ខេត្ដឧត្ដរមានជ័យ៖ វត្តព្រះពុទ្ធសាសនាមួយនៅជិតព្រំដែនកម្ពុជា–ថៃ ត្រូវបានវាយប្រហារពីរដងក្នុងរយៈពេលប្រាំខែ ប្រែក្លាយទីសក្ការៈដែលធ្លាប់ស្ងប់ស្ងាត់មួយឱ្យក្លាយជាទីកន្លែងរងស្នាមសង្គ្រាម និងបញ្ជាក់ពីភាពមិនមានសុវត្ថិភាពកើនឡើងចំពោះព្រះពុទ្ធសាសនា។
វត្តប្រាសាទតាមាន់សែនជ័យ ស្ថិតនៅឃុំគោកមន ស្រុកបន្ទាយអំពិល ជិតបរិវេណប្រាសាទតាមាន់ ត្រូវបានបំផ្លាញស្ទើរទាំងស្រុង បន្ទាប់ពីការបាញ់ផ្លោងយ៉ាងធ្ងន់ធ្ងរក្នុងការប្រយុទ្ធឈ្លានពានលើកទីពីរ នៅដើមខែធ្នូ ឆ្នាំ២០២៥ នេះ។
លោកអាចារ្យ តឹក ប៊ុនធឿន ប្រធានអាចារ្យ បានរំឭកពីការភ័យស្លន់ស្លោ ខណៈការផ្ទុះបានកើតឡើងភ្លាមៗបន្ទាប់ពីម៉ោងប្រហែល ៦ ព្រឹក ខណៈដែលលោកកំពុងរៀបចំចង្ហាន់សម្រាប់ព្រះសង្ឃ។
លោកបាននិយាយថា៖ «ប្រហែលម៉ោង ៦ ព្រឹក ខ្ញុំចេញពីផ្ទះទៅវត្តដើម្បីរៀបចំចង្ហាន់ប្រគេនព្រះសង្ឃ ខណៈនោះស្រាប់តែមានសំឡេងផ្ទុះកើតឡើង»។
ដំបូង លោកមិនគិតថាជាការប្រយុទ្ធទេ ដោយសារតែកន្លងមក ភាគីថៃតែងតែបាញ់បោះបង្កសំឡេងរំខានជាទម្លាប់។ ប៉ុន្តែប្រហែលម៉ោង ៦:៤៥ នាទី ព្រឹក គ្រាប់ផ្លោងបានធ្លាក់ក្នុងបរិវេណវត្ដ ក្នុងពេលព្រះសង្ឃរៀបចំឆាន់។
លោកប៊ុនធឿន បានរៀបរាប់ថា៖ «មានគ្រាប់ផ្លោងជាច្រើនធ្លាក់ ពេលខ្ញុំជិះម៉ូតូទៅដល់វត្ដ ហើយឃើញព្រះសង្ឃរត់គេចដោយភ័យស្លន់ស្លោ។ ខ្ញុំបានទុកម៉ូតូចោល ហើយនាំព្រះសង្ឃទៅពួនពីក្រោយថ្ម»។
បន្ទាប់មក លោកបាននាំព្រះសង្ឃ៦អង្គចូលលេណដ្ឋាន ស្របពេលយោធាថៃបន្ដបាញ់ផ្លោងរយៈពេលជាច្រើនម៉ោង។ ព្រួយបារម្ភអំពីព្រះចៅអធិការ ដែលគង់នៅវត្ដចាស់ លោកបានលូនឆ្លងកាត់បរិវេណ ដើម្បីនាំព្រះអង្គទៅកាន់ទីសុវត្ថិភាព។
លោកបានបន្តថា៖ «ប្រហែលពីម៉ោង ១១:៤៥ ព្រឹក ដល់ថ្ងៃត្រង់ ព្រះសង្ឃនៅមិនទាន់បានឆាន់អាហារទេ» ហើយបន្ថែមថា ការបាញ់ផ្លោងរៀងស្រាកស្រានប្រហែលម៉ោង ៣ រសៀល។
បដិមាព្រះពុទ្ធចូលនិព្វាន និងបដិមាព្រះពុទ្ធទ្រង់បាតរងគ្រាប់ផ្លោងយោធាថៃ ដែលប្រហារពីសំណាក់មិនរើសមុខ និងទីតាំង។ រូបថត ហុង រស្មី
ក្រុមព្រះសង្ឃបានចាប់ផ្តើមជម្លៀសព្រះកាយ ដោយមានតែម៉ូតូមួយគ្រឿង។ ព្រះសង្ឃមួយអង្គបានដឹកព្រះសង្ឃផ្សេងៗទៅកាន់ទីសុវត្ថិភាពជាច្រើនជើង ខណៈលោក ប៊ុនធឿន បានដើរជើងចេញពីវត្ដ។
