ភ្នំពេញ៖ ចក្រភពអង់គ្លេស សហការជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា កំពុងបង្កើនការគាំទ្រដើម្បីធានាថា កុមារដែលរងផលប៉ះពាល់ដោយភៀសសឹកតាមព្រំដែនកម្ពុជា-ថៃ អាចបន្តទទួលបានការអប់រំ ខណៈពេលកំពុងស្នាក់នៅក្នុងជំរំស្នាក់នៅបណ្តោះអាសន្ន។
តាមសេចក្តីប្រកាសព័ត៌មានរួម បានឱ្យដឹងថា៖ «ភាពជាដៃគូនេះផ្តោតលើការធានាថា កុមារដែលសាលារបស់ពួកគេត្រូវបានរំខានជាបណ្ដោះអាសន្ន អាចបន្តការសិក្សាក្នុងបរិយាកាសសុវត្ថិភាព បរិយាបន្ន និងមានគុណភាព»។
ជាផ្នែកនៃកិច្ចសហការនេះ ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា បានចុះទស្សនកិច្ចជំរំភៀសសឹកដែលអង្គការទស្សនៈពិភពលោកកំពុងគាំទ្រដល់សហគមន៍រងផលប៉ះពាល់ ដោយបញ្ជាក់ពីការចូលរួមជាបន្តបន្ទាប់របស់ចក្រភពអង់គ្លេសក្នុងការលើកកម្ពស់ការអប់រំ និងសុខុមាលភាពកុមារ។
ចាប់តាំងពីដើមខែធ្នូ ការផ្លាស់ទីប្រជាជនដោយសារស្ថានភាពតានតឹងនៅតាមព្រំដែន បានប៉ះពាល់ដល់លទ្ធភាពទទួលបានសេវាអប់រំនៅខេត្តមួយចំនួន។
ការបិទសាលាបណ្ដោះអាសន្ន និងការភៀសសឹក បានរំខានដល់ការសិក្សារបស់កុមារជាច្រើន បង្ហាញពីតម្រូវការបន្ទាន់សម្រាប់ការគាំទ្រផ្នែកអប់រំក្នុងអំឡុងពេលវិបត្តិ។
ក្នុងការឆ្លើយតប អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានធ្វើការវាយតម្លៃតម្រូវការឆាប់រហ័សនៅខេត្តព្រះវិហារ សៀមរាប និងបន្ទាយមានជ័យ ដែលបានកំណត់ពីតម្រូវការបន្ទាន់សម្រាប់កន្លែងសិក្សាសុវត្ថិភាព សម្ភារៈសិក្សា និងការបន្តបង្រៀនដល់កុមារដែលស្នាក់នៅបណ្តោះអាសន្ន។
ផ្អែកលើការរកឃើញទាំងនេះ អង្គការកំពុងបង្កើតថ្នាក់រៀនបណ្ដោះអាសន្នដែលងាយស្រួលសម្រាប់កុមារ ហើយធ្វើការយ៉ាងជិតស្និទ្ធជាមួយការិយាល័យអប់រំខេត្ត និងស្រុក ដើម្បីដាក់ពង្រាយគ្រូបង្រៀន និងអនុវត្តការបង្រៀនស្របតាមកម្មវិធីសិក្សា។
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានថ្លែងថា៖ «ការទៅសួរសុខទុក្ខគ្រួសារ និងកុមារនៅក្នុងសហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះក្នុងខេត្តបន្ទាយមានជ័យ បានរំលឹកខ្ញុំថា ផលប៉ះពាល់នៃជម្លោះនៅតែបន្តកើតមានបន្ទាប់ពីមានវិបត្តិភ្លាមៗ។ ការមើលឃើញការរំខានដល់ការអប់រំរបស់កុមារដោយផ្ទាល់ គឺជាការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះវាប៉ះពាល់ទាំងឱកាសនាពេលអនាគត និងសុខុមាលភាពសហគមន៍របស់ពួកគេ»។
លោកបានបន្ថែមថា តាមរយៈភាពជាដៃគូជាមួយអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា កុមារនៅក្នុងកន្លែងស្នាក់នៅបណ្តោះអាសន្នអាចបន្តការសិក្សា ខណៈដែលភាគីពាក់ព័ន្ធកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីឆ្លើយតបនឹងតម្រូវការដែលកំពុងកើតមាន។
លោក ជេនេស អ៊ីម៉ានូអ៊ែល ហ្គីនទីញ នាយកប្រចាំប្រទេសនៃអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ស្ថានទូតចក្រភពអង់គ្លេស ហើយបានបញ្ជាក់ថា៖ «យើងកំពុងជួយកុមារនៅក្នុងជម្រកបណ្ដោះអាសន្ន មិនត្រឹមតែទទួលបានការអប់រំរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអារម្មណ៍ធម្មតា សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរផងដែរ»។
លោកបន្ដថា៖ «តាមរយៈកន្លែងកុមារមេត្រី និងការរៀនសូត្របន្ត យើងមានគោលបំណងផ្តល់រចនាសម្ព័ន្ធ ការយកចិត្តទុកដាក់ និងក្តីសង្ឃឹមដែលកុមារគ្រប់រូបសមនឹងទទួលបាន សូម្បីតែក្នុងស្ថានភាពលំបាកបំផុតក៏ដោយ»។
គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្តល់ឱ្យកុមារថ្នាក់ទី១ ដល់ទី៦ នូវបរិយាកាសសិក្សាដែលមានសុវត្ថិភាព រួមបញ្ចូល និងស្ថិតក្រោមការគ្រប់គ្រង ដើម្បីជួយរក្សាទម្លាប់សិក្សា គាំទ្រសុខុមាលភាពផ្លូវចិត្ត និងកាត់បន្ថយហានិភ័យនៃការបាត់បង់ការសិក្សា អំឡុងពេលភៀសសឹក។
ការរក្សាបាននូវការបន្តនៃការអប់រំ ក៏នឹងជួយត្រៀមកុមារឱ្យអាចត្រឡប់ទៅសាលាវិញបានយ៉ាងរលូន នៅពេលស្ថានភាពប្រសើរឡើង៕

