កម្ពុជាបានបញ្ជាទិញឡបច្ចេកទេសសម្រាប់ដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិកគ្មានផ្សែងច្រើនគ្រឿងពីជប៉ុន ហើយគោលដៅរបស់កម្ពុជា គឺធ្វើយ៉ាងណាឱ្យមួយស្រុកមានឡដុតនេះ ១ គ្រឿង។ នេះបើតាមលោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។
លោក អ៊ាង សុផល្លែត បានធ្វើសន្និសីទសារព័ត៌មានប្រាប់ពីដំណឹងនេះ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី ១៩ ខែកុម្ភៈនេះ គឺបន្ទាប់ពីលោកបានដឹកនាំប្រតិភូកម្ពុជាវិលត្រឡប់ពីការបំពេញបេសកកម្មនៅក្នុងប្រទេសជប៉ុន ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លោករដ្ឋមន្ត្រីបានថ្លែងថា៖ «យើងបានទៅធ្វើទស្សនកិច្ចរោងចក្រផលិតឡសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក ដែលជាឡមួយដុតទៅអត់មានផ្សែង។ ដុតទៅអត់មានផ្សែងទេ មានតែចំហាយទឹកមកវិញ! បច្ចេកទេសគាត់ល្អ! យើងបានទៅមើល ហើយយើងបានបញ្ជាទិញ ដើម្បីយកមកប្រើប្រាស់នៅកម្ពុជាយើងផងដែរ»។
លោកបន្តថា៖ «ការបញ្ជាទិញនេះ សង្ឃឹមថា កិច្ចសហប្រតិបត្តិការជាមួយភាគីជប៉ុន ក្រសួងបរិស្ថានជប៉ុន និងក្រុមហ៊ុនជប៉ុន នឹងជួយយើងឱ្យបានច្រើនគ្រឿង ព្រោះគោលដៅរបស់យើងគឺធ្វើយ៉ាងណាឱ្យមួយស្រុកមាន១ គ្រឿង»។
លោក អ៊ាង សុផល្លែត បន្ថែមថា ឡដុតសំណល់វេជ្ជសាស្ត្រ និងសំណល់ប្លាស្ទិក នឹងមិនប្រើប្រាស់ថាមពលអគ្គិសនីទេ ប៉ុន្តែនឹងជំនួសមកវិញដោយការប្រើប្រាស់ថាមពលទាញពីប្រភពពន្លឺព្រះអាទិត្យ(Sola)។
បន្ថែមលើនេះ លោក អ៊ាង សុផល្លែត ក៏បានឲ្យដឹងដែរថា មានការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថានកម្ពុជា និងសហព័ន្ធសមាគមមេធាវីជប៉ុន លើការលើកកម្ពស់ការអនុវត្តច្បាប់បរិស្ថាន, ការពង្រឹងតម្លាភាពក្នុងការអនុញ្ញាត និងអភិបាលកិច្ចបរិស្ថាន, និងការកសាងក្របខ័ណ្ឌស្ថាប័នឱ្យកាន់តែរឹងមាំ សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិផងដែរ៕