នៅថ្ងៃទី៨ ខែធ្នូដដែល ព្រះសង្ឃទាំងអស់អាចចាកចេញពីបរិវេណវត្តដោយសុវត្ថិភាព។
លោកបាននិយាយថា៖ «នៅពេលនោះ យើងមិនហ៊ានមើលក្រោយឡើយ។ ក្តីបារម្ភតែមួយគត់គឺការរស់រានមានជីវិត»។
ទំហំការបំផ្លាញទើបតែច្បាស់ក្រោយពេលអំពើហិង្សាបានស្ងប់ស្ងាត់។
លោក ប៊ុនធឿន បាននិយាយថា៖ «ការផ្ទុះលើកទីពីរនេះ បណ្តាលឱ្យមានការបំផ្លាញស្ទើរទាំងស្រុង»។
អគារជាច្រើនរងការខូចខាតធ្ងន់ធ្ងរ ខណៈផ្ទះបាយ សាលាឆាន់ខាងលើ ព្រះវិហារ និងកុដិព្រះសង្ឃមួយចំនួន ដែលទើបជួសជុលពីសទ្ធាជន បន្ទាប់ពីការប៉ះទង្គិចមុន ត្រូវបានបំផ្លាញជាថ្មី។
គ្រាន់តែវត្ដចាស់តែមួយ ត្រូវបានគ្រាប់បែកផ្លោងបីគ្រាប់ ទម្លាក់ពីយន្តហោះបន្ថែមទៀត។
លោកបាននិយាយថា៖ «រោងបុណ្យសម្រាប់ព្រះសង្ឃគង់ និងទទួលបច្ច័យពីសទ្ធាជន។ ឥឡូវនេះត្រូវបានឆេះអស់ហើយ។ បរិវេណវត្តទាំងមូលរងផលប៉ះពាល់គ្មានកន្លែងណាមិនរងគ្រោះឡើយ»។
ការបាញ់ផ្លោងខែធ្នូ គឺជាការវាយប្រហារធំលើកទីពីរលើទីសក្ការៈនេះ។
នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ក្នុងអំឡុងការប៉ះទង្គិចព្រំដែនរយៈពេល៥ថ្ងៃ ដែលមានការបាញ់ផ្លោងធ្ងន់ និងវាយប្រហារតាមអាកាស វត្តនេះត្រូវបានវាយប្រហារ ពីយន្តហោះចម្បាំង F-16 និងកាំភ្លើងធំរបស់ថៃ។ វត្តដែលស្ថិតចម្ងាយប្រហែល១,៥គីឡូម៉ែត្រពីព្រំដែន បានរងការខូចខាតធ្ងន់ធ្ងរ។
អាចារ្យវ័យ៧០ឆ្នាំម្នាក់ ឈ្មោះ ជី ខេង ហៅតា សុខ បានស្លាប់ បន្ទាប់ពីសាកសពត្រូវបានរកឃើញក្រោមកម្ទេចថ្ម ខណៈមនុស្សជាច្រើនផ្សេងទៀតត្រូវបានរាយការណ៍ថារងរបួស។ អំពើហិង្សានេះបានបង្ខំឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋនៅជិតខាងរត់គេចខ្លួន។
ពេលរំឭកពីការបំផ្លាញចុងក្រោយ លោកប៊ុនធឿន បានសួរអំពីការគោរពចំពោះទីសក្ការៈក្នុងអំឡុងសង្គ្រាម។
លោកបាននិយាយថា៖ «ផ្អែកលើអ្វីដែលខ្ញុំបានឃើញ សកម្មភាពទាំងនេះបង្ហាញពីភាពឈ្លានពាន និងភាពឃោរឃៅ។ ពួកគេអះអាងថាគោរពព្រះពុទ្ធសាសនា ប៉ុន្តែសូម្បីតែវត្ត ជាទីសក្ការៈនៃសាសនា ក៏មិនលើកលែងដែរ»។



