១៥ថ្ងៃ រាជធានីភ្នំពេញត្រួត​ពិនិត្យ​ទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

១៥ថ្ងៃ រាជធានីភ្នំពេញត្រួត​ពិនិត្យ​ទីតាំងសង្ស័យ Online Scam ជាង ២.៧០០ទីតាំង រកឃើញជនបរទេសជាង២ម៉ឺននាក់

 ត្រឹមតែ​១៥ថ្ងៃ គិតចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការបោសសម្អាតទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ចំនួន ២.៧០៩ទីតាំង រកឃើញជនបរទេស​ស្នាក់នៅចំនួន ២១.១០៤នាក់ ក្នុងនោះមានស្ត្រីចំនួន៦.៦៨៣នាក់។


យោង​តាម​លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ទីតាំងដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ អគារ ខុនដូរ អាផាតមិន បុរី ផ្ទះសំណាក់ និងសណ្ឋាគារ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ។


គ.ប.ឆ.ប. ថ្លែង​ថា៖ «នៅក្នុងរយៈពេល១៥ថ្ងៃនេះដែរ សមត្ថកិច្ច ក៏បានបង្ក្រាបទីតាំងប្រព្រឹត្តបទល្មើស ចំនួន ៤០ករណី​ផ្សេងទៀត ដោយឃាត់ខ្លួនជនជាតិបរទេសចំនួន ២៨៤នាក់ ក្នុងនោះស្ត្រី ៣១នាក់ មកពី១៣សញ្ជាតិ រួមមានៈ វៀតណាម ចិន មីយ៉ានម៉ា កូរ៉េខាងត្បូង ម៉ាឡេស៊ី នេប៉ាល់ បង់ក្លាដេស ឥណ្ឌា ស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី ប៉ាគីស្ថាន និងសិង្ហបុរី»។


ក្នុងចំណោមករណីបង្ក្រាបខាងលើ ស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការចំនួន ១១ ករណី  ដែលមានមេខ្លោង និងអ្នកពាក់ព័ន្ធផ្ទាល់ជាជនជាតិចិន ២២នាក់ សិង្ហបុរី១នាក់ និងខ្មែរ១នាក់សរុបទាំងអស់ ២៤នាក់ ដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។


គ.ប.ឆ.ប. ថ្លែងថា៖ «សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់នាពេលកន្លងមកយ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាពឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយគ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ។ វិធានការដែលបាន និងកំពុងអនុវត្តទាំងនេះ នឹងអាចធ្វើអាចឱ្យកម្ពុជាឈានទៅលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅពេលខាងមុខ»៕ ភ្នំពេញ​ប៉ុស្តិ៍​


Post a Comment (0)
Previous Post Next Post