ក្រសួងឧស្សាហកម្ម បើកទទួលពាក្យប្រកួត “ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ២០២៦” ជំរុញផលិតកម្មចីរភាព
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

ក្រសួងឧស្សាហកម្ម បើកទទួលពាក្យប្រកួត “ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ២០២៦” ជំរុញផលិតកម្មចីរភាព

 ភ្នំពេញ៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រកាសជាផ្លូវការបើកការប្រកួត “ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ឆ្នាំ២០២៦” ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យឧស្សាហកម្មឱ្យឈានទៅរកភាពបៃតង និងចីរភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយការទទួលខុសត្រូវ។


យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង បានឱ្យដឹងថា: “ពានរង្វាន់នេះមានគោលបំណងលើកទឹកចិត្តដល់សហគ្រាស និងរោងចក្រ ដែលបានអនុវត្តន៍វិធានការការពារបរិស្ថានប្រកបដោយប្រសិទ្ធភាព ដូចជា ការប្រើប្រាស់ថាមពល និងទឹកយ៉ាងសន្សំសំចៃ ការកាត់បន្ថយ និងគ្រប់គ្រងសំណល់ឧស្សាហកម្ម ការកាត់បន្ថយការបំភាយឧស្ម័នកាបូន និងការអនុវត្តបច្ចេកវិទ្យាស្អាតក្នុងដំណើរការផលិតកម្ម”។


ក្រសួងបាន លើកទឹកចិត្តម្ចាស់សហគ្រាស រោងចក្រ និងអង្គភាពពាក់ព័ន្ធ ទាំងក្នុងវិស័យឯកជន និងសាធារណៈ ដាក់ពាក្យចូលរួមប្រកួតតាមប្រព័ន្ធអនឡាញ។


ព័ត៌មានលម្អិតអំពីលក្ខខណ្ឌ ចំណាត់ថ្នាក់ វិធីវាយតម្លៃ និងកាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ អាចស្វែងរកបានតាមតំណភ្ជាប់ https:/forms.gle/KUAFA5pih9tYe2uv6 និង QR Code ដែលបានបង្ហាញក្នុងសេចក្តីជូនដំណឹងផ្លូវការ។


តាមការបញ្ជាក់របស់ក្រសួង បេក្ខជនដែលឈ្នះពានរង្វាន់នឹងទទួលបានវិញ្ញាបនបត្រផ្លូវការ និងការទទួលស្គាល់ជាសាធារណៈ ដែលអាចជួយបង្កើនភាពជឿជាក់ពីភាគីដៃគូអាជីវកម្ម អតិថិជន និងវិនិយោគិន ទាំងក្នុង និងក្រៅប្រទេស។


សេចក្តីប្រកាសព័ត៌មានបន្ដថា: “លើសពីនេះ ការទទួលបានពានរង្វាន់ក៏អាចជាគំរូល្អសម្រាប់សហគ្រាសផ្សេងៗក្នុងការប្តេជ្ញាចិត្តអនុវត្តន៍គោលការណ៍ឧស្សាហកម្មបៃតង”។


ការរៀបចំពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា គឺជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្រជាតិដើម្បីជំរុញការផ្លាស់ប្តូរទៅរកប្រព័ន្ធផលិតកម្មស្អាត និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ស្របតាមនិន្នាការអភិវឌ្ឍអន្តរជាតិ និងការប្តេជ្ញារបស់កម្ពុជាចំពោះការកាត់បន្ថយផលប៉ះពាល់បរិស្ថាន។


ការប្រកួតឆ្នាំ២០២៦ ត្រូវបានរំពឹងថា នឹងទាក់ទាញការចូលរួមយ៉ាងទូលំទូលាយពីវិស័យឧស្សាហកម្មនៅទូទាំងប្រទេស ខណៈដែលតម្រូវការទីផ្សារអន្តរជាតិចំពោះផលិតផលបៃតង និងស្តង់ដារបរិស្ថានកាន់តែតឹងរ៉ឹង៕


Post a Comment (0)
Previous Post Next Post