកការចិញ្ចឹមមាន់យកពង ដើម្បីប្រកួតប្រជែងជាមួយការនាំពងមាន់ចូលពីប្រទេសជិតខាងនេះ លោក លី ឡាវីល បានបង្ហើបថា៖ «ក្រុមហ៊ុនយើង អាចប្រកួតប្រជែងបាន ដោយសារយើងមានសក្តានុពលខ្ពស់ យើងមានរោងចក្រចំណី និងធនធានស្រាប់ ហើយថ្លៃដើម ក៏យើងអាចប្រកួតប្រជែងបានជាមួយប្រទេសជិតខាងដែរ»។
ជាមួយគ្នានេះ ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក៏មានគម្រោងទី២ ក្នុងការចិញ្ចឹមមាន់យកសាច់ផងដែរ ដោយផ្តោតទៅលើការផ្គត់ផ្គង់សាច់មាន់ នៅក្នុងស្រុក ដែលកំពុងមានតម្រូវការខ្លាំង ហើយក៏មានការនាំយកច្រើនពីប្រទេសជិតខាងដូចគ្នា។
ជុំវិញការងារនេះ លោក លី ឡាវីល បានបញ្ជាក់នៅក្នុងបទបង្ហាញរបស់លោកថា៖«ចំពោះគម្រោងមាន់សាច់នេះ យើងក៏កំពុងចាប់ផ្តើមធ្វើផងដែរ ដោយយើងគ្រោងផលិតមាន់ប្រមាណជាង ២ម៉ឺនក្បាល ក្នុង១ថ្ងៃ វាស្មើនឹងជាង៧លានក្បាល ក្នុង១ឆ្នាំ ហើយគិតជាសាច់ស្មើនឹង ១៦៤០០ តោន ដែលយើងគ្រោងនឹងដឹកចែកចាយ នៅក្នុងលើទីផ្សារកម្ពុជា គឺនេះជាទស្សនវិស័យនៃការពង្រីកអាជីវកម្មប្រភេទសត្វរបស់យើង»៕

