ជនបរទេសជិត ៣២០០នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាគិតចាប់ពីថ្ងៃទី១ ដលថ្ងៃទី៨ ខែកុម្ភៈនេះ ខណៈដែលកម្ពុជាប្ដេជ្ញាបោសសម្អាតបទល្មើសឆបោកតាមអនឡាញឲ្យអស់នាពេលឆាប់នេះៗ។ នេះយោងតាមអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
យោងតាមតួលេខនៃការបណ្ដេញចេញនាពេលចុងក្រោយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ការបណ្ដេញចេញក្នុងរយៈពេល ៨ ថ្ងៃក្នុងខែកុម្ភៈនេះមានចំនួន ៣១៨១នាក់ ក្នុងនោះបណ្ដេញចេញថ្ងៃទី៨ ចំនួន ៣១២នាក់, ថ្ងៃទី៧ ចំនួន ៦២៥នាក់, ថ្ងៃទី៦ ចំនួន ៦២៩នាក់, ថ្ងៃទី៥ ចំនួន ៤៧៩នាក់, ថ្ងៃទី៤ ចំនួន ២៨៩នាក់, ថ្ងៃទី៣ ចំនួន ៤២៨នាក់, ថ្ងៃទី១និងទី២ ចំនួន ៤១៩នាក់។
ជនបរទេសទាំងនេះត្រូវឃាត់ខ្លួនពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើខុសច្បាប់នៅកម្ពុជា ដូចជាការស្នាក់នៅខុសច្បាប់ និងអំពើឆបោកតាមអនឡាញ។ ជនបរទេសទាំងនេះស្ថិតក្នុងសញ្ជាតិផ្សេងៗ ដូចជាចិន ភូមា ឥណ្ឌា ប៉ាគីស្ថាន ចិន មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី នីហ្សេរីយ៉ា ជាដើម។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្លែងថា៖ «ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ គឺជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសំអាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្លែងថាប្រតិបត្តិការនេះក៏ដើម្បីជួយសង្គ្រោះជនរងគ្រោះដែលត្រូវមេខ្លោងបោកបញ្ឆោតឱ្យមកធ្វើការក្នុងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីឲ្យពួកគេមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។
យោងតាមលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ចាប់តាំងពីថ្ងៃទី១ ខែមករា រហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៦នេះ ការបង្ក្រាបអំពើឆបោកតាមអនឡាញទ្រង់ទ្រាយធំនៅកម្ពុជា ជំរុញឲ្យជនបរទេសជាង ១១ម៉ឺននាក់ ចាកចេញពីកម្ពុជា៕

