ពលរដ្ឋ​ភៀសសឹក​១៥,០០០​នាក់ទទួល​ជំនួយ​សង្គ្រោះ​ជីវិតពី​សហភាព​អឺរ៉ុប និង​យូ​នី​សេ​ហ្វ
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ពលរដ្ឋ​ភៀសសឹក​១៥,០០០​នាក់ទទួល​ជំនួយ​សង្គ្រោះ​ជីវិតពី​សហភាព​អឺរ៉ុប និង​យូ​នី​សេ​ហ្វ

 ខេត្តបន្ទាយមានជ័យ៖ ​សហភាព​អឺរ៉ុប និង​យូ​នី​សេ​ហ្វ បាន​ផ្តល់ជូន​សម្ភារ​ម​នុស្ស​ធម៌​សង្គ្រោះបន្ទាន់​លើសពី ៣០ តោន ដល់​គ្រួសារ​ដែល​ភៀសខ្លួន​ដោយសារ​វិបត្តិ​នៅតាម​ព្រំដែន ដើម្បី​គាំទ្រ​ដល់​ប្រជាជន​ប្រមាណ ១៥,០០០ នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ នៅតាម​បណ្តា​ខេត្ត​ឧ​ត្ត​រ​មានជ័យ បន្ទាយមានជ័យ សៀមរាប និង​ព្រះវិហារ​។​


​លោក​ ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក​ អ៊ី​ហ្កូ ទ្រី​ស​ម៉ាន់ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា លោក​ អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ និង លោក​វេជ្ជបណ្ឌិត Anirban Chatterjee នាយករង​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​ចូលរួម​ក្នុង​ពិធី​ប្រគល់​សម្ភារ​នៅ​ជំរំ​ភៀស​សឹក វត្ត​កណ្តោល ខេត្តបន្ទាយមានជ័យ​។​


​សម្ភារ​ដែល​បាន​ផ្តល់ជូន រួមមាន តង់ និង​កៅស៊ូ​តង់​សម្រាប់​ប្រើប្រាស់​ជា​កន្លែង​សិក្សា​បណ្តោះអាសន្ន និង​ទីកន្លែង​កុមារ​មេត្រី ដើម្បី​ធានាថា​កុមារ​អាច​បន្ត​ការសិក្សា​របស់​ពួកគេ​ក្នុង​បរិយាកាស​មាន​សុវត្ថិភាព​។ 


ការផ្តល់ជូន​នេះ​ក៏​រួមបញ្ចូល​កញ្ចប់​អនាម័យ អំពូល​សូ​ឡា សម្ភារ​សុខភាព អនាម័យ និង​ទឹកស្អាត​សំខាន់ៗ ដើម្បី​ជួយ​ឱ្យ​គ្រួសារ​រក្សាបាន​នូវ​សុខភាព និង​សេចក្តីថ្លៃថ្នូរ ខណៈពេល​ស្នាក់​នៅតាម​ទីតាំង​បណ្តោះអាសន្ន​។​


លោក​ អ៊ី​ហ្កូ ទ្រី​ស​ម៉ាន់ បាន​​ថ្លែង​ថា៖ «ការផ្តល់ជូន​នេះ​បង្ហាញ​ពី​ការប្តេជ្ញា​របស់​សហភាព​អឺរ៉ុប​ក្នុងការ​ការពារ​ប្រជាជន​ងាយ​រងគ្រោះ​ដែល​រង​ផលប៉ះពាល់​ដោយ​ជម្លោះ និង​ការ​ភៀសខ្លួន»​។ ​


លោក​បាន​បន្ថែមថា ក្រៅពី​សម្ភារ​ជាក់ស្តែង ក៏មាន​ការគាំទ្រ​ផ្នែក​សុខភាព​ផ្លូវចិត្ត​តាមរយៈ​អង្គការ​ចិត្ត​សង្គម​អន្តរ​វប្បធម៌ (TPO) ដើម្បី​ជួយ​ដោះស្រាយ​ផលប៉ះពាល់​ផ្លូវចិត្ត​ដែល​កើតចេញពី​ជម្លោះ​ប្រដាប់អាវុធ​លើ​ប្រជា​ជនភៀសសឹក​។​


​លោកបន្ដ​​ថា​៖ «​ថ្ងៃនេះ យើង​មាន​មោទកភាព​ក្នុងការ​ផ្តល់ជូន​សម្ភារ​ចាំបាច់​តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា​… សហភាព​អឺរ៉ុប​ប្តេជ្ញា​គាំទ្រ​កម្ពុជា និង​ដៃគូ​ក្នុងការ​ការពារ​សុខុមាលភាព និង​សេចក្តីថ្លៃថ្នូរ​របស់​កុមារ និង​គ្រួសារ​ភៀស​សឹក​គ្រប់រូប​»​។​


