ទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបជាមួយលោក Ueno Atsushi ឯកអគ្គរាជទូតនៃប្រទេសជប៉ុនប្រចាំកម្ពុជា ដែលនៅក្នុងជំនួបនេះ លោកបានលម្អិតអំពីអំពើឈ្លានពានរបស់ថៃមកលើកម្ពុជា និងការរំលោភសិទ្ធិមនុស្ស ផ្ទុយពីខ្លឹមសារបទឈប់បាញ់។
ក្នុងជំនួបនៅរសៀលថ្ងៃទី៩ កុម្ភៈកន្លងទៅ លោក កែវ រ៉េមី បានប្រាប់ទៅលោកទូតជប៉ុនថា ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យ៉ាងណាក៏ដោយ ក៏ជនភៀសសឹកប្រមាណ ៩ម៉ឺននាក់ មិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានខ្លួនវិញដោយសុវត្ថិភាពនោះទេ ដោយសារតែយោធាថៃបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងធ្វើសកម្មភាពរារាំងផ្សេងៗ ដូចជា ការដាក់ពង្រាយបន្លាលួសនិងទូកុងតឺន័រ ជាដើម។
លោកថា សកម្មភាពទាំងនេះ គឺផ្ទុយទាំងស្រុងទៅនឹងខ្លឹមសារចំណុចទី៤ នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលបានចែងថា ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែន ដែលរងផលប៉ះពាល់ វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត «ដោយគ្មានការរារាំង មានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន»។
លោកបន្តថា សកម្មភាពរបស់ភាគីថៃ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅដល់សិទ្ធិសេរីភាពជាមូលដ្ឋានបរស់ជនភៀសសឹក ជាពិសេសស្រ្តី កុមារ ទារក មនុស្សចាស់ អ្នកជំងឺ និងជនមានពិការភាព ក្នុងការទទួលបានសិទ្ធិអប់រំ ការថែទាំសុខភាព សិទ្ធិទទួលបានលំនៅឋានសមរម្យ និងសេរីភាពក្នុងការធ្វើដំណើរ។
លោកក៏បានរៀបរាប់ពីសកម្មភាពឈ្លានពានពីយោធាថៃ ដោយបានប្រើប្រាស់អាវុធគ្រប់ធុន រួមមាន គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង F-16, Gripen និង T-50 វាយប្រហារដោយមិនរើសគោលដៅមកលើប្រជាជនស៊ីវិល បំផ្លិចបំផ្លាញផ្ទះសម្បែងជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល វត្តអារាម សាលារៀន មន្ទីរពេទ្យ ប្រាសាទបុរាណ ជាពិសេស ប្រាសាទព្រះវិហារ រូបសំណាកសាសនា ការលួចទ្រព្យសម្បត្តិ និងការសាងសង់សំណង់ថ្មីៗក្នុងគោលបំណងបង្កើតអត្តសញ្ញាណថ្មីលើដែនអធិបតេយ្យភាពកម្ពុជា ផងដែរ។
លោក កែវ រ៉េមី លើកឡើងថា៖ «ទោះបីជាសណ្តាប់ធ្នាប់ពិភពលោកធ្លាក់ចុះយ៉ាងណាក៏ដោយ ក៏ឯកឧត្តមទេសរដ្ឋមន្រ្តី នៅតែជឿជាក់ថា ការដោះស្រាយជម្លោះ ការស្វែងរកនិងទទួលបានយុត្តិធម៌ ព្រមទាំងការទទួលសន្តិភាពយូរអង្វែង ត្រូវផ្អែកលើយន្តការនិងច្បាប់អន្តរជាតិ»។
លោកបន្តថា លោក «មានជំនឿជាក់លើសមត្ថភាពនិងតួនាទីដ៏សំខាន់ប្រទេសជប៉ុន ក្នុងការជំរុញឱ្យភាគីថៃ ចូលរួមដោះស្រាយបញ្ហានេះស្របតាមយន្ដការ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។
លោក Ueno Atsushi ថ្លែងថា លោកនឹងជម្រាបជូនរដ្ឋាភិបាលនៅទីក្រុងតូក្យូ ពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។ នេះបើតាម គ.ស.ម.ក.។ ភាគីជប៉ុនតែងតែគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមក ដូចជាបានផ្តល់ជំនួយមនុស្សធម៌ទៅដ

