រដ្ឋមន្ត្រីការបរទេស​៖ ការ​បង្ក្រាប online scam ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​លេស​ដើម្បីឈ្លានពាន​និង​កាន់កាប់​ទឹកដី
អាសយដ្ឋានទីស្នាក់ការអង្គភាព សារព័ត៌មាន កម្ពុជាថ្ងៃថ្មី (www.sapormeanktnseven.com.kh) ស្ថិតនៅក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ / Phone 078 5555 12 / 015 22 3333 ។​ សូមអរគុណ...!

រដ្ឋមន្ត្រីការបរទេស​៖ ការ​បង្ក្រាប online scam ​ត្រូវ​បាន​គេ​យក​ធ្វើ​ជា​លេស​ដើម្បីឈ្លានពាន​និង​កាន់កាប់​ទឹកដី

 លោក​រដ្ឋមន្ត្រីការបរទេស ប្រាក់ សុខុន បានប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកមិនគួរត្រូវបានគេយកមកប្រើប្រាស់ជាលេស​ដើម្បី​ធ្វើ​​សកម្មភាពឈ្លានពាន និងការកាន់កាប់​ទឹកដី​ នោះទេ ដែល​ការ​ថ្លែង​ដូច្នេះ​សំដៅទៅលើលេសពីដំបូងរបស់ថៃ ក្នុងការ វាយប្រហារឈ្លានពានដោយ​យោធាមកលើកម្ពុជា ដែលពួកគេបានអះអាងថាជា «សង្គ្រាមប្រឆាំងនឹងកងទ័ពឆបោក»។


ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក ប្រាក់ សុខុន បានលើក​ឡើងថា កម្ពុជាកំពុងបង្កើនសកម្មភាពដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការបោកប្រាស់តាមអនឡាញ និងការជួញដូរមនុស្ស។


លោកថា៖ «ការបោកប្រាស់តាមអនឡាញគឺជាបញ្ហាសកល​ ដែលប៉ះពាល់ដល់ប្រជាជនហួសពីព្រំដែននៃប្រទេសរបស់ពួកគេ។ ក្រុមការងារ​ថ្នាក់ជាតិមួយដែលត្រូវបានបង្កើតឡើងដោយនាយករដ្ឋមន្ត្រីរបស់យើង និងអាជ្ញាធរពាក់ព័ន្ធ បានបង្ក្រាបបណ្តាញជាច្រើន សង្គ្រោះជនរងគ្រោះរាប់ពាន់នាក់ និងចាប់ខ្លួនឧក្រិដ្ឋជនរាប់មិនអស់»។


លោកក៏បានផ្តល់ព័ត៌មានបច្ចុប្បន្នភាព​អំពីយន្តការផ្លូវ​ច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះផងដែរ ដោយ​កម្ពុជាកំពុងស្ថិតក្នុងដំណើរការបង្កើតច្បាប់ពិសេសមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការបោកប្រាស់តាមអនឡាញ។ លោក​ចាត់​ទុក​ថា នេះជាផ្នែកមួយនៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មនេះ និងដោះស្រាយបញ្ហាប្រឈមបែបនេះ។


លោកបានបន្តថា៖ «កម្ពុជាបានអនុវត្តការប្តេជ្ញាចិត្តទាំងនៅកម្រិតជាតិ ទ្វេភាគី និងពហុភាគី។ នេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការ មិនមែនគ្រាន់តែជាសកម្មភាពប៉ូលិស និងយោធាប៉ុណ្ណោះទេ ដែលជួនកាលសកម្មភាពទាំងនោះអាចត្រូវបានគេប្រើប្រាស់ខុសដើម្បី​បិទ​បាំង​​សកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដី»។


ក្នុងអំឡុងពេលនៃការប៉ះទង្គិចប្រដាប់អាវុធលើកទីពីរនៅក្នុងខែធ្នូ ថៃបានបើកការវាយប្រហារតាមអាកាសឈ្លានពាន​យ៉ាងធ្ងន់ធ្ងរមកលើកម្ពុជា ដែល​ចូលជ្រៅជាងមួយរយគីឡូម៉ែត្រក្នុងទឹកដីកម្ពុជា ដោយអះអាងរបស់ពួកគេបង្ក្រាបការឆបោក ដូចដែលពួកគេបាននិយាយថាជា «សង្គ្រាមប្រឆាំងនឹងកងទ័ពឆបោក»។ ប៉ុន្តែការវិភាគមួយដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានមើលឃើញថា សកម្មភាពនោះគឺបម្រើដល់គោលដៅនយោបាយទៅវិញទេ។


