អាងហែលទឹក នៅក្នុងកីឡដ្ឋានស្រុកកោះធំ ខេត្តកណ្តាល បានរៀបចំពិធីសម្ពោធជាផ្លូវការ ក្រោមអធិបតីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក កាលពីព្រឹកថ្ងៃទី ៧ ខែកុម្ភៈនេះ ដើម្បីដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍រួម ទាំងលើការហ្វឹកហាត់ ការប្រកួត និងការប្រើប្រាស់របស់សាធារណជនក្នុងតំបន់។
កីឡដ្ឋានស្រុកកោះធំនេះ ត្រូវបានសាងសង់ នៅលើផ្ទៃដីសរុប ២៥ ០៧៥ ម៉ែត្រការ៉េ ក្រោមគំនិតផ្តួចផ្តើមរបស់ ស៊ុន ចាន់ថុល ហើយកីឡដ្ឋាននេះ បានសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៨ រួមមានតារាងបាល់ទាត់ស្តង់ដាអន្តរជាតិ ទីលានប្រកួតបាល់បោះ បាល់ទះ និងរត់ប្រណាំង។
ប៉ុន្តែចំពោះហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹក នៅក្នុងកីឡដ្ឋានស្រុកកោះធំនេះ មានសភាពទ្រុឌទ្រោម និងបានខូចខាតផ្នែកខ្លះ ហើយត្រូវបានជួសជុល កែលម្អ ឱ្យប្រសើរឡើងវិញ ដោយបានបញ្ចប់ការសាងសង់ជាស្ថាពរ កាលពីខែធ្នូ ឆ្នាំ២០២៥ និងបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាថ្មី កាលពីព្រឹកថ្ងៃសៅរ៍នេះ។
តាមរបាយការណ៍របស់លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកកោះធំ បានឱ្យដឹងថា ការជួសជុល និងកែលម្អកីឡដ្ឋានកោះធំនេះ មិនត្រឹមតែផ្ដោតលើសោភ័ណភាពខាងក្រៅប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនូវគុណភាពហេដ្ឋារចនាសម្ព័ន្ធខាងក្នុង ដើម្បីឆ្លើយតបទៅនឹងតម្រូវការហ្វឹកហាត់ និងការប្រើប្រាស់របស់សាធារណជនក្នុងតំបន់ផងដែរ។
លោកបានបន្ថែមថា សមិទ្ធផល នៅក្នុងកីឡដ្ឋានស្រុកកោះធំ ដែលបានជួសជុល និងកែលម្អរួចរាល់រួមមាន ការ៉ូជុំវិញបរិវេណអាងហែលទឹក, របងជុំវិញបរិវេណអាងហែលទឹក, ដំបូលកន្លែងអង្គុយ, បន្ទប់ទឹក, អំពូលសូឡាជុំវិញអាងហែលទឹក, របងកីឡដ្ឋានផ្នែកខាងជើង និង បន្ទប់ស្នាក់នៅរបស់បុគ្គលិកប្រចាំការ។នៅក្នុងពិធីសម្ពាធអាងហែលទឹកស្រុកកោះធំនេះ ក៏បានរៀបចំការប្រកួតកីឡាហែលទឹកជាលក្ខណៈមិត្តភាព ដើម្បីអបអរសាទរសមិទ្ធផលថ្មីនេះ ព្រមទាំងបង្ហាញពីសមត្ថភាព និងភាពរស់រវើកនៃវិស័យកីឡាក្នុងមូលដ្ឋាន និងការប្រគល់សម្ភារៈប្រើប្រាស់ចាំបាច់នានា ជូនដល់បុគ្គលិក ដែលប្រចាំការនៅកីឡដ្ឋាន ដើម្បីជាការលើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលក្នុងការថែទាំសមិទ្ធផលនេះឱ្យបានគង់វង្សយូរអង្វែង។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការកោតសរសើរខ្ពស់ ចំពោះក្រុមការងារក្លិបហែលទឹកនៃក្រសួងសាធារណការ និងដឹកជញ្ជូនទាំងអស់ ដែលបានខិតខំប្រឹងប្រែងឱ្យសមិទ្ធផលនេះ លេចចេញជារូបរាងឡើង ហើយបានជំរុញលើកទឹកចិត្តដល់យុវជន ដែលជាសសរទ្រូងនៃប្រទេសជាតិ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យងាកមកចាប់យកការលេងកីឡាជាទម្លាប់ប្រចាំថ្ងៃ។
ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក លោក ស៊ុន ចាន់ថុល បានថ្លែងថា៖ «ការហាត់ប្រាណ និងលេងកីឡា មិនត្រឹមតែជាការពង្រឹងសុខភាពរាងកាយ និងបញ្ញាស្មារតីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាខែលការពារដ៏រឹងមាំក្នុងការទប់ស្កាត់ និងបញ្ជៀសពីការប្រព្រឹត្តអំពើអបាយមុខ និងសកម្មភាពអវិជ្ជមានផ្សេងៗក្នុងសង្គម»។
លោក ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់អំពីសន្ទុះនៃការរីកចម្រើននៃវិស័យកីឡាជាតិ ដែលមិនអាចកាត់ផ្ដាច់បានពីការគាំទ្រយ៉ាងពេញទំហឹង និងការផ្តល់អាទិភាពខ្ពស់ពីរាជរដ្ឋាភិបាល រួមជាមួយកិច្ចសហការយ៉ាងស្អិតល្មួតពីវិស័យឯកជន ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញធនធាន និងថវិកា សម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងការបណ្តុះបណ្តាលកីឡាករ។
លោកបានរំឭកដោយមោទនភាពនូវសមិទ្ធផល និងជយលាភីដ៏ត្រចះត្រចង់ ដែលកីឡាករ កីឡាការិនីហែលទឹកកម្ពុជា សម្រេចបាននៅលើវេទិកាអន្តរជាតិ ជាពិសេសភាពជោគជ័យជាប្រវត្តិសាស្ត្រ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ «ជោគជ័យទាំងនោះ មិនត្រឹមតែជាមេដាយ ដែលពាក់នៅលើទ្រូងរបស់កីឡាករប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញឱ្យពិភពលោកបានឃើញពីឆន្ទៈដ៏មហិមារបស់កូនខ្មែរ និងជាកម្លាំងចិត្តយ៉ាងស្វាហាប់ សម្រាប់យុវជនជំនាន់ក្រោយ ឱ្យខិតខំហ្វឹកហាត់ ដើម្បីឈានទៅដណ្តើមមោទនភាពជូនជាតិមាតុភូមិ នាពេលអនាគត»។
បន្ថែមលើនេះ លោក ស៊ុន ចាន់ថុល បានចាត់ទុកពិធីសម្ពោធអាងហែលទឹក នៅក្នុងកីឡដ្ឋានស្រុកកោះធំ កាលពីព្រឹកថ្ងៃសៅរ៍នេះ គឺជាសក្ខីភាពឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ និងការគិតគូរខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការនាំយកនូវកាលានុវត្តភាពថ្មីៗមកដល់កៀកនឹងមូលដ្ឋាន គឺជាយុទ្ធសាស្ត្របង្រួញគម្លាតហេដ្ឋារចនាសម្ព័ន្ធកីឡារវាងរាជធានី និងបណ្តាក្រុង-ស្រុកនានា តាមបណ្តាខេត្ត ដើម្បីជំរុញចលនាអប់រំកាយ និងកីឡា ឱ្យរីកដុះដាលនៅគ្រប់ច្រកល្ហកទូទាំងប្រទេស៕


