ត្បូងឃ្មុំៈ ក្រសួងបរិស្ថានបានផ្អាកសកម្មភាពអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកចំនួន ៥ទីតាំង និងបញ្ជាឱ្យបង់ពិន័យអន្តរការណ៍ បន្ទាប់ពីបានរកឃើញការបង្កផលប៉ះពាល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងឃុំចំនួនពីរ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ នៅថ្ងៃទី៦ និង៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារអធិការកិច្ច នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានចុះត្រួតពិនិត្យផ្ទាល់ និងបានរកឃើញបញ្ហាបំពុលបរិស្ថាន និងចំណុចខ្វះខាតរបស់ទីតាំងអាជីវកម្មក្រុមហ៊ុនប្រមូលទិញជ័រកៅស៊ូបង្កកទាំង៥ទីតាំង នៅក្នុងស្រុកមេមត់ ដោយបានបង្កបញ្ហាក្លិនអាក្រក់ ចេញពីកន្លែងជ័រកៅស៊ូបង្កក និងពីរណ្តៅស្តុកសំណល់រាវ។
ក្រសួងបញ្ជាក់ថា៖«ក្រុមការងារបានពិនិត្យឃើញថាក្រុមហ៊ុនទាំងអស់នោះ បានគ្រប់គ្រងសំណល់រាវ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងតាមច្បាប់ (ពុំមានអាងសម្អាត) ដោយទីតាំងនីមួយៗ គ្រាន់តែមានរណ្តៅដីសម្រាប់ស្តុកទឹកសំណល់ប៉ុណ្ណោះ។ ជាមួយគ្នានេះទីតាំងអាជីវកម្មទាំងនោះ បានដំណើរការដោយគ្មានកិច្ចសន្យាការពារបរិស្ថានផងដែរ»។
ក្រុមការងារអធិការកិច្ចនេះដឹកនាំដោយលោក ចាប យុធី អនុប្រធាននាយកដ្ឋាន ដោយមានការចូលរួមពីមន្ទីរបរិស្ថានខេត្តត្បូងឃ្មុំ រដ្ឋបាលស្រុកមេមត់ និងអាជ្ញាធរឃុំមេមត់។ ទីតាំងអាជីវកម្មប្រមូលទិញជ័រកៅស៊ូបង្កកទាំងនោះ ស្ថិតនៅភូមិសង្គមមានជ័យ ភូមិជាំម្អោរ ភូមិសង្គមមានជ័យ ឃុំមេមត់ ស្រុកមេមត់ និងស្ថិតនៅភូមិដក់ព័រ ឃុំទ្រៀក ស្រុកមេមត់។
ដើម្បីទប់ស្កាត់បញ្ហាបំពុលបរិស្ថានជាបន្តទៀត ក្រុមការងារក្រសួងបរិស្ថានបានចាត់វិធានការច្បាប់ ដោយតម្រូវឱ្យទីតាំងអាជីវកម្មទាំងនោះ ផ្អាកសកម្មភាពអាជីវកម្មជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីក្រសួងបរិស្ថាន។ បន្ទាប់មកក្រុមហ៊ុនអាជីវកម្មទាំងនោះ ត្រូវទទួលរងពិន័យអន្តរការណ៍ ដោយអនុលោមមាត្រា៨២៦ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ការបង្កបញ្ហាក្លិនស្អុយ និងការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលអនុលោមមាត្រា១៦១នៃក្រមបរិស្ថាននិងធនធានធម្មជាតិ។ លើសពីនេះក៏បានបញ្ចេញសំណល់រាវមិនត្រឹមត្រូវ (អនុលោមមាត្រា១៥៦ មាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងឧបសម្ព័ន្ធ "ស្តង់ដា" នៃអនុក្រឹត្យលេខ១០៣)។ ក្រៅពីនេះក្រុមហ៊ុនអាជីវកម្មទាំងអស់នោះ បានបើកដំណើរការ ពុំមានកិច្ចសន្យាការពារបរិស្ថាន គឺល្មើសមាត្រា៦៦៨នៃក្រមបរិស្ថាននិងធនធានធម្មជាតិ និងអនុក្រឹត្យលេខ៧២របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ក្រសួងបរិស្ថាន តម្រូវឲ្យម្ចាស់ទីតាំងនីមួយៗ អនុវត្តវិធានការកែប្រែ ដោយត្រូវរៀចំអាងប្រព្រឹត្តិកម្មសំណល់រាវ ឱ្យត្រូវតាមគោលការណ៍បច្ចេកទេស និងមាត្រា២៨៧ នៃក្រមបរិស្ថាននិងធនធានធម្មជាតិ ដើម្បីកាត់បន្ថយបញ្ហាក្លិនស្អុយ និងទប់ស្កាត់ការបំពុលទឹកសាធារណៈ ឲ្យបានរួចរាល់ ក្នុងរយៈពេល៣ខែ។ បន្ថែមពីនេះ ម្ចាស់ទីតាំងនីមួយៗ ត្រូវរៀបចំកិច្ចសន្យាការពារបរិស្ថាន រួចត្រូវដាក់ជូនក្រសួងបរិស្ថាន ដើម្បីធ្វើការពិនិត្យ និងអនុម័ត ដោយអនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធ ឲ្យបានរួចរាល់ក្នុងរយៈពេល៣ខែ៕




