មន្រ្តីបង្ក្រាបការដឹកឈើជាង២០កំណាត់ទាំងកណ្តាលថ្ងៃ តែជនល្មើសរត់គេចខ្លួនបាត់
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

មន្រ្តីបង្ក្រាបការដឹកឈើជាង២០កំណាត់ទាំងកណ្តាលថ្ងៃ តែជនល្មើសរត់គេចខ្លួនបាត់

 ក្រចេះ៖ ឈើប្រភេទសុក្រំចំនួន ២៥ដុំ និងម៉ូតូចំនួន៤គ្រឿង ត្រូវបានចាប់រឹបអូសក្នុងបទល្មើសជាក់ស្តែងដោយក្រុមអធិការកិច្ចក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋានខេត្តក្រចេះ នៅពេលជនល្មើសកំពុងតែធ្វើសកម្មភាពដឹកឆ្លងទូកដទាំងកណ្តាលថ្ងៃ នៅក្នុងស្រុកសំបូរ កាលពីថ្ងៃទី១៩ ខែកុម្ភៈនេះ។ 


ក្រសួងបរិស្ថានបានឱ្យដឹងនាថ្ងៃសុក្រ​ ទី២០ ខែកុម្ភៈនេះថា ការបង្រ្កាបនេះត្រូវបានធ្វើឡើងដោយក្រុមការងារក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តក្រចេះ ក្រោមកិច្ចសហការ ជាមួយគណបញ្ជាការឯកភាពស្រុកសំបូរ ក្នុងអំឡុពេលចុះពិនិត្យវាយតម្លៃសកម្មភាពការងាររបស់មន្រ្តីតាមតំបន់ការពារ។ ទោះយ៉ាងណា ជនសង្ស័យបានរត់គេចខ្លួនបាត់ នៅមុនពេលដែលសមត្ថកិច្ចទៅដល់។


ក្រុមការងារបានប្រគល់ជូនវត្ថុតាងជូនសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់អនុវត្តនីតិវិធីបន្ត ដើម្បីស្វែងរកជនសង្ស័យមកដាក់ទោសតាមច្បាប់។ ជាមួយគ្នានេះក្រុមការងារក៏បានបន្តសហការជាមួយ អាជ្ញាធរមូលដ្ឋាន រួមជាមួយប្រជាពលរដ្ឋ ក៏ដូចជាក្រុមហ៊ុនដែលប្រកបអាជីវកម្ម ទូកដ ឬសាឡាងចម្លង កុំអនុញ្ញាតឲ្យមធ្យោបាយ រថយន្ត ម៉ូតូ ឬគោយន្តកែឆ្នៃទាំងឡាយណា ដែលមានដឹកបទល្មើសធនធានធម្មជាតិបានឆ្លង និងសូមចូលរួមសហការ ផ្តល់ព័ត៌មាន ដើម្បីសមត្ថកិច្ចចុះអន្តាគមន៍បង្ក្រាបឲ្យទាន់ពេលវេលា។ 


រដូវប្រាំងគឺអំណោយផលដល់ការដឹកជញ្ជូនឈើខុសច្បាប់ ប៉ុន្តែបទល្មើសជាច្រើនក៏កំពុងតែត្រូវបានបង្ក្រាបជាបន្តបន្ទាប់ផងដែរ។ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់បានលើកឡើងថា ជនល្មើសប្រើល្បិច ជ្រកក្រោមជីវភាពក្រីក្រចិញ្ចឹមជីវិត ដោយប្រើប្រាស់សត្វចិញ្ចឹម ដូចជាសត្វក្របី សត្វគោ ដឹកឈើ តាមរទេះជាក្បួនបង្កើតបទល្មើសព្រៃឈើរាប់ឆ្នាំ។ អ្នកខ្លះបានយកលេស យកឈើធ្វើផ្ទះតិចតួច តែសកម្មភាពនេះបង្ហាញពីការបំផ្លិចបំផ្លាញព្រៃឈើ​ ដែលជាប្រភពខ្យល់ដកដង្ហើមដ៏សំខាន់។ រូបភាពទាំងនេះអាចកុហកភ្នែកមហាជនបាន តែមិនអាចគេចផុតពីការអនុវត្តច្បាប់ឡើយ៕




Post a Comment (0)
Previous Post Next Post