រដ្ឋាភិបាល​រក​ចំណូល​ពី​វិស័យ​​អាកាសចរណ៍ស៊ីវិល បាន​ជាង ៥០ លាន​ដុល្លារ​
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋាភិបាល​រក​ចំណូល​ពី​វិស័យ​​អាកាសចរណ៍ស៊ីវិល បាន​ជាង ៥០ លាន​ដុល្លារ​

 ទោះបី​វិស័យ​អាកាសចរណ៍​ស៊ីវិល​នៅកម្ពុជាក្នុង​ឆ្នាំ​២០២៥ បាន​​ជួប​នឹង​បញ្ហា​ប្រឈម​ជា​ច្រើនក៏​ដោយ​ ក៏ការ​ប្រមូល​ចំណូល​ចូល​​រដ្ឋ​មិន​បាន​ធ្លាក់​ចុះ​ឡើយ ដោយ​សម្រេច​បាន​ក្នុង​ទឹក​ប្រាក់​ជាង ៥០ លាន​ដុល្លារ កើនឡើង​តិចតួច​​បើ​ធៀប​​នឹង​ឆ្នាំ​២០២៤។


របាយការណ៍​បូកសរុបលទ្ធផលការងារ​ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នា​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ បាន​​បង្ហាញ​ថា ក្នុងឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ប្រមូលចំណូលចូល​រដ្ឋបាន​សរុប​ ៥១,២៦ លាន​ដុល្លារ ឬ​ស្មើ​នឹង​ ១០១,៣២% បើធៀប​នឹង​ច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៤។ កំណើន​នេះ​បញ្ជាក់​ពីប្រសិទ្ធភាពនៃការកៀងគរចំណូល​ថវិការដ្ឋ ក៏ដូចជាការដាក់វិធានការដ៏មាន​ប្រសិទ្ធភាពផងដែរ។


របាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ឆ្នាំ២០២៥ វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជាបានចូលរួមចំណែកផ្តល់ការងារដោយផ្ទាល់ចំនួន ៤ ៤៧១ នាក់, ការងារជំនាញផ្នែក​បច្ចេកទេសអាកាសចរណ៍ស៊ីវិល ១ ៨៨០នាក់, ការងារជាអ្នកបើកអាកាសយាន(Pilots) ១៣៥ នាក់ និង​បាន​នាំមកប្រាក់ចំណូលប្រតិបត្តិការអាជីវកម្មដោយផ្ទាល់ជិត ៦០០លានដុល្លារ​។ ក្នុងឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​បានចុះបញ្ជីអាកាសយាននៅកម្ពុជា​​ចំនួន ៣២គ្រឿង។


ក្នុងឆ្នាំ២០២៥ ​ភ្ញៀវ​ធ្វើ​ដំណើរ​តាមផ្លូវអាកាសមានចំនួន ៦,៩៩ លាន​នាក់​ កើនឡើង ១២% និង​ទំនិញ​ដឹកជញ្ជូនតាមផ្លូវអាកាស ៩៣ ៨៨៩តោន ​កើន ២១%។ គិតមក​ដល់​ពេល​នេះ​កម្ពុជាមានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ កំពុង​ធ្វើប្រតិបត្តិការ ដោយ​ក្រុមហ៊ុនជាតិចំនួន ៤ និងក្រុមហ៊ុនអន្តរជាតិ ៣២​។ ​ការ​ហោះហើរ​របស់​កម្ពុជា​ត្រូវ​បាន​​តភ្ជាប់​ទៅកាន់​ ១៨ ប្រទេស និង ៤៦ទីក្រុង។ នេះ​បើ​យោងតាម SSCA។​


រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល លោក ម៉ៅ ហាវណ្ណាល់ បាន​និយាយ​ថា វិស័យ​អាកាសចរណ៍ស៊ីវិល នៅតែបន្តទទួលផលប្រយោជន៍​នៃកេរ្តិ៍ដំណែល និងទស្សនវិស័យវែងឆ្ងាយរបស់អតីតលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបាន​ដាក់ឱ្យអនុវត្តនូវ​គោលនយោបាយបើកចំហជើងមេឃនៅក្នុងឆ្នាំ១៩៩៩។ លោក​បន្ត​ថា វិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា​កំពុងដើរតួនាទីយ៉ាង​សំខាន់លើការងារដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាសជាតិ និងអន្តរជាតិ​ក្នុងការចូលរួមចំណែក​ដល់​វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ធ្វើដំណើររបស់ប្រជាជន និងការផ្លាស់ប្តូរវប្បធម៌។


លោកបន្ថែម​​ថា ក្នុងឆ្នាំ២០២៥ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បាន​ជួយគាំទ្រ និងសម្រួលនីតិវិធីដោយជោគជ័យលើការអនុញ្ញាតការហោះហើរជូនក្រុមហ៊ុនអាកាសចរណ៍ Turkish Airlines ពីទីក្រុងអ៊ីស្តង់ប៊ុលមកកាន់រាជធានីភ្នំពេញ, ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ, ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines ពីទីក្រុងឌូបៃ មកកាន់ខេត្តសៀមរាប, ក្រុមហ៊ុនអាកាសចរណ៍ Firefly ពីទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី មកកាន់ខេត្តសៀមរាប, និងក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ប្រទេសឥណ្ឌា ពីទីក្រុងកាល់​គូតា មកកាន់ខេត្តសៀមរាប។


លោក​បាន​ថ្លែង​ថា៖​«​ដើម្បីជំរុញការតភ្ជាប់ការហោះហើរមកកាន់ប្រទេសកម្ពុជា​ឱ្យកាន់តែច្រើនឡើងថែមទៀតទាំងចំនួនជើងហោះហើរ និងបើកផ្លូវហោះហើរថ្មី ការចរចាកិច្ចព្រមព្រៀងសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសទ្វេ​ភាគី​ជាមួយ ៦ ប្រទេស រួមមាន ចក្រភពអង់គ្លេស អារ៉ាប៊ីសាអូឌីត សហរដ្ឋអាមេរិក ប៉ាគីស្ថាន បង់ក្លាដេស និងអាហ្សង់ទីន បាននិងកំពុងអនុវត្ត ដែលនឹងអាចឈានទៅកាន់ការចុះហត្ថលេខាកិច្ចព្រមព្រៀងនាពេលខាងមុខ»។


លោក​បានបន្ថែម​ថា​៖​«សម្រាប់​ឆ្នាំ​២០២៦ នេះ​វិស័យ​អាកាសចរណ៍​ស៊ីវិល​កម្ពុជា​ រំពឹង​នឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៨ លាននាក់ ទំនិញដឹកជញ្ជូនតាមផ្លូវអាកាស ១១២ ពាន់តោន និងជើងហោះហើរចេញ-ចូលជាង ៧២ ពាន់ជើង ដោយ​សារមានតម្រូវការផ្នែក​ពាណិជ្ជកម្ម ទេសចរណ៍ និងការដោះដូរវប្បធម៌»៕


Post a Comment (0)
Previous Post Next Post