កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យចំនួន២១នាក់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្នុងប្រតិបត្តិការបង្រ្កាបបទល្មើសឆបោកតាមអនឡាញ នៅទីតាំងអគារទី២ អគារស្តាស៊ីធី បន្ទប់លេខ៩១២ ជាន់ទី៩ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។
លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានឲ្យដឹងថា ជនសង្ស័យទាំង ២១នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមានជនជាតិចិនចំនួន១៦នាក់ ឥណ្ឌា ១នាក់ ប៉ាគីស្ថាន ២នាក់ និង នេប៉ាល់ចំនួន២នាក់។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងតាមបទបញ្ជារបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយក្រុមការងារចម្រុះនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដឹកនាំដោយឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា និងឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរង ដោយមានការសម្របសម្រួលនីតិវិធីពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។
សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ចំពោះមេខ្លោង នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ ចំណែកឯ ទីតាំងខាងលើត្រូវបានបិទបណ្តោះអាសន្ន៕

