សៀមរាបៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាថ្ងៃចន្ទ ទី៩ ខែកុម្ភៈនេះបានធ្វើការប៉ាន់ស្មានថា ទិន្នផលត្រីដែល ប្រជាពលរដ្ឋយ៉ាងច្រើនកុះករនាំគ្នាចាប់តាមលក្ខណៈប្រពៃណីបុរាណនៅបឹងបង្កោងនោះ គឺមានប្រមាណជា ៨តោន ដែលកើនឡើងជាងឆ្នាំមុនៗ។
ក្រសួងបានលើកឡើងថា បរិមាណត្រីនៅបឹងបង្កោងមានការកើនឡើងនេះ គឺដោយសារតែការចូលរួមអភិរក្ស ដែលក្នុងនោះ រដ្ឋលេខាធិការក្រសួងកសិកម្ម លោកឃុន សាវឿនបាននាំយកនូវពូជកូនត្រីប្រមាណ ៥ម៉ឺនកូនទៅលែងចូលក្នុងបឹងបង្កោងនោះ ដើម្បីបង្កើនផលត្រីធម្មជាតិ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២៥ កន្លងម។ ត្រីទាំងនោះគឺជាអំណោយរបស់ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោកឌិត ទីណា ដែលរួមមាន៖ កូនត្រីផ្ទក់ អណ្ដែង ឆ្ពិន ព្រលូង ប្រា។ល។
ក្រសួងបានបញ្ជាក់ថា៖«ប្រជាពលរដ្ឋ ដែលចូលរួមក្នុងពិធីចាប់ត្រីបានសម្តែងនូវក្តីរីករាយ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅគោរពជូនចំពោះឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ដែលបានឧបត្ថម្ភកូនពូជត្រីលែងចូលក្នុងបឹងបង្កោង ដោយធ្វើឱ្យទិន្នផលត្រីក្នុងបឹងនេះមានការកើនឡើង ហើយតាមការប៉ាន់ស្មានទិន្នផលត្រីដែលបងប្អូនប្រមូលផលបានសរុបប្រមាណ៨តោន»។
លោករដ្ឋលេខាធិការ ឃុន សាវឿន ក៏បានអញ្ជើញដឹកនាំក្រុមការងារ ចូលរួមក្នុងពិធីចាប់ត្រីបែបបុរាណ នៅបឹងបង្កោង ក្នុងភូមិបង្កោង ក្នុងឃុំអំពិល ស្រុកប្រាសាទបាគងកាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈនោះផងដែរ។
ពិធីចាប់ត្រីបែបបុរាណតាមទំនៀមទំលាប់ពីដូនតារបស់ប្រជាពលរដ្ឋអ្នកភូមិ ស្ថិតនៅក្នុងបឹងបង្កោង ដោយមានការចូលរួមពីប្រជាពលរដ្ឋគ្រប់វ័យយ៉ាងច្រើនកុះករ មកពីស្ទើរតែគ្រប់ខេត្ត-រាជធានី។
មន្ទីរព័ត៌មានខេត្តសៀមរាបបានចាត់ទុក ពិធីចាប់ត្រីរួមគ្នាបែបបុរាណនេះថាជា«មរតកដូនតាស្រុកអង្គរ» ដែលធ្វើឱ្យទឹកដីបឹងបង្កោងពោពេញដោយស្នាមញញឹម។ ផ្ទៃទឹកបឹងបង្កោងបានប្រែជាមានភាពអ៊ូអរយ៉ាងខ្លាំង ដោយសារវត្តមានប្រជាពលរដ្ឋរាប់ពាន់នាក់ រួមនឹងភ្ញៀវទេសចរបរទេសបាននាំគ្នាចូលរួមក្នុង ពិធីចាប់ត្រីរួមគ្នាបែបបុរាណនោះ។ ការចាប់ត្រីនេះមិនត្រឹមតែជាការរកម្ហូបសម្រាប់ពិធីបុណ្យឡើងមាឃប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការអភិរក្សមរតកអរូបីដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់ «អ្នកស្រុកអង្គរ»។









