ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាចំនួន ៥ បានទទួលជ័យលាភីក្នុងចលនាប្រឡងប្រណាំងទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៥ ឆ្នាំ២០២៦-២០២៨ ខណៈទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយដែលអាចផ្តល់នូវបទពិសោធ និងការចងចាំដ៏ល្អសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
ទីក្រុងទេសចរណ៍ឆ្នើមរបស់កម្ពុជាទាំង ៥ រួមមាន ក្រុងព្រះសីហនុ, ក្រុងបាត់ដំបង, ក្រុងសៀមរាប, ក្រុងកំពង់ចាម និងក្រុងស្ទឹងសែន។
សារលិខិតចុះថ្ងៃទី២៧ ខែកុម្ភៈ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងឱកាសនៃទិវាជាតិទីក្រុងស្អាត លើកទី១៣ ឆ្នាំ២០២៦ ក្រោមប្រធានបទ«សាមគ្គីដើម្បីទីក្រុងស្អាត» បានលើកឡើងថា បច្ចុប្បន្នប្រទេសកម្ពុជាបាននិងកំពុងបន្តដំណើរឆ្ពោះទៅមុខយ៉ាងស្វាហាប់គួរជាទីមោទនៈ ព្រមជាមួយនឹងការរក្សាបាននូវសុខសន្តិភាព សុវត្ថិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សុខដុមនីយកម្មក្នុងសង្គម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធល្អប្រសើរ និងមានការអភិវឌ្ឍលើគ្រប់វិស័យដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យរីកចម្រើន រឹងមាំ មានភាពធន់នឹងវិបត្តិ សំដៅសម្រេចឱ្យបានកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាព ស្អាត បៃតង និងចីរភាព។
លិខិតបានបន្តថា ជាមួយនឹងការកំណត់ចក្ខុវិស័យច្បាស់លាស់នៃដំណើរទៅមុខនេះ កម្ពុជាត្រូវបន្តខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីទទួលបាននូវភាពរីកចម្រើនយូរអង្វែង ដោយត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសំខាន់ៗមានជាអាទិ៍ ការបន្តកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សុខភាពនិងសុខុមាលភាពប្រជាជន ការអភិវឌ្ឍមូលធនមនុស្ស ការកសាង ប្រព័ន្ធគាំពារសង្គមដ៏រឹងមាំ ការប្រឈមមុខនឹងហានិភ័យនានា ភាពងាយរងគ្រោះផ្សេងៗ ព្រមទាំងការគិតគូរពីចីរភាពនៅតាមបណ្តាទីក្រុង ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ លក្ខខណ្ឌការងារ លក្ខខណ្ឌការរស់នៅ ការរីកចម្រើន យ៉ាងឆាប់រហ័សនៃបរិវិវត្តកម្មឌីជីថលនៅក្នុងសកម្មភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាការគិតគូរពីកិច្ចការពារ និងអភិរក្ស ធនធានធម្មជាតិជាដើម។
លោកបានថ្លែងថា៖«ទីក្រុងស្អាត គឺជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយ ដែលអាចផ្តល់នូវបទពិសោធ និងការចងចាំដ៏ល្អ សម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ការរីកចម្រើននៃទីក្រុង នឹងចូលរួមចំណែកយ៉ាងសំខាន់ទៅដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដោយហេតុថា ទីក្រុងគឺជាបណ្ដុំនៃការរស់នៅ ការសម្រាកលម្ហែ សកម្មភាពទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងវប្បធម៌ ជាដើម។ ភាពជោគជ័យនៃវិស័យទេសចរណ៍ ក៏នឹងចូលរួមដល់ការអភិវឌ្ឍទីក្រុងផងដែរ តាមរយៈកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគគំរូថ្មីនៃការអភិវឌ្ឍនគរូបនីយកម្ម ការអភិរក្ស បេតិកភណ្ឌទីក្រុង ការគិតគូរពីនិរន្តរភាពបរិស្ថាន ភាពស្អាត និងបៃតង ការកសាងហេដ្ឋារចនាសម្ព័ន្ធទ្រទ្រង់ចាំបាច់នានាបម្រើដល់តម្រូវការរបស់ភ្ញៀវទេសចរជាដើម ដែលទាំងនេះនឹងជួយជំរុញឱ្យទីក្រុងកាន់តែមានភាពរស់រវើក មានឧត្តមភាពសម្រាប់ការរស់នៅ ការប្រកបធុរកិច្ច និងការទស្សនាកម្សាន្ត»។
លោកបានបន្តថា ក្នុងន័យនេះ ការរៀបចំនគរូបនីយកម្ម និងការអភិវឌ្ឍទីក្រុងត្រូវមានការយកចិត្តទុកដាក់លើភាពស្អាត បៃតង បរិស្ថានល្អ ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់តាមគ្រប់រូបភាព មានការធានាសន្តិសុខសុវត្ថិភាព ទំនើបកម្ម និងនវានុវត្តន៍ ការលើកកម្ពស់សុខុមាលភាពសង្គម ការផ្តល់នូវបដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពរួសរាយរាក់ទាក់ ក៏ដូចជាត្រូវរៀបចំថែរក្សា និងលើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងបេតិកភណ្ឌទីក្រុងដែលជាភាពទាក់ទាញដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
បន្ថែមពីលើនេះ លោកនាយករដ្ឋមន្ត្រីក៏អំពាវនាវឱ្យប្រជាជនខ្មែរចូលរួមគាំទ្រសកម្មភាពទេសចរណ៍ ចលនាទេសចរណ៍ក្នុងស្រុក និងយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង(ពីខែឧសភាដល់ខែតុលា) ដោយអញ្ជើញធ្វើដំណើរទស្សនាកម្សាន្តតាមតំបន់ទេសចរណ៍នានានៅទូទាំងប្រទេស ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ ជំរុញសកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងផង និងបង្កើនមនសិការស្រឡាញ់ជាតិមាតុភូមិផង ប្រកបដោយស្មារតីសាមគ្គីភាព មិត្តភាព និងចែករំលែកផលប្រយោជន៍ដោយសមធម៌ជូនប្រជាជននៅមូលដ្ឋានស្របតាមទស្សនាទាន «ទេសចរណ៍ផ្សារភ្ជាប់ទឹកដី» និង«ស្រឡាញ់ជាតិត្រូវស្គាល់ទឹកដី និងស្របតាមទិសស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍!» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព!» និង «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់!»។
យោងតាមរបាយការណ៍ធនាគារជាតិនៃកម្ពុជា(NBC) ក្នុងឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបសរុបជិត ៥,៦ លាននាក់ ធ្លាក់ចុះ ១៦,៩% បើធៀបឆ្នាំ២០២៤ ដែលមាន ៦,៧ លាននាក់។ តាមការប៉ាន់ស្មានវិស័យទេសចរណ៍អន្តរជាតិរកចំណូលបាន ៣,៧ ពាន់លានដុល្លារ៕ភ្នំពេញប៉ុស្តិ៍

