កម្ពុជានិង​អូស្ត្រាលីពង្រឹង​កិច្ចសហប្រតិបត្តិការ​​ការពារទន្លេមេគង្គប្រកប​ដោយ​​​ចីរភាព
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជានិង​អូស្ត្រាលីពង្រឹង​កិច្ចសហប្រតិបត្តិការ​​ការពារទន្លេមេគង្គប្រកប​ដោយ​​​ចីរភាព

 កម្ពុជា និងអូស្ត្រាលី កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ជិត​ស្និទ្ធ​​ក្នុង​ការការ​ពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ស្រប​តាម​យុទ្ធ​សាស្រ្ត​ចក្រា​វិស័យ​បរិស្ថាន តាម​រយៈ​ការ​អនុវត្ត​នូវ​គម្រោងរួមគ្នា​ការពារ​ទន្លេ​មេគង្គ ដោយ​បាន​រៀបចំ​ឱ្យ​មាន អនុក្រឹត្យ​ស្តី​ពី​នីតិវិធី​នៃ​ការ​វាយ​តម្លៃ​បរិស្ថាន​ជាយុទ្ធ​សាស្ត្រ (SEA)។



យោង​តាម​ក្រសួង​បរិស្ថាន អនុក្រឹត្យ​ស្តី​ពី​នីតិវិធី​នៃ​ការ​វាយ​តម្លៃ​បរិស្ថាន​ជាយុទ្ធ​សាស្ត្រ (SEA) គឺ​ជា​មូលដ្ឋាន​គ្រឹះ​ផ្នែក​ច្បាប់ និង​ការណែនាំ​ប្រតិបត្តិ សម្រាប់​ការ​អនុវត្តនៅ​កម្ពុជា ហើយ​មាន​គោលបំណង ធានា​នូវ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​បរិយាបន្ន​នៅ​ក្នុងតំបន់​ទន្លេ​មេគង្គ។


កិច្ច​សហប្រតិបត្តិការ​​នេះ ត្រូវ​បាន​បញ្ជាក់​តាម​រយៈ​ការ​​ចុះ​ហត្ថលេខា​លើ​លិខិត​ព្រម​ព្រៀង​រវាង​ក្រសួង​បរិស្ថាន និង អង្គការ​មូល​និធិ​អាស៊ី (The Asia Foundation) ស្ដីពី​ការ​រៀបចំ​អនុក្រឹត្យ​ស្ដីពី នីតិ​វិធី​នៃ​ការ​វាយ​តម្លៃ​បរិស្ថាន​ជា​យុទ្ធ​សាស្ត្រ និងការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​នៅ​កម្ពុជា នា​ថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅ​ទីស្តី​ការ​ក្រសួងបរិស្ថាន។


លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ត្រូវ​បាន​ចាត់​តាំង​​ជា​តំណាង​​ក្រសួង​​បរិស្ថាន ដើម្បី​ចុះ​ហត្ថលេខា​​ដោយ​​ផ្ទាល់​​ជាមួយ​លោក​ស្រី Meloney C. Lindberg តំណាង​អង្គការ​មូល​និធិ​អាស៊ី​ប្រចាំ​កម្ពុជា ដោយ​មាន​លោក Derek Yip ឯកអគ្គ​រដ្ឋ​ទូត​អូស្រ្តាលី​ប្រចាំ​​កម្ពុជា ជា​សាក្សី ក្រោម​អធិបតីភាព​​​លោក អ៊ាង សុផល្លែត រដ្ឋ​មន្រ្តីក្រសួង​បរិស្ថាន។


ក្រសួង​បរិស្ថានបាន​ដឹង​ថា ​ អនុក្រឹត្យ​ស្តីពី​​នីតិ​វិធី​នៃ​ការ​វាយ​តម្លៃ​បរិស្ថាន​ជាយុទ្ធ​សាស្ត្រ បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការ​បញ្ជ្រាប​បញ្ហា​បរិស្ថាន​ទៅ​ក្នុង​ការ​រៀបចំ​គោល​នយោបាយ ផែន​ការ និង​កម្ម​វិធីតាម​វិស័យ​នីមួយៗ។ 


ក្រសួង​បរិស្ថានបញ្ជាក់​ថា៖ «ការ​វាយ​តម្លៃ​បរិស្ថាន​ មិនមែន​គ្រាន់​តែ​ជា​ការ​ណែនាំបច្ចេកទេសក្នុង​ជួយ​បង្កើន​សក្តានុពល​ការ​វាយ​តម្លៃ​បរិស្ថាន​ជា​យុទ្ធ​សាស្រ្ត​ប៉ុណ្ណោះ​ទេ តែ​វា​គឺ​ជាឧបករណ៍​ប្រមើល​មើល​ពី​សក្តានុពល​នៃ​ផល​ប៉ះ​ពាល់​បរិស្ថាន និង​សង្គម ដែល​អនុញ្ញាត​ឱ្យ​យើងបញ្ជូល​ទៅ​ក្នុង​គោល​នយោបាយ កម្ម​វិធី និង​ផែន​ការ​ថ្នាក់​ជាតិ និង​តាម​វិស័យ ធានា​នូវ​កំណើនសេដ្ឋ​កិច្ច មាន​ដំណើរ​ទៅ​ព្រមជាមួយ​នឹង​គោល​ដៅ​បរិស្ថាន​ប្រកប​ដោយ​ចីរភាព»។ 


បន្ថែម​លើ​នេះ ​ការ​វាយ​តម្លៃ​បរិស្ថាន​ជាយុទ្ធ​សាស្ត្រ ក៏​បាន​បង្កើត​ឱកាស​សម្រាប់​ការអភិវឌ្ឍ​បៃតង ក្នុង​វិស័យ​ឧស្សាហកម្ម រ៉ែ ថាមពល កសិកម្ម ទេសចរណ៍ ហេដ្ឋា​រចនា​សម្ព័ន្ធ ប្រព័ន្ធទូរ​គមនាគមន៍ និង​វិស័យ​សំខាន់ៗ ដែល​មាន​ចែង​ក្នុង​ក្រម​បរិស្ថាន និង​ធនធាន​ធម្ម​ជាតិ ហើយ​​ក៏នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បង្កើន​គុណ​ភាព​នៃ​ការ​អនុវត្ត​ការ​វាយ​តម្លៃ​ហេតុ​ប៉ះ​ពាល់​បរិស្ថាន​ផង​ដែរ៕



Post a Comment (0)
Previous Post Next Post