លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា អាជ្ញាធររាជធានីភ្នំពេញនឹងប្រឹងប្រែងធ្វើឲ្យរាជធានី ក្លាយជាតំបន់ ស គ្មានក្រុមឆបោកតាមអនឡាញ នៅត្រឹមថ្ងៃទី៣០ ខែមីនា ដែលកិច្ចការនេះតម្រូវឲ្យអាជ្ញាធរខណ្ឌទាំងអស់ចូលរួមបោសម្អាតនៅក្នុងដែនដីរបស់ខ្លួន។
លោកបានលើកឡើងដូច្នេះ នៅក្នុងអង្គប្រជុំស្តីពីត្រួតពិនិត្យវឌ្ឍនភាពការងារបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឬ online scam នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅសាលារាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ដើម្បីឱ្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam អស់ពីក្នុងមូលដ្ឋាន ដាច់ខាត់យើងត្រូវសម្អាតមេ scammer ឱ្យអស់។ បើមិនអស់ទេ វានិងកើតកូន កើតចៅបន្តមកទៀត។ អភិបាលខណ្ឌទាំង១៤ ត្រូវចុះត្រួតពិនិត្យ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ជាមួយនិងការត្រៀមកម្លាំងសហការ តាមដានសភាពការណ៍ជាក់ស្តែង»។
លោកបន្តទៀតថា៖ «ការងារនេះត្រូវតែម៉ឺងម៉ាត់ និងម៉ត់ចត់បំផុត ព្រោះនេះ ជាយុទ្ធនាការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ ឱ្យអស់ត្រឹមថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ»។
លោកចាត់ទុកយុទ្ធនាការបង្ក្រាបអំពើឆបោកតាមអនឡាញនាពេលនេះជា «យុទ្ធនាការក្តៅ ដែលទាមទារឱ្យលុបបំបាត់ឱ្យអស់ ក្លាយជាតំបន់ពណ៌ស»។ លោកណែនាំឲ្យអាជ្ញាធរខណ្ឌទាំង១៤និងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ កំណត់ទីតាំងដែលសង្ស័យ ធ្វើការឱ្យដូចភ្លៀងរលឹម ជាមួយនិងការប្រើប្រាស់ជំនាញផ្ទាល់ខ្លួនឱ្យអស់លទ្ធភាព និងដោយការជឿជាក់ថា នៅមូលដ្ឋានរបស់ខ្លួនគ្មានបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅសេសសល់ដាច់ខាត នៅក្រោយថ្ងៃទី៣០ ខែមីនា។
ទន្ទឹមនឹងការងារអាទិភាពនេះ លោក ឃួង ស្រេង ក៏ណែនាំឲ្យអាជ្ញាធរបន្តធ្វើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានល្អព្រមៗគ្នា៕