​លោក​វេជ្ជបណ្ឌិត Anirban Chatterjee បាន​ថ្លែងអំណរគុណ​ចំពោះ​សហភាព​អឺរ៉ុប ដែល​បាន​គាំទ្រ​ដល់​កុមារ និង​គ្រួសារ​ជនភៀសសឹក​ក្នុងអំឡុងពេល​មាន​វិបត្តិ​នេះ ដោយ​ធានា​ឱ្យ​ពួកគេ​ទទួលបាន​សេវា​ចាំបាច់ និង​ឱកាស​ក្នុង​ការកសាង​អនាគត​ឡើងវិញ​។​


​លោក​បាន​លើកឡើងថា​៖ «​ការគាំទ្រ​នេះ​នឹង​ជួយ​ធានាថា​កុមារ​តូចៗ​នៅតែ​អាច​បន្ត​ការរៀនសូត្រ គ្រួសារ​មាន​ទឹកស្អាត និង​អនាម័យ​ប្រើប្រាស់ ហើយ​សហគមន៍​អាច​រក្សាបាន​នូវ​សុខភាព និង​សេចក្តីថ្លៃថ្នូរ ខណៈពេល​កំពុង​ឆ្លងកាត់​ដំណាក់កាល​ដ៏​លំបាក​នេះ​»​។​


​តម្រូវការ​មនុស្សធម៌​បាន​កើនឡើង​ក្នុង​ខែ​ចុងក្រោយៗ ខណៈ​ប្រជាពលរដ្ឋ​រាប់ពាន់នាក់​បាន​ភៀសខ្លួន​ចេញពី​តំបន់​ព្រំដែន​ដើម្បី​ស្វែងរក​សុវត្ថិភាព បង្កើន​សម្ពាធ​លើ​ទី​ជំរំ​បណ្តោះអាសន្ន និង​អាជ្ញាធរ​មូលដ្ឋាន​។ 


អង្គការ​មនុស្សធម៌​បាន​ព្រមាន​ថា បើ​គ្មាន​ការគាំទ្រ​បន្ត កុមារ​ភៀស​សឹក​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការរំខាន​ការសិក្សា បញ្ហា​អនាម័យ និង​ផលប៉ះពាល់​ផ្លូវចិត្ត​រយៈពេល​វែង​។​


​ជំនួយ​របស់​សហភាព​អឺរ៉ុប​ត្រូវបាន​អនុវត្ត​តាមរយៈ ReliefEU Capacities ដែលជា​ផ្នែក​មួយ​នៃ​ប្រតិបត្តិការ​ជំនួយ​មនុស្សធម៌​របស់​គណៈកម្មការ​អឺរ៉ុប ដើម្បី​ផ្តល់​ការគាំទ្រ​បន្ទាន់​លើ​ការដឹកជញ្ជូន ភស្តុភារ និង​ការផ្គត់ផ្គង់ នៅពេល​ប្រព័ន្ធ​មនុស្សធម៌​ប្រឈម​នឹង​សម្ពាធ​ខ្ពស់​។​


​សហភាព​អឺរ៉ុប និង​យូ​នី​សេ​ហ្វ បាន​បញ្ជាក់ថា ពួកគេ​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា និង​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ធានាថា​គ្រួសារ​ភៀស​សឹក​ទទួល​បានការ​ការពារ និង​សេវា​ចាំបាច់ ព្រមទាំង​គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ត្រៀម​បង្ការ និង​ស្តារឡើងវិញ​សម្រាប់​សហគមន៍​ដែល​រង​ផលប៉ះពាល់​។​


​ការផ្តល់​ជំនួយ​ចុង​ក្រោយនេះ បង្ហាញ​ពី​ទំហំ​តម្រូវការ​មនុស្សធម៌​ដែល​កើតឡើង​ពី​វិបត្តិ​នៅតាម​ព្រំដែន និង​ការពឹងផ្អែក​កាន់តែច្រើន​លើ​ការគាំទ្រ​អន្តរជាតិ ដើម្បី​ការពារ​ប្រជាជន​ងាយ​រងគ្រោះ ជាពិសេស​កុមារ ពី​ផលប៉ះពាល់​យូរអង្វែង​នៃ​វិបត្តិ​នេះ​៕


Post a Comment (0)
Previous Post Next Post