សហរដ្ឋអាមេរិកផ្ដល់ជំនួយ ៤លានដុល្លារ ដល់ស៊ីម៉ាក់ដើម្បីបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះ ព្រមទាំងប្ដេជ្ញាជួយឲ្យជនភៀសសឹកកម្ពុជាដែលរងការប៉ះពាល់ពីគ្រាប់មិនទាន់ផ្ទុះ អាចត្រឡប់ទៅផ្ទះវិញបាន។
នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី៦ កុម្ភៈនេះ ស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងថា៖ «សហរដ្ឋអាមេរិកកំពុងអនុវត្តតាមការប្តេជ្ញាចិត្តក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីជួយឱ្យប្រជាជនកម្ពុជាដែលរងផលប៉ះពាល់ពីគ្រាប់មិនទាន់ផ្ទុះ (UXO) អាចត្រឡប់ទៅកាន់លំនៅឋានវិញ និងចាប់ផ្តើមជីវភាពរស់នៅរបស់ពួកគេឡើងវិញ»។
ស្ថានទូតបន្តថា៖ «នៅថ្ងៃនេះ សហរដ្ឋអាមេរិកបានផ្តល់ជំនួយចំនួន ៤ លានដុល្លារ ដល់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) តាមរយៈដៃគូអនុវត្តរបស់យើង គឺអង្គការជំនួយនៃប្រជាពលរដ្ឋន័រវេស្សន៍ (NPA) ដើម្បីពង្រីកការងារកម្ចាត់មីន និងគ្រាប់មិនទាន់ផ្ទុះដែលជួយសង្គ្រោះជីវិតនៅទូទាំងប្រទេសកម្ពុជា»។
យោងតាមការសារបង្ហោះដដែលនេះ ជំនួយ ៤លានដុល្លារនេះនឹងពង្រីកប្រតិបត្តិការពីភាគខាងកើតនៃប្រទេសកម្ពុជា ទៅកាន់តំបន់ជាប់ព្រំដែន ដូចជា ខេត្តឧត្តរមានជ័យ ដើម្បីធ្វើឱ្យដីមានសុវត្ថិភាពសម្រាប់គ្រួសារ កសិករ និងសហគមន៍។
បន្ថែមពីលើនេះ ជំនួយនេះនឹងបង្កើនក្រុមអ្នកដោះមីនរបស់ស៊ីម៉ាក់ ដែលទទួលការគាំទ្រពីសហរដ្ឋអាមេរិក ពី ២០ ទៅជា ៣៣ ក្រុម រួមមានក្រុមកម្ចាត់មីនថ្មីចំនួន ១០ ក្រុម និងក្រុមឆ្លើយតបរហ័ស EOD ចំនួន ៣ ក្រុម។
យោងតាមស្ថានទូត ក្នុងរយៈពេល ៣០ឆ្នាំកន្លងទៅ សហរដ្ឋអាមេរិកបានគាំទ្រថវិកា ២២៣ លានដុល្លារ ដោយបានបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះលើផ្ទៃដីជាង ៥០ លានម៉ែត្រការ៉េ និងបានអប់រំប្រជាជនកម្ពុជាជាង ៤០ ០០០ នាក់ អំពីហានិភ័យនៃគ្រាប់ផ្ទុះ។
យ៉ាងណាក៏ដោយ មិនមានការបញ្ជាកថា ទឹកប្រាក់ ៤លានដុល្លារនេះ គឺជាផ្នែកមួយនៃជំនួយ ១០លានដុល្លារដែលសហរដ្ឋអាមេរិកប្រកាសផ្ដល់ឲ្យកម្ពុជា កាលពីខែមករា ក្នុងកិច្ចប្រឹងប្រែងបោសសម្អាតមីន ដែលជាផ្នែកមួយនៃការចូលរួមរបស់សហរដ្ឋអាមេរិកដើម្បីដោះស្រាយជម្លោះកម្ពុជាថៃ ឬយ៉ាងណានោះទេ៕

