កម្ពុជា​នឹង​ចូល​រួម​«ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» នៅទីក្រុងណាននឹង នា​ខែ​កញ្ញា​​​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា​នឹង​ចូល​រួម​«ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» នៅទីក្រុងណាននឹង នា​ខែ​កញ្ញា​​​

 កម្ពុជា​នឹង​ចូល​រួម«ពិព័រណ៍ចិន-អាស៊ាន លើកទី២៣ (The 23rd China-ASEAN Expo)» ដែលរៀបចំដោយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន នា​ខែ​កញ្ញា ខាង​មុខ នៅទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី ប្រទេស​ចិន។ កម្ពុជាមិន​ដែល​ខក​ខាន​ឡើយ​ក្នុង​​​​ព្រឹត្តិការណ៍​នេះនា​ពេល​​កន្លង​មក​។​


សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ពាណិជ្ជកម្ម ​នា​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ នេះ​​ឱ្យ​ដឹង​ថា ក្នុងនាមគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំ និងចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្ម​អន្តរជាតិ ក្រសួងពាណិជ្ជកម្មសូមជម្រាបថា ដោយទទួលបានជោគ​ជ័យ​ជាបន្តបន្ទាប់ក្នុងការរៀបចំ និងចូលរួមពិព័រណ៍​ចិន-អាស៊ាន ចំនួន ២២​លើកកន្លងមក​ ក្រសួងពាណិជ្ជកម្មនឹងបន្តចូលរួមរៀបចំ​«ពិព័រណ៍ចិន-អាស៊ាន លើកទី២៣» ដែលរៀបចំដោយគណៈកម្មការរៀបចំពិព័រណ៍ចិន-អាស៊ាន ចន្លោះ​ពីថ្ងៃទី១៧-២១ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍អន្តរជាតិទីក្រុងណាននឹង តំបន់ស្វយ័តក្វាងស៊ី ប្រទេស​ចិន។


ពិព័រណ៍ចិន-អាស៊ាន គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់រវាងបណ្តាប្រទេសជាសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​។​


ក្រសួង​​​បញ្ជាក់​ថា៖​«​ដើម្បីបន្តជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងចិនឱ្យដល់គោលដៅដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានកំណត់ ក្រសួងពាណិជ្ជកម្មក្នុងនាមដៃគូសហការរៀបចំ សូមអញ្ជើញធុរជន សហគ្រិន វិនិយោគិន ផលិតករ​កម្ពុជា និងសាធារណជនទូទៅ​ដែលមានបំណងចូលរួមតាំងបង្ហាញ/លក់ផលិតផល/សេវាកម្ម និងចាប់ដៃគូពាណិជ្ជកម្មជាមួយពាណិជ្ជករចិន និងអាស៊ាន សូមរៀបចំដាក់ពាក្យចូលរួមពិព័រណ៍ខាងលើ និងព្រឹត្តិការណ៍អមផ្សេងៗ»។


យោង​​តាម​សេចក្តី​ជូន​ដំណឹង គឺ​ម្ចាស់​ក្រុមហ៊ុន/សហគ្រាស និងធុរជន​​ ដែល​មាន​បំណង​ចូល​រួម​​ត្រូវ​ធ្វើ​ទំនាក់​​ទំនង​មក​ក្រសួង​ពាណិជ្ជកម្ម​ឱ្យ​បាន​មុន​ដំណាច់​ខែ​មិថុនា ឆ្នាំ២០២៦។


ភាព​ល្អ​ប្រសើរ​នៃ​ទំនាក់​ទំនង​ការទូតរវាង​រដ្ឋាភិបាល​កម្ពុជា​-ចិន បាន​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ ទេសចរណ៍ និង​ការ​វិនិយោគ​រវាងប្រទេស​ទាំង ២ កើន​ឡើង​ជាបន្ត​បន្ទាប់​ ជា​ពិសេស​​​រយៈ​ពេល​ជាង ១ ទសវត្ស​ចុង​ក្រោយ​នេះ​​​។


ទិន្នន័យ​​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា(GDCE) ​ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២៥ ការ​ផ្លាស់​ប្តូរ​ទំនិញ​រវាង​កម្ពុជា-ចិន មាន​​ទឹកប្រាក់​សរុប ១៩,៧៣ ពាន់លាន​ដុល្លារ កើន​ ២៩,៩% បើ​ធៀប​ឆ្នាំ​២០២៤។ ក្នុង​ចំនួន​នេះ គឺ​ការ​នាំ​ចេញ​របស់​កម្ពុជា​ មាន​​ចំនួន ១,៦៩ ពាន់​លាន​ដុល្លារ ​ធ្លាក់​ចុះ​ ៣,៦% ចំណែក​ទំនិញ​ចិន​នាំ​ចូល​ ១៨,០៤ ពាន់លាន​ដុល្លារ កើន​ឡើង ៣៤,៣%។។ ប្រទេស​ចិន គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី​១ របស់​កម្ពុជា។


ក្រៅ​ពី​ពាណិជ្ជកម្មទំនិញ​ ​វិ​និយោគិន​ចិន​ក៏​កំពុង​បណ្តាក់​ទុន​ច្រើន​ជាង​គេ​ផងដែរ​នៅ​កម្ពុជា ដោយ​ក្នុង​ចំណោម​ទុន​វិនិយោគ​​សរុប​ទាំង​ ១០ ពាន់លាន​ដុល្លារ​ដែល​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា(CDC) ​អនុម័ត​ឱ្យ​វិនិយោគ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០២៥ គឺ​មាន​ប្រមាណ​ ៥៤,២៥%​ មក​ពី​ប្រទេស​ចិន​។ សម្រាប់​វិស័យ​ទេសចរណ៍ គឺ​​ជន​ជាតិ​ចិនដែល​ធ្វើ​ដំណើរ​មក​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥ មាន​ប្រមាណ​ ១,២ លាននាក់ កើន ៤១,៥%៕


Post a Comment (0)
Previous Post Next Post