អ្នកជំនាញផ្នែកច្បាប់ លោក ផាន់ វណ្ណរ័ត្ន លើកឡើងថា ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ថៃតែងតែប្រើប្រាស់ «ផែនទីឯកតោភាគី» ជាឧបករណ៍វាតទីទឹកដីកម្ពុជា ប៉ុន្តែគ្រប់ពេលសុទ្ធតែត្រូវបានកម្ចាត់ចោលដោយអំណាចច្បាប់អន្តរជាតិជានិច្ច ក្រោមបង្អែកនៃគោលការណ៍ «មរតកផែនទីអាណានិគម» (Uti Possidetis Juris)។
អគ្គព្រះរាជអាជ្ញារងតុលាការកំពូល រូបនេះ បានសរសេរនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា តថភាពពិតនៃយុទ្ធសាស្ត្ររបស់ថៃ គឺ«គូសផែនទីតាមចិត្តចង់» ហើយថៃ បានយកផែនទីដែលគូសវាស់ជាឯកតោភាគីនេះ ទៅរំលោភបំពានដែនអធិបតេយ្យកម្ពុជាយ៉ាងតិច ៤ ដំណាក់កាលធំៗ។
បើតាមលោក ផាន់ វណ្ណរ័ត្ន បរាជ័យលើកទី១ គឺថា នៅក្រោយឆ្នាំ ១៩៣០ ថៃបានបោះបង់ចោលនូវស្មារតីសហប្រតិបត្តិការនៃ "គណៈកម្មការចម្រុះព្រំដែនបារាំង-សៀម" ហើយបានចាប់ផ្តើមផលិតផែនទីស៊េរីថ្មី ដោយប្រើបច្ចេកទេសផ្ទៃក្នុងរបស់ខ្លួន។ ថៃបាននលួចកែប្រែខ្សែបន្ទាត់ព្រំដែននៅតំបន់ជួរភ្នំដងរែក ដើម្បីលេបយកតំបន់ប្រាសាទ ព្រះវិហារមកក្នុងផែនទីខ្លួន ជាថ្នូរនឹងការមិនទទួលស្គាល់ខ្សែបន្ទាត់ដែលកំណត់ដោយសន្ធិសញ្ញា។
លោកបន្តថា នៅឆ្នាំ ១៩៦២ ក្នុងវិវាទប្រាសាទព្រះវិហារនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថៃក៏បានព្យាយាមយកផែនទីអយុត្តិធម៌ខាងលើនេះមកតតាំង ប៉ុន្តែតុលាការបានផ្តល់សាលក្រម ជាប្រវត្តិសាស្ត្រ ដោយផ្អែកលើ គោលការណ៍មរតកព្រំដែនអាណានិគមដែលចែងថា «រាល់ការគូសវាស់ឯកតោភាគី មិនអាចមានតម្លៃគតិយុត្តិលើសសន្ធិសញ្ញាអន្តរជាតិ និងផែនទីឧបសម្ព័ន្ធ (Annex I Map) ដែលបានព្រមព្រៀងគ្នាក្នុងសម័យបារាំង-សៀមនោះឡើយ»។ ជាលទ្ធផល ថៃត្រូវបង្ខំចិត្តដកកងទ័ព និងទម្លាក់ទង់ជាតិចេញពីប្រាសាទព្រះវិហារទាំងអាម៉ាស់។
បរាជ័យទី២ គឺការគូសវាស់ជាឯកតោភាគីសម័យសង្គ្រាមលោកលើកទី ២។ លោកបានពន្យល់ថា នៅឆ្នាំ ១៩៤១ ប្រទេសជប៉ុនកំពុងមានឥទ្ធិពលខ្លាំង ថៃបានឆ្លៀត ឱកាសគូសផែនទីថ្មីដើម្បីលេបយកខេត្តបាត់ដំបង សៀមរាប កំពង់ធំ និងស្ទឹងត្រែង បើទោះបី ជាថៃគូសវាស់បានដីដោយសារអំណាចកងទ័ពជប៉ុនក៏ពិតមែន ប៉ុន្តែក្រោយចប់សង្គ្រាម មហាអំណាចបារាំង និងអាមេរិក បានបង្ខំឱ្យថៃចុះហត្ថលេខាលើ កិច្ចព្រមព្រៀងក្រុងវ៉ាស៊ីនតោន (១៩៤៦) ដើម្បីហែកផែនទីឈ្លានពាននោះចោល និងប្រគល់ខេត្តទាំងនោះមកឱ្យកម្ពុជានិងឡាវវិញ។