នៅក្នុងរបាយការណ៍ខែមករា CSIS បាននិយាយថា យុទ្ធនាការប្រឆាំងការឆបោករបស់ថៃ គឺដើម្បីបង្វែរការរិះគន់អំពីការសមគំនិតរបស់មន្ត្រីខ្លួន ដូចជាករណីនាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) ថតរូបជាមួយលោក បេន ស្មីត (Ben Smith) ដែលរងការចោទប្រកាន់ថាជាមេ​ឆបោកឆ្លងដែន ឬ​បង្វែរ​ភាពអសកម្មប្រឆាំងនឹងបណ្តាញឆបោក​នៅក្នុង​ប្រទេស។ ទាំងនេះ​គឺ​ក្នុង​គោលដៅចំណេញ​នយោបាយក្នុងស្រុក និងដើម្បី​ធ្វើឱ្យសកម្មភាពរបស់ខ្លួននៅក្រៅប្រទេសក្លាយជាស្របច្បាប់។


លោក Scott Schelble ឧបការីរងនៃ​អង្គភាពប្រតិបត្តិការអន្តរជាតិរបស់ FBI បានប្រាប់សន្និសីទសារព័ត៌មានកាលពីពេលថ្មីៗនេះថា លោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅដើមខែកុម្ភៈ ជាទីដែលលោកបានពិភាក្សាអំពីផលប្រយោជន៍រួម ក្នុងការប្រយុទ្ធប្រឆាំងនឹងប្រតិបត្តិការឆបោក។


លោកថា នាពេលកន្លងមក FBI បានធ្វើជាដៃគូជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅក្នុងក្របខ័ណ្ឌក្រុមការងារពិសេសមួយ ហើយក្តីសង្ឃឹមរបស់លោកគឺដើម្បីទាញយកអត្ថប្រយោជន៍ពីភាពជោគជ័យនៃការស៊ើបអង្កេតទាំងនោះ ឆ្ពោះទៅរកការបង្ក្រាបទីតាំងឆបោកទាំងនេះ។


ឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Schelble បាននិយាយថា ការប្រយុទ្ធប្រឆាំងនឹងការឆបោកមិនមែនគ្រាន់តែផ្តោតលើទីតាំងរបស់ពួកគេនោះទេ។


លោកលើក​ឡើង​ថា៖ «ខ្ញុំសូមគូសបញ្ជាក់ថា ជាអកុសល វាមិនសាមញ្ញត្រឹមតែជាទីតាំងណាមួយនោះទេ។ នេះគឺជាបញ្ហាកម្រិតតំបន់យ៉ាងពិតប្រាកដ ដែលគ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងតែឯងបានឡើយ។ នៅពេលយើងក្រឡេកមើលអាស៊ីអាគ្នេយ៍ នេះមិនមែនជាបញ្ហារបស់កម្ពុជាទេ នេះមិនមែនជា បញ្ហារបស់វៀតណាម ឬបញ្ហារបស់ថៃនោះទេ។ នេះគឺជាបញ្ហាតំបន់ ហើយវានឹងទាមទារនូវទិដ្ឋភាពនៃភាពជាដៃគូ និងការសម្របសម្រួល ប្រសិនបើយើងចង់ដោះស្រាយវាឱ្យបានត្រឹមត្រូវ។ ហើយនោះហើយជាមូលហេតុដែលភាពជាដៃគូគឺជាគន្លឹះសំខាន់»។


យោងតាមលោក Schelble បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ មជ្ឈមណ្ឌលទទួលពាក្យបណ្តឹងបទល្មើសអ៊ីនធឺណិតរបស់ FBI បានទទួលពាក្យបណ្តឹងជាង ៨០.០០០ករណី ដោយ​ជន​រងគ្រោះ​បាត់​បង់ថវិកាលើសពី ២,៩ពាន់លានដុល្លារអាមេរិក។


លោកបានបន្ថែមថា៖ «ទីតាំងឆបោកមិនមែនមានតែនៅប្រទេសថៃនោះទេ ពួកវាមិនមែនមានតែនៅកម្ពុជា មិនមែនមានតែនៅវៀតណាម ឬម៉ាឡេស៊ីនោះទេ។ ទាំងនេះគឺជាបញ្ហាកម្រិតតំបន់ ហើយក្រុមឧក្រិដ្ឋជនទាំងនេះមិនត្រូវបានចងភ្ជាប់ដោយច្បាប់ ឬព្រំដែនភូមិសាស្ត្រឡើយ ហើយពួកគេធ្វើប្រតិបត្តិការដោយមាននិទ្ទណ្ឌភាពក្នុងកម្រិតមួយ ពីព្រោះពួកគេទាញយកផលប្រយោជន៍ពីច្បាប់រៀងៗខ្លួនរបស់ប្រទេសនីមួយៗ»៕


Post a Comment (0)
Previous Post Next Post