អ្នកលេងខ្លែងកាន់តែច្រើន បាននាំយកខ្លែងរបស់ខ្លួនទៅចូលរួមក្នុងពិធីបុណ្យបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី លើកទី២ ឆ្នាំ ២០២៦ នៅខេត្តសៀមរាប ដើម្បីរួមគ្នាអភិរក្ស និងលើកកម្ពស់ប្រពៃណីបង្ហើរខ្លែង ដែលជាកេរមរតកវប្បធម៌ដ៏មានតម្លៃរបស់ជាតិ។
ពិធីនេះក៏ធ្វើឡើងដើម្បីរួមចំណែកផ្សព្វផ្សាយអំពីសក្ដានុពលសម្បត្តិវប្បធម៌ទាំងរូបី និងអរូបីរបស់ខេត្តសៀមរាប ក្នុងន័យទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តកាន់តែច្រើនផងដែរ។
ពិធីនេះត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប សហការជាមួយបណ្តាមន្ទីរ និងអង្គភាពពាក់ព័ន្ធ ដោយមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី ២០ ដល់ទី ២៣ ខែកុម្ភៈ នៅបរិវេណអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់។
លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានឱ្យដឹងថា ព្រឹត្តិការណ៍បង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី ឆ្នាំនេះ មានប្រតិភូខ្លែងមកពីបណ្តាក្រុង ស្រុក អង្គភាពមន្ទីរ វិស័យឯកជន ក្នុងខេត្តសៀមរាប បាននាំយកខ្លែងឯក ខ្លែងសេរី ខ្លែងកិត្តិយស និងខ្លែងតូចៗ សរុបចំនួន ១៣៨ មកចូលរួម ក្នុងនោះក៏មានប្រតិភូខ្លែងមកពីបណ្តារាជធានី-ខេត្ត មានដូចជា ខេត្តស្ទឹងត្រែង ខេត្តពោធិ៍សាត់ រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តស្វាយរៀងផងដែរ។
លោក លី សារី អភិបាលរងខេត្តសៀមរាប បានថ្លែងថា នៅក្នុងពិធីបើកថា ការបង្ហើរខ្លែងខ្មែរ មិនគ្រាន់តែបង្កបរិយាកាសឱ្យប្រជាជន សាធារណជន មានការសប្បាយរីករាយ និងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាជាការផ្ទេរនូវចំណេះដឹងខាងទំនៀមទម្លាប់ប្រពៃណី ដល់យុវជនជំនាន់ក្រោយឱ្យបានស្គាល់ យល់ដឹង និងចូលរួមប្រតិបត្តិ ថែរក្សាការពារ លើកស្ទួយអត្តសញ្ញាណជាតិ ចូលរួមយ៉ាងសកម្មក្នុងការសិក្សាស្រាវជ្រាវ ចងក្រងរក្សាទុកជាឯកសារបេតិកភណ្ឌវប្បធម៌មួយនេះ ឱ្យបានស្ថិតស្ថេរគង់វង្ស។
លោកបញ្ជាក់ថា៖ «ពិធីបុណ្យបង្ហើរខ្លែងឯក និងខ្លែងសេរី គឺជាពិធីមួយដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់វប្បធម៌អរូបី និងទាក់ទាញភ្ញៀវទេសចរ ឱ្យបានស្គាល់ប្រទេសកម្ពុជា ក៏ដូចតាមរយៈការបង្ហើរខ្លែង ដែលមានការរចនាតុបតែងលម្អចម្រុះពណ៌គ្នា នៅលើទឹកដីអង្គរ»។
នៅក្នុងពិធីបើកការបង្ហើរខ្លែងឯកខ្មែរ និងខ្លែងសេរី កាលពីព្រឹកថ្ងៃសុក្រនេះ អ្នកលេងខ្លែងទាំងអស់ បាននាំយកមកនូវប្រភេទខ្លែងមានទម្រង់ខុសប្លែកពីគ្នា ជាមួយការរចនានូវពណ៌ និងតុបតែងរូបភាពផ្សេងៗទៅតាមចំណេះជំនាញរៀងៗខ្លួន ដែលបង្ហាញពីវប្បធម៌ និងទំនៀមទម្លាប់នៃការធ្វើខ្លែងទៅតាមតំបន់ និងខេត្តរៀងៗខ្លួន៕

