ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមអនឡាញ សមត្ថកិច្ចចម្រុះឃាត់ខ្លួនជនបរទេស ៨១នាក់ នៅខណ្ឌច្បារអំពៅ នៅពីថ្ងៃទី២៦ ខែកុម្ភៈ ក្នុងការចុះឆែកឆេរទីតាំងសង្ស័យមួយកន្លែង ស្ថិតក្នុងបុរីប៉េងហួត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) ជនបរទេសទាំង៨១នាក់នេះ មានជនជាតិចិនចំនួន៧២នាក់ និង ជនជាតិមីយ៉ាន់ម៉ា ចំនួន៩នាក់។ សមត្ថកិច្ចរកឃើញទូរសព្ទបម្រើបទល្មើស ចំនួន ៤៨០ គ្រឿង សក់សិប្បនិម្មិត១២សក់ និងកុំព្យូទ័ររាប់សិបគ្រឿងទៀត។
បើតាមរបាយការណ៍កោសល្យវិច័យ ជនសង្ស័យខាងលើបានលបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្រោមរូបភាពលួងលោមស្នេហា (Romance Scams)។ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការ ផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
យោងតាម គ.ប.ឆ.ប. ក្នុងរយៈពេលជាង៨ខែកន្លងមកនេះ សមត្ថកិច្ចបានបំបែកសំបុកឧក្រិដ្ឋជននៃការឆបោកអនឡាញសរុបចំនួនជាង ២០០កន្លែង រួមទាំងនៅកាស៊ីណូផងដែរ។
យុទ្ធនាការឆបោកតាមអនឡាញ ជំរុញឲ្យជនបរទេសសរុបចំនួន ២២៣,៦១០ នាក់ បានស្ម័គ្រចិត្តចាកចេញទៅកាន់ប្រទេសពួកគេវិញ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ ពួកគេស្ថិតក្នុងចំណោមជនជាតិចិន, វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដែស, ប៉ាគីស្ថាន។
គ.ប.ឆ.ប. ថ្លែងថា៖ «ទន្ទឹមគ្នានេះ មានក្រុមមេខ្លោងមួយចំនួនបានរត់គេចពីសមត្ថកិច្ច ដោយក្នុងចំណោមនោះ ខ្លះបានចាកចេញទៅកាន់ប្រទេសផ្សេងពីកម្ពុជាដើម្បីនឹងអាចបន្តសកម្មភាពឆបោក និងខ្លះបានលាក់ខ្លួននៅក្នុងប្រទេស ដោយបានប្តូរទម្រង់នៃការឆបោកទៅជាក្រុមតូចៗ ដើម្បីលបលួចប្រព្រឹត្តនៅតាមទីតាំងផ្ទះជួលផ្សេងៗគ្នា និងខ្លះក្នុងរូបភាពចល័ត»។
គ.ប.ឆ.ប. បន្តថា សមត្ថកិច្ចក្នុងរាជធានី និងខេត្តទាំង២៤ កំពុងបង្កើនសកម្មភាពបោសសម្អាត ស្រាវជ្រាវស៊ើបអង្កេត និងបង្រ្កាបយ៉ាងយកចិត្តទុកដាក់លើទីតាំងដែលមានការលបលួចធ្វើកម្មភាព ដោយមិនអនុញ្ញាតឱ្យមានការជ្រកប្រព្រឹត្តអំពើល្មើស ទោះសំបុកតូច ឬធំក៏ដោយ ក្នុងក្របខណ្ឌនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
លោក ឆៃ ស៊ីណារិទ្ធិ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានបានថ្លែងនៅក្នុងរបាយការណ៍ថា៖ «យើងត្រូវបន្តស្រាវជ្រាវឧក្រិដ្ឋកម្មឆ្លងដែននេះឱ្យដល់ឬសគល់នៃបញ្ហា ដើម្បីឈានទៅគ្រប់គ្រង និងបោសសម្អាតឱ្យអស់ពីកម្ពុជា»។
លោកបន្តទៀតថា៖ «បច្ចុប្បន្ន អាជ្ញាធរកម្ពុជាកំពុងស៊ើបអង្កេតលើអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាង ១០០ ករណី ក្នុងនោះកម្លាំងសមត្ថកិច្ចជំនាញក៏ផ្តោតផងដែរលើការស្រាវជ្រាវអំពីប្រព័ន្ធនៃលំហូរហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួនពាក់ព័ន្ធនឹងបណ្តាញក្រុមឧក្រិដ្ឋជនឆបោក Online Scams»៕