លោកបានចាត់ទុកទិដ្ឋភាពនេះសបញ្ជាក់ឱ្យឃើញថា ផែនទីដែលគូសដោយការរំលោភបំពាន នឹងត្រូវរលាយសាបសូន្យនៅចំពោះ មុខច្បាប់អន្តរជាតិ ដែលតែងតែការពារខ្សែបន្ទាត់ អាណានិគមជាគោល។
បរាជ័យលើកទី៣ គឺនៅសម័យសង្គ្រាមត្រជាក់ និងការគូសវាស់ផែនទីរដ្ឋបាល (ទសវត្សរ៍ ៥០–៩០)។ លោកថា ក្នុងសម័យកាលនេះ ថៃបានផលិតផែនទីស៊េរីថ្មីៗជាច្រើន សម្រាប់យោធា និងរដ្ឋបាលខេត្ត ប៉ុន្តែភាពមិនស៊ីសង្វាក់គ្នានៃផែនទីផ្ទៃក្នុងរបស់ថៃ។ លោកថានេះ គឺជាភស្តុតាងដ៏ល្អបំផុតដែលជួយឱ្យកម្ពុជាមានប្រៀប ព្រោះវាបង្ហាញថាពួកគេគ្មានមូលដ្ឋានច្បាប់ អន្តរជាតិណាមួយដែលរឹងមាំដើម្បីមកជំនួស "មរតកព្រំដែន" ដែលមានស្រាប់នោះឡើយ។
សម្រាប់ការព្យាយាមគូសយកដី ៤.៦ និងការបរាជ័យចុងក្រោយនៅឆ្នាំ ២០១៣ លោក ផាន់ វណ្ណរ័ត្ន បានថ្លែងថា ក្រោយឆ្នាំ ២០០០ ថៃបានបង្កើតផែនទីប្រតិបត្តិការថ្មី (D-Map) ដើម្បីទាមទារដី ៤.៦ គីឡូម៉ែត្រការ៉េ ជុំវិញប្រាសាទព្រះវិហារ។ ប៉ុន្តែ ជាថ្មីម្តងទៀត នៅក្នុងឆ្នាំ២០១៣ តុលាការអន្តរជាតិបានបញ្ជាក់យ៉ាងដាច់អហង្ការថា ខ្សែបន្ទាត់ព្រំដែនត្រូវតែដើរតាមផែនទីបារាំង-សៀម ១៩០៤ (Annex I)។ តុលាការបានការពារគោលការណ៍ដែលថា ព្រំដែនដែលបានកំណត់រួចហើយតាំងពីសម័យអាណានិគម មិនអាចកែប្រែដោយឯកតោភាគីបានឡើយ។ ផែនទីថៃត្រូវបានទាត់ចោល ហើយអធិបតេយ្យភាពលើតំបន់នោះជារបស់កម្ពុជាទាំងស្រុង។
ទាក់ទងនឹងការផាត់ចោលនូវផែនទីឯកតោភាគីរបស់ថៃទាំង ៤ ដំណាក់កាលខាងលើ អ្នកជំនាញផ្នែកច្បាប់ លោក ផាន់ វណ្ណរ័ត្ន បានចាត់ទុកគោលការណ៍ «មរតកផែនទីអាណានិគម» (Uti Possidetis Juris) ថាជា "អាវុធការពារជាតិ" ដ៏មានឥទ្ធិពលបំផុត។
លោកថា គោលការណ៍នេះបានចែងថា៖ «ព្រំដែនដែលប្រទេសមួយទទួលបាននៅពេលទទួលបានឯករាជ្យ គឺជាព្រំដែនដែលត្រូវរក្សាទុកជាអមតៈ។ ដូច្នេះ រាល់ការព្យាយាមគូសផែនទីថ្មីរបស់ថៃដើម្បី រំលោភលើខ្សែបន្ទាត់បារាំង-សៀម គឺជាការរំលោភលើច្បាប់អន្តរជាតិជាដាច់ខាត៕

