កម្ពុជា-ជប៉ុន ជួប​ប្រជុំ​គ្នា​ដើម្បី​​បង្កើន​បរិយាកាសអំណោយ​ផល​សម្រាប់​ការ​​​​វិនិយោគ​​ និង​​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

កម្ពុជា-ជប៉ុន ជួប​ប្រជុំ​គ្នា​ដើម្បី​​បង្កើន​បរិយាកាសអំណោយ​ផល​សម្រាប់​ការ​​​​វិនិយោគ​​ និង​​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី

 អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) លោក ជា​ វុទ្ធី បាន​លើកឡើង​ថា រដ្ឋាភិបាល និងប្រជាជនជប៉ុនជានិច្ចកាលតែងតែគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ខណៈ​រយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិវត្តន៍​ពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ដ៏សំខាន់​របស់​កម្ពុជា។


ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពី«សេរីភាវូបនីយកម្ម, ការជំរុញ, និងការការពារវិនិយោគ» ដែល​ប្រព្រឹត្តិ​ទៅ​នៅ​​ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាល​ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។ ប្រធានបទសំខាន់ៗ​ដែលបានពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣១ នេះ មានវិសាលភាពគ្របដណ្តប់លើការងារសំខាន់ៗជាច្រើន ដូចជា វិស័យសារពើពន្ធ, បរិស្ថាន, ពាណិជ្ជកម្ម, ភស្ដុភារកម្ម, ថាមពល និងសន្តិសុខសាធារណៈ។


កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយសហប្រធាន​​ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និង​លោក UENO Atsushi ឯកអគ្គរដ្ឋទូតប្រទេសជប៉ុនប្រចាំ​កម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាគមធុរកិច្ចជប៉ុននៅកម្ពុជា​(JBAC), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន​(JETRO), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា​សរុបប្រមាណ ២០០ រូប។


មានមតិក្នុងបទអន្តរាគមន៍បើកកិច្ចប្រជុំ លោក ជា វុទ្ធី បានសម្ដែងការស្វាគមន៍ចំពោះវត្តមានរបស់ភាគីជប៉ុន​ទាំងអស់ និង​បាន​​ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន​ដែលជានិច្ចកាលតែងតែគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។


លោក​បន្ត​ថា៖​«​ក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមកនេះ ជប៉ុនបានវិវត្តពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ដែលបានខិតខំកៀរគរ និងជំរុញការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាជាបន្តបន្ទាប់»។


បន្ថែម​លើ​នេះ លោក​ក៏​បាន​រំលឹកឡើងវិញនូវសាវតារនៃយន្តការសន្ទនានេះ​ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងលើក​យក​បញ្ហា​​ប្រឈមមក​ពិភាក្សា ក្នុង​ន័យ​លើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ។


លោក​​អះអាង​ថា ក្រោមក្របខ័ណ្ឌនៃ​កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពី«សេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ» ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ដោយអតីតនាយករដ្ឋមន្រ្ដី លោក ហ៊ុន សែន និងអតីតនាយករដ្ឋមន្រ្ដីជប៉ុន លោក ស៊ីនហ្សូ អាបេ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីឆ្នាំ២០០៨។


លោកបាន​ថ្លែង​ថា៖​«​ខ្ញុំ​មាន​សុទិដ្ឋិនិយមថា​បញ្ហាដែលបានលើកឡើងនាឱកាសនេះ នឹងត្រូវបានពិភាក្សា និងយកចិត្តទុកដាក់ដោះស្រាយពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវបរិយាកាសល្អប្រសើរសម្រាប់ថែទាំវិនិយោគជប៉ុនដែលមានស្រាប់ ជំរុញលើកទឹកចិត្តឱ្យមានការពង្រីកការវិនិយោគ និងឈានទៅដល់ការទាក់ទាញវិនិយោគថ្មីមកពីជប៉ុន​ក្នុងគោលបំណងធ្វើពិពិធកម្មទាំងប្រភពទុន និងឧស្សាហកម្ម»។


ជាការឆ្លើយតប លោក UENO Atsushi បានថ្លែងអំណរគុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែផ្តល់នូវការសម្របសម្រួល និងឆ្លើយតបចំពោះសំណូមពររបស់វិនិយោគិនជប៉ុន។ លើសពីនេះ លោក​ក៏​បានបញ្ជាក់ពីការគាំទ្រ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារសំខាន់ៗរួមមាន ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ដែលការណ៍នេះបានជួយពង្រឹងទំនុកចិត្ត និងសុវត្ថិភាពសម្រាប់វិនិយោគិន, និងការដោះស្រាយបញ្ហាតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយប្រើប្រាស់មធ្យោបាយការទូត ដែលជាកត្តាគន្លឹះក្នុងការស្តារ និងលើកកម្ពស់បរិយាកាសវិនិយោគ និងភស្តុភារកម្មឱ្យមានភាពល្អប្រសើរឡើងវិញ។


