ពេញៈ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញបានឃាត់ខ្លួនជនសង្ស័យជាបុរសជនជាតិចិន៣នាក់ និងស្ត្រីខ្មែរ ៤នាក់ពាក់ព័ន្ធនឹងល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្នុងពេលចុះត្រួតពិនិត្យអគារ Diamond star ស្ថិតនៅលើផ្លូវសុភមង្គល ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃអង្គារទី២៤ ខែកុម្ភៈនេះ។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)បានឱ្យដឹងថា កម្លាំងចម្រុះបានរកឃើញ និងរឹបអូសវត្ថុតាងជាច្រើន រួមមាន៖ កុំព្យូទ័រ ALL IN ONE ចំនួន ២២គ្រឿង ទូរស័ព្ទដៃ ចំនួន ៣៨គ្រឿង Laptop ចំនួន ១គ្រឿងម៉ូនីទ័រ ចំនួន ១២គ្រឿង ក្បាល DVR ចំនួន ០១គ្រឿង លិខិតឆ្លងដែន ជនជាតិចិន ចំនួន ០៣ច្បាប់ ។
សមត្ថកិច្ចបានសន្និដ្ឋានថា នេះជាករណីលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ Online Scams ក្រោមរូបភាពឆបោកបែបស្នេហា(Romance Scam) ឱ្យបង្កើតគណនី ដើម្បីជួញដូររូបិយប័ណ្ណអេឡិចត្រូនិច(Wallet) ដែលមានគោលដៅទៅកាន់ប្រទេសផ្សេងៗ និងលួងលោមអូសទាញលក់សេវាកម្មផ្លូវភេទ។ បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តស្រាវជ្រាវអនុវត្តតាមនីតិវិធី។
ពាក់ព័ន្ធនឹងបទល្មើសអនឡាញនេះផងដែរ តុលាការក្រុងភ្នំពេញឃុំខ្លួនជនជាតិចិន៤នាក់ពាក់ព័ន្ធនឹងបទល្មើសឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង (Online Scams) និងអំពើគេចវេះពន្ធ ដែលប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២១ ខែកុម្ភៈ។
ជនទាំង៤នាក់ដែលតុលាការាជធានីភ្នំពេញបានបង្គាប់ឱ្យឃុំខ្លួនមាន បុរសឈ្មោះ LIN DONGPING និងឈ្មោះ LIN WUTONG ទៅឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១)។ ចំណែកស្រ្តី២នាក់ មានឈ្មោះ SUN JIAXIU និង ឈ្មោះ LAI ZUOXIANG ត្រូវឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី២ (ម២)ទៅតាមផ្លូវច្បាប់។
ជនត្រូវចោទទាំង៤នាក់នេះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ ឆបោកមានស្ថានទម្ងន់ទោសជាក្រុមមានការចាត់តាំង និងគេចវេះពន្ធ ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥ និងផ្ទះលេខ២៤ បុរីរីវើរ៉ា វិថីកោះពេជ្រ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ បទល្មើសព្រហ្មទណ្ឌនេះមានចែង និងបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៣៧៧, មាត្រា ៣៨០ និងមាត្រា ៣៨១ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៧៤ នៃច្បាប់ស្តីពីគយ។
របាយការណ៍របស់ក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួនជាង៥០០នាក់ ក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី, សំណុំរឿងឧកញា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។ សមត្ថកិច្ចបានបន្តសហការជាមួយបណ្តាប្រទេសដៃគូ ដើម្បីស្រាវជ្រាវ ធ្វើកោសល្យវិច័យលើវត្ថុតាង និងស៊ើបអង្កេតប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដើម្បីឈានទៅវែកមុខក្រុមអង្គការចាត់ដែលបានយកកម្ពុជាធ្វើជាទីតាំងឆបោកទៅក្រៅប្រទេស៕