បច្ចុប្បន្ន​ប្រទេស​ជប៉ុន​គឺ​ជា​ដៃ​គូពាណិជ្ជកម្ម​សំខាន់​មួយ​របស់​កម្ពុជា ដោយ​ក្នុង​ឆ្នាំ​២០២៥ កន្លង​មក​ការ​ផ្លាស់ប្តូរ​ទំនិញ​រវាង​ប្រទេស​ទាំង ២ មាន​ទឹក​ប្រាក់​សរុប ២,៥៣ ពាន់​លាន​ដុល្លារ កើន​ឡើង ១៧,១% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ក្នុង​នោះ​​កម្ពុជា​នាំ​ទំនិញ​ទៅ​ជប៉ុន ១,៥៧ ពាន់​លាន​ដុល្លារ កើនឡើង ១១,៩​% ចំណែក​ជប៉ុន​នាំ​ចូល ៩៥៦,២៣ លាន​ដុល្លារ កើន ២៧%។​ ជប៉ុន គឺ​ជា​ដៃគូ​ពាពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី៥ របស់​កម្ពុជា បន្ទាប់​ពី​ប្រទេស​ចិន អាមេរិក វៀតណាម និង​ថៃ។


អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក លឹម ហេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជប៉ុន​ជា​ប្រទេស​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា រោង​ចក្រ និង​មាន​ឧស្សាហកម្ម​រីកចម្រើន​ខ្លាំង រីឯ​កម្ពុជា​ជា​ប្រទេស​មាន​វិស័យ​កសិកម្ម​កំពុង​រីកចម្រើន ដូចនេះ​ប្រទេស​ទាំង ២ អាចធ្វើ​ការផ្លាស់ប្តូរ​មុខទំនិញ​ដែល​កង្វះ​ខាត​តាម​ប្រទេស​រៀងខ្លួន​បាន​។ បច្ចុប្បន្ន​ក្រៅពី​ផលិតផល​កសិកម្ម កម្ពុជា​ក៏បាន​នាំចេញ​ផលិតផល​វាយ​ន​ភណ្ឌ​ជាច្រើន​ផងដែរ​ទៅ​ទីផ្សារ​ជប៉ុន​។


លោក​បាន​បន្តថា ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ត្រូវបាន​រំពឹងថា នឹងមាន​ទំហំ​កាន់តែ​ធំ ព្រោះ​ប្រទេស​ទាំង ២ គឺជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច គ្រប់​ជ្រុងជ្រោយ​តំបន់​ (RCEP)​។​


លោក​បន្ថែមថា ក្រៅពី​ចរាចរណ៍​ទំនិញ នៅ​កម្ពុជា​ក៏មាន​វិនិយោគិន​ជប៉ុន​ជា​ច្រើន​កំពុង​បណ្តាក់ទុន​លើ​វិស័យ​ចម្រុះ​ជាច្រើន​ដូចជា ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម សំណង់ និង​កសិកម្ម​ជា​ដើម​។ ក្រៅពី​ការផ្លាស់ប្តូរ​ទំនិញ កម្ពុជា​ក៏មាន​ប្រជាពលរដ្ឋ​របស់ខ្លួន​ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​ផងដែរ​។​


លោក​និយាយថា​៖ «​ទំនាក់ទំនង​ល្អ​រវាង​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង ២ នឹង​ជួយ​ឱ្យ​ការផ្លាស់ប្តូ​រពា​ណិ​​ជ្ជ​កម្ម​រវាង​ប្រទេស​ទាំង ២ ​មាន​ទឹកប្រាក់​កាន់តែច្រើន ហើយ​ចំនួន​វិនិយោគិន​ជប៉ុន​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ក៏​នឹងមាន​ចំនួន​កាន់តែច្រើន​ផងដែរ​»​។​


ដើម្បី​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យបាន​កាន់តែ​ធំ និង​ទាក់ទាញ​វិនិយោគិន​ជប៉ុន ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​កាន់តែច្រើន សភាពាណិជ្ជកម្ម​កម្ពុជា​កន្លងមក​ក៏បាន​បើក​ការិយាល័យ​តំណាង​របស់ខ្លួន​នៅក្នុង​ប្រទេស​ជប៉ុន​ផងដែរ​។ នេះ​បើតាម​លោក លឹម ហេង​៕


Post a Comment (0)
Previous Post Next Post